ភ្នំពេញៈ កម្ពុជាប្រមូលបានប្រាក់ជាង ៧,២ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអាមេរិក នារយៈពេល ១០ខែឆ្នាំ២០២១ កើនឡើងជាង ៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យពីការិយាល័យជំរឿនអាមេរិក។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ការនាំទំនិញពីកម្ពុជាទៅអាមេរិក មានទឹកប្រាក់សរុប ៧ ២២៤លានដុល្លារ កើន ៣០,៩៤ភាគរយបើធៀបនឹងរយៈពេល ១០ខែឆ្នាំ២០២០ ដែលមានចំនួន ៥ ៥១៦,៩លានដុល្លារ។ ជាមួយគ្នានេះកម្ពុជាក៏បាននាំចូលទំនិញពីអាមេរិកក្នុងទឹកប្រាក់ ៣៤៦,៦លានដុល្លារ កើន ២៨,៣៧ភាគរយពីចំនួន ២៧០លានដុល្លារ។
យោងតាមតួលេខខាងលើ ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ រយៈពេល ១០ខែឆ្នាំ២០២១ មានចំនួនសរុប ៧ ៥៧០,៦លានដុល្លារ កើនឡើង ៣០,៨២ភាគរយ ពីចំនួន ៥ ៧៨៦,៩លានដុល្លារ កាលពីរយៈពេល ១០ខែឆ្នាំ២០២០។
សម្រាប់ខែតុលា ឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាទៅអាមេរិកមានទឹកប្រាក់ ១ ០៤៨,២លានដុល្លារ កើនឡើង ៤៩,៣១ភាគរយ ពីចំនួន ៧០២លានដុល្លារកាលពីខែតុលាឆ្នាំ២០២០។
ផលិតផលដែលកម្ពុជានាំទៅទីផ្សារអាមេរិក ភាគច្រើនជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ និងគ្រឿងបង្គុំអគ្គិសនី។ ដោយឡែកផលិតផលដែលអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិក។
បើតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២០ អាមេរិក គឺជាទីផ្សារនាំចេញទំនិញធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយប្រទេសចិន ជប៉ុន ចក្រភពអង់គ្លេស កាណាដា និងប្រទេសកូរ៉េ។
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអាមេរិក ក្នុងឆ្នាំ២០២០ មានតម្លៃសរុប ៦ ៩២១,៣ លានដុល្លារ ឡើង ១៧,៨៩ភាគរយធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ៦ ៥៧៧,៧ លានដុល្លារ កើន ២២,៧៩ ភាគរយ ចំណែកការនាំពីអាមេរិកមកកម្ពុជាមានតម្លៃ ៣៤៣,៦ លានដុល្លារ ធ្លាក់ ៣៣,១៥ ភាគរយពីចំនួន ៥១៤ លានដុល្លារ។ នេះបើតាមការិយាល័យពាណិជ្ជកម្មអាមេរិក៕
វីដេអូ៖