ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ លើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (CKFTA) នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ភាគី​ទាំងពីរ ដោយ​នឹង​ផ្តល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ជាមួយ​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា ក្នុងអំឡុងពេល​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ លោក ប៉ាន សូរ​ស័ក្តិ ឱ្យដឹងថា នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​វា​នឹង​ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាច្រើន​ដល់​ប្រទេស​ទាំង ២ ក្នុងនោះ​សម្រាប់​ប្រទេស​កម្ពុជា នឹង​ទទួលបាន​ភាព​វិជ្ជមាន​មួយចំនួន​ដូចជា ការទទួលបាន​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ផ្ទាល់​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េ និង​បរទេស ព្រមទាំង​ការបង្កើត​ការងារ​ថ្មីៗ​ជាដើម​។​

​លោក សូរ​ស័ក្តិ បាន​អះអាងថា​៖«​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ផ្នែក​សេដ្ឋកិច្ច ការអភិវឌ្ឍ សុខុមាលភាព​ប្រជាជន និង​ការផ្សារភ្ជាប់​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​»​។​

​ក្រៅពី​ការពិភាក្សា និង​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ អង្គប្រជុំ​ក៏បាន​ពិនិត្យ​លើ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​សេចក្តីព្រាង​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​ផងដែរ​។

​ជា​លទ្ធផល កិច្ច​ប្រជុំបាន​ឯកភាព និង​គាំទ្រ​ទាំងស្រុង​ទៅលើ​ទម្រង់ និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ទាំងបី​ខាងលើ ដោយ​ពុំមាន​ការកែសម្រួល​បន្ថែ​ម​នោះទេ ដើម្បី​ដាក់ជូន​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​នាពេលខាងមុខ​។​

​លោក សូរ​ស័ក្តិ បានលើកឡើង​ទៀតថា សេចក្តីព្រាងច្បាប់​សំខាន់ៗ​ទាំងបី​ខាងលើ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តម្លាភាព និង​សង្គតិភាព ក្នុង​ក្របខ័ណ្ឌ​គតិយុត្ត​របស់​កម្ពុជា ព្រមទាំង​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា សំដៅ​ចូលរួម​ស្តារ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ បង្កើន​កំណើនសេដ្ឋកិច្ច និង​ផ្តល់នូវ​ប្រយោជន៍​ជា​សារ​វ័​ន្ត​ដល់​សង្គមជាតិ​ទាំងមូល​។​

​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២១ ការនាំ​ទំនិញ​ចេញ​-​ចូល​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង មាន​ទឹកប្រាក់​សរុប ៨៦៩,៧៣​លាន​ដុល្លារ កើនឡើង ៨,៨​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០៕