សៀមរាបៈ អាជ្ញាធរ​ខេត្តសៀមរាប​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​ ២០២១-២០២២ ​ខាងមុខ រយៈពេល ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ នៅ​ទីតាំង​សំខាន់ៗ​ចំនួន ២ គឺ​នៅ​សួនច្បារ​ជិត​ព្រះរាជដំណាក់​ក្រុង​សៀមរាប និង​នៅ​សហគមន៍​ព្រៃឈើ​ចង្ក្រានរយ​នៃ​ស្រុក​វារិន្ទ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

លោក លី ប៊ុនរិទ្ធ អភិបាលរង​ខេត្តសៀមរាប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​ថា រដ្ឋបាលខេត្ត​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​ ២០២១-២០២២ ក្នុង​គោលបំណង​ ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ ដោយមាន​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី ការតាំង​ពិព័រណ៍ ការដាក់​តាំង​លក់​សម្ភារ និង​ទំនិញ​ផ្សេងៗ​នៅ​ពីមុខ​សួនច្បារ​ចន្លោះ​ពី​សណ្ឋាគារ​អង្គរ និង​ព្រះរាជដំណាក់ ខណៈ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ក៏​នឹងមាន​ការបាញ់​កាំជ្រួច​ ដើម្បី​កំដរ​បរិយាកាស​នៅពេល​រាត្រី​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ជម្រាបជូន​ថា នៅក្នុង​ខេត្តសៀមរាប ពិសេស​នៅ​ក្រុង​សៀមរាប​នេះ​ឯកឧត្តម អភិបាលខេត្ត និង​អាជ្ញាធរ មូលដ្ឋាន បានរួម​ចំណែក ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​បង្កលក្ខណៈ​សប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពិធី​ចូលឆ្នាំ​សកល ២០២១ និង​ឆ្នាំ​ ២០២២»​។

លោក ប៊ុនរិទ្ធ រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​មកលេង​កម្សាន្ត​ច្រើន ប៉ុន្តែ​សម្រាប់​ទេសចរ​បរទេស​នឹង​មិនមាន​ច្រើន​ទេ បើទោះបី​កម្ពុជា​បើក​ឱ្យ​មាន​ជើងហោះហើរ​ក៏ដោយ ព្រោះ​ភ្ញៀវទេសចរ​បរទេស​នៅមាន​ភាពភ័យខ្លាច​ពី​មេរោគ​កូវីដ​បំប្លែង​ថ្មី «​អូមីក្រុង​»​។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ថ្លែងថា ដើម្បី​បើក​ទំព័រ​ថ្មី​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ កាលពី​ថ្ងៃទី​ ២០ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ ខេត្តសៀមរាប​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ដើម្បី​រួមចំណែក​ក្នុង​ការជួយ​ជំរុញ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្តសៀមរាប​លើ​គ្រប់​វិស័យ​។ លោក​បន្តថា ខេត្តសៀមរាប​បាននិង​កំពុង​រៀបចំ​តុបតែង​លម្អ​ផ្លូវ ដើម្បី​លើកកម្ពស់​សោភណភាព​ក្រុង​ឱ្យ​កាន់តែ​ស្រស់​ត្រកាល ដោយ​បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ និង​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍ ព្រមទាំង​រៀបចំ​តុបតែង​សួន​ស្ពាន ព្រះរាជដំណាក់ ដើម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ ២០២២ ស្របពេល​ផ្លូវ ៣៨ ​ខ្សែ​គ្រោង​នឹង​បញ្ចប់​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក​។

លោក ឌិន សុមេធារិទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​និយាយថា ជា​រឿង​ធម្មតា​ចំពោះ​រាជធានី​ខេត្ត​ដែលជា​គោលដៅ​ទេសចរណ៍​ត្រូវតែ​រៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​អ្វីមួយ ទើប​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅលេង​កម្សាន្ត​។ ចំពោះ​ខេត្តសៀមរាប​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំនេះ គឺជា​ការល្អ​មួយកម្រិត​ទៀត​សម្រាប់​ភ្ញៀវទេសចរ​។ លោក​បន្តថា ការរៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​នេះ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ដើរលេង​កម្សាន្ត​។ នៅពេល​ដែលមាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត ទើប​ធ្វើឱ្យមាន​ចរន្ត​សេដ្ឋកិច្ច​នៅក្នុង​មូលដ្ឋាន​មាន​ដំណើរការ​ល្អ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​យើង​មាន​ស្ត្រេស​ទាក់ទង​នឹង​រឿង​កូវីដ ខណៈ​ឥឡូវ​ស្រុក​យើង​មាន​ភាពធូរស្បើយ ដូច្នេះ​ខ្ញុំ​យល់ថា ម្នាក់ៗ​ចង់​ដើរ ហើយ​បើ​សៀមរាប រៀបចំ​កម្មវិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​សកល​នេះ គឺជា​ពេលវេលា​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​យើង​ដើរ​កម្សាន្ត​»​។

បើតាម​លោក សុមេធារិទ្ធ ការរៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​មាន​តម្រូវការ​លើ​សេវាកម្ម​ទេសចរណ៍​កាន់តែ​កើនឡើង​តាមរយៈ​សេវាកម្ម​ចំណីអាហារ ស្នាក់នៅ និង​កម្សាន្ត ដែល​នឹង​ជះឥទ្ធិពល​ល្អ​សម្រាប់​សេដ្ឋកិច្ច​ទេសចរណ៍​នៅក្នុង​មូលដ្ឋាន​នៅក្នុង​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​នេះ​៕ LA

វីដេអូ៖