ភ្នំពេញៈ រដ្ឋាភិបាល​ចិន​បាន​សម្រេច​អនុញ្ញាត​ឱ្យ​កម្ពុជា​បន្ត​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ខ្លួន​ក្នុង​បរិមាណ ៤០ ​ម៉ឺន​តោន​សម្រាប់​កូតា​នាំចេញ​ឆ្នាំ​ ២០២២ ដែល​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែធ្នូ​ឆ្នាំ​ ២០២១ ​នេះ​តទៅ បន្ទាប់ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​បាន​ឯកភាពគ្នា​តាមរយៈ​កិច្ចប្រជុំ​អនឡាញ​កាលពី​ខែវិច្ឆិកា​កន្លងមក​។ នេះ​បើ​យោងតាម​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ​ថា រដ្ឋាភិបាល​ចិន​បានសម្រេច​បន្ត​ការផ្តល់​កូតា​នាំចេញ​អង្ករ​ដល់​កម្ពុជា ៤០ ​ម៉ឺន​តោន​សម្រាប់​ឆ្នាំ​ ២០២២ បន្ទាប់ពី​កូតា​ឆ្នាំ​ចាស់​ដែលមាន​ចំនួន​ដូចគ្នានេះ​ត្រូវបាន​បញ្ចប់​កាលពីពេល​ថ្មីៗ​នេះ​។

លោក សុវិជាតិ ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​ ២០២០ គឺ​យើង​ទទួលបាន​កូតា​នាំចេញ​ចំនួន ៤០ ​ម៉ឺន​តោន ដែល​គេ​អនុញ្ញាត​ឱ្យ​នាំចេញ​បាន​ក្នុង​រយៈពេល ១៧ ​ខែ​។ ចំណែក​ឆ្នាំ ២០២១ នេះ​ភាគី​ចិន​បាន​យល់ព្រម​ផ្តល់​លទ្ធភាព​ឱ្យ​យើង​ធ្វើការ​នាំចេញ​អង្ករ ៤០ ​ម៉ឺន​តោន​ដូច​ឆ្នាំ​ ២០២០ ដែរ ដោយ​ចាប់​អនុវត្ត​ពី​ខែធ្នូ​នេះ​តទៅ​សម្រាប់​រយៈពេល ១៧ ​ខែ​បន្ទាប់​ទៀត​»​។

បើ​យោងតាម​លោក សុវិជាតិ សម្រាប់​កូតា ៤០ ​ម៉ឺន​តោន​ក្នុង​រយៈពេល ១៧ ​ខែ​នេះ បើ​កម្ពុជា​អាចមាន​លទ្ធភាព​នាំចេញ​ចប់​មុន​ផែនការ​នោះ​ភាគី​ចិន​នឹង​អនុញ្ញាត​ឱ្យ​កូតា​ប្រមាណ ៥០ ​ម៉ឺន​តោន​បន្ថែមទៀត​ ដើម្បី​ធ្វើយ៉ាងណា​ជួយ​ដល់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​បន្ថែមទៀត​ចូល​ទីផ្សារ​ចិន​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Amru Rice(Cambodia) ​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ថ្មី​ដែល​កម្ពុជា​ទទួលបាន​ចំពោះ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន​ដែល​ជា​ទីផ្សារ​ដ៏មាន​សក្តានុពល​។

លោក​ថ្លែងថា​៖ «​យើង​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ដើម្បី​ទទួលបាន​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ថ្មី​ស្រប​ទៅ​តាម​ការប្តេជ្ញាចិត្ត​របស់​ភាគី​ចិន​ក្នុង​ការទិញ​អង្ករ​របស់​កម្ពុជា​។ ការណ៍​នេះ​គឺជា​ដំណឹង​ល្អ​បំផុត​សម្រាប់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​ទំនិញ​ទៅកាន់​ទីផ្សារ​ចិន​»​។

លោក ចាន់ សុឃាំង នាយកប្រតិបត្តិ​ក្រុមហ៊ុន Signature of Asia Co., Ltd  ​ក៏បាន​ប្រាប់ថា ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ប្រទេស​ចិន គឺជា​សមិទ្ធផល​មួយទៀត​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​បានធ្វើការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Green Trade របស់​ក្រសួង​ពាណិជ្ជកម្ម​ក្រោម​ការជួយ​ត្រួសត្រាយ​ផ្លូវ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុងការ​ស្វែងរក​ចំណុច​ខ្វះខាត​ទាំងឡាយ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​អាច​នាំចេញ​អង្ករ​បាន​កាន់តែច្រើន​។

លោក​និយាយថា​៖ «​ក្នុង​ការចុះ MoU មាន​កថាខណ្ឌ​មួយ​បាន​ចែងថា បើ​យើង​សម្រេចបាន​ការនាំចេញ​ចំនួន ៤០ ​ម៉ឺន​តោន គេ​នឹង​ផ្តល់ជូន​បន្តទៀត​នូវ​លទ្ធភាព​នាំចេញ​ចន្លោះ​ពី​ ៤០-៥០ ​ម៉ឺន​តោន​បន្តទៀត​»​។

លោក​ប្រាប់​ទៀត​ថា សម្រាប់​ក្រុមហ៊ុន​លោក​ក្នុង​ឆ្នាំ​ ២០២១ បាន​នាំចេញ​អង្ករ​បាន​ប្រហែល​ ១,៧ ​ម៉ឺន​តោន​។

ទោះយ៉ាងណា លោក សុង សារ៉ន បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន ការសម្របសម្រួល​ទៅលើ​ការទិញ លក់ ដែល​ត្រូវឱ្យ​ភាគី​ចិន និង​កម្ពុជា​ត្រូវធ្វើ​ការជជែក​គ្នា​ ដើម្បី​ឱ្យ​ផែនការ​នៃ​ការនាំចេញ​នេះ​អាច​សម្រេចបាន​ទៅតាម​ផែនការ​កំណត់ ឬ​អាច​មុន​រយៈពេល​ដែល​បានកំណត់​។

លោក​បន្តថា សម្រាប់​ការនាំចេញ​ទៅ​ទីផ្សារ​ចិន​បាន​កើនឡើង​ប្រមាណ​ ១២ ​ភាគរយ​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ ដែល​តំណាងឱ្យ ៥០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។

លោក ប៉ែន សុវិជាតិ បានឱ្យដឹង​ទៀតថា ថ្នាក់ដឹកនាំ​នៃ​ភាគី​ចិន-កម្ពុជា​បាន​ធ្វើការ​ដោះស្រាយ​រួចរាល់​ហើយ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​អ្នក​នាំចេញ​បាន​ជួបប្រទះ​កន្លងមក​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា​ទីផ្សារ​អង្ករ​របស់​យើង​នៅ​ប្រទេស​ចិន គឺ​ទទួលបាន​ការគាំទ្រ​ខ្លាំងណាស់ ទោះបីជា​កន្លងមក​យើង​មាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​ការដឹកជញ្ជូន​ដោយសារ​កង្វះ​ទូ​កុងតឺន័រ ប៉ុន្តែ​តាមរយៈ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ឥឡូវ​បញ្ហា​នានា លែង​ចោទ​ទៀតហើយ​»​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​អង្ករ​សរុប ៥៣២ ១៧៩ ​តោន ថយចុះ ១១,៤៦ ​ភាគរយ​ធៀប​នឹង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៦០១ ០៤៥ ​តោន​។ ប្រាក់​ទទួល​ពី​ការនាំចេញ​អង្ករ​មាន​ចំនួន ៤៥៤ ៤៨០ ៨៦៦ ​ដុល្លារ​៕ LA

វីដេអូ៖