ភ្នំពេញៈ កម្ពុជា​រំពឹង​នឹង​ប្រមូល​ចំណូល​ពន្ធគយ និង​ពន្ធដារ​បាន​ជាង ៤,៥ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០២១ នេះ ខណៈ​កំណើនសេដ្ឋកិច្ច​នឹងមាន​ក្នុង​រង្វង់ ៣ ​ភាគរយ​។ នេះ​បើ​យោងតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ​ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​នៃ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា នា​ថ្ងៃទី​ ២៣ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ជាមួយនឹង​ការបើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ទូលំទូលាយ​ឡើងវិញ​របស់​ប្រទេស​កម្ពុជា ការប្រមូល​ចំណូល​សារពើពន្ធ​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ២០២១ នេះ​នឹងមាន​ចំនួន​ជាង ៤ ៥០០ ​លាន​ដុល្លារ ហើយ​កំណើន​សេដ្ឋកិច្ច​ក៏ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ក្នុង​រង្វង់ ៣ ​ភាគរយ​ផងដែរ​។

លោក​បន្តថា សម្រាប់​ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ មាន​ប្រមាណ ២ ០៥៥ ​លាន​ដុល្លារ ស្មើ ៨៧ ​ភាគរយ​នៃ​ផែនការ​។ បើ​គិត​ពេញ ១ ​ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​អាច​នឹង​រកប្រាក់​ចំណូល​បាន​ជាង ២ ២០០ ​លាន​ដុល្លារ​។ ដោយឡែក​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំនេះ​រកចំណូលបាន ២ ២៤៣ ​លាន​ដុល្លារ ស្មើ ១១៤,១៣ ​ភាគរយ​នៃ​ផែនការ​។

លោក​មានប្រសាសន៍​ថា​៖ «​បើ​គិត​ចំណូល​ទាំង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ យើង​អាចមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៤,៥ ​ពាន់​លាន​ដុល្លារ​»​។ លោក​បន្ថែមថា​៖ «​ក្នុងឆ្នាំនេះ​ផងដែរ តាម​ការរំពឹងទុក​របស់​យើង អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​របស់​យើង​ប្រហែល​ជា​ជុំវិញ ៣ ​ភាគរយ ក្នុងពេល​ដែល​ឆ្នាំទៅ​យើង​ស្ថិតក្នុង​រង្វង់ -៣,១ ​ភាគរយ​»​។

លោក ហ៊ុន សែន លើកឡើង​ទៀតថា ស្ថាប័នគយ​ជា​សេវា​អធិបតេយ្យ និង​ជា​ចំណែក​មួយ​នៃ​ឯករាជភាព​របស់​ប្រទេស ដូច្នេះ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ស្ថាប័ន​មួយ​នេះ​ឱ្យ​រីកចម្រើន គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ចំណូល​របស់​ជាតិ​។ កំណើន​សេដ្ឋកិច្ច​កំពុង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការបង្កើន​ប្រាក់ចំណូល​ពន្ធ​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​លើកឡើង​ថា ជាមួយនឹង​ការខិតខំ​អនុវត្ត​ការងារ​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការប្រមូល​ចំណូល​គយ​ក្នុង​ឆ្នាំ​ ២០២១ នេះ​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ លោក​បន្តថា ឆ្នាំ​ ២០១៩ គឺជា​ចំណុចកំពូល​ដែល​ការប្រមូល​ចំណូល​ពន្ធគយ ដោយ​មាន​ទឹកប្រាក់ ៣ ២១៤ ​លាន​ដុល្លារ​។

លោក​បន្ថែមថា ទោះ​យ៉ាងណា​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​សកល រួមទាំង​សេដ្ឋកិច្ច​កម្ពុជា និង​បានធ្វើឱ្យ​រង្គោះរង្គើ​យ៉ាងខ្លាំង​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម​អន្តរជាតិ​។ កត្តា​នេះ បាន​ធ្វើឱ្យ​ចំណូល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​៕ LA

វីដេអូ៖