ភ្នំពេញៈ កម្ពុជា​រំពឹងថា ការនាំចេញ ការវិនិយោគ និង​ផលិតផល​ក្នុង​ស្រុក​របស់ខ្លួន​នឹង​មាន​កំណើន​កាន់តែ​ខ្ពស់​បន្ថែមទៀត នៅពេល​ដែល​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (​អាសិប-RCEP) ត្រូវ​ចូល​ជាធរមាន​នៅ​ដើមឆ្នាំ​ ២០២២ ខាងមុខ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​សប្តាហ៍​នេះ​បាន​ឱ្យ​ដឹងថា កិច្ចព្រមព្រៀង RCEP ដែលជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន និង​បានចាប់ផ្តើម​ការចរចា​តាំងពី​ឆ្នាំ​ ២០១២ នៅ​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ តទៅ​។ RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំ​បំផុត​លើ​ពិភពលោក ដែល​មាន​សមាជិក​ចំនួន​ ១៥ ​ប្រទេស​រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន ​៥ គឺ​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​ណូវែលសេឡង់​។

យោងតាម​លទ្ធផល​នៃ​ការសិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) បាន​បង្ហាញថា កម្ពុជា​អាច​នឹងមាន​កំណើន​ប្រចាំឆ្នាំ​ការនាំចេញ​ចំនួន ៧,៣ ​ភាគរយ វិនិយោគ ២៣,៤ ​ភាគរយ និង​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២ ​ភាគរយ លើ​ផលិតផល​ក្នុង​ស្រុក​សរុប​ដែលមាន​នាពេល​បច្ចុប្បន្ន​។

បើតាម​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​នឹង​ទទួល​បាន​ភាពអនុគ្រោះ​ពន្ធ​ពី​កិច្ចព្រមព្រៀង​នេះ​លើ​ទំនិញ​សំខាន់ៗ​ជាច្រើន ដូចជា ទំនិញ​កសិកម្ម ទំនិញ​កសិកម្ម​កែច្នៃ ទំនិញ​ឧស្សាហកម្ម ជាដើម​។

បន្ថែម​លើ​ការទទួល​បាន​អត្ថប្រយោជន៍​ពី​ការនាំចេញ​នេះ កម្ពុជា​ក៏​រំពឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី RCEP លើ​ផ្នែក​ផ្សេងៗ​មួយចំនួន​ទៀត​ដូចជា ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ផ្ទាល់​របស់​បរទេស ព្រមទាំង​បង្កើត​ការងារ​ថ្មីៗ​ផងដែរ​។

លិខិត​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា​៖ «​កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ការនាំចេញ និង​កំណើន​ផលទុន​សរុប​ក្នុងស្រុក ព្រមទាំង​ជួយ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ឆាប់រហ័ស ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ ​ផងដែរ​»​។

កិច្ចព្រមព្រៀង RCEP មាន​គោលបំណង​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម​ និង​វិនិយោគ​បើកចំហ ដើម្បី​សម្រួល​ដល់​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សកលលោក​។ RCEP នឹង​ក្លាយជា​ក្របខ័ណ្ឌ​ស្នូល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់​នាំមក​នូវ​ឱកាស​ទីផ្សារ​ និង​ការងារ សម្រាប់​អាជីវកម្ម​ និង​ប្រជាជន​នៅក្នុង​តំបន់​។

បើតាម​ក្រសួង​ពាណិជ្ជកម្ម RCEP នឹង​គ្របដណ្តប់​លើ​ ១- ប្រជាជន​ប្រមាណ ២,២ ​ពាន់​លាន​នាក់ ឬ​ ៣០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក ២ ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២៦,២ ទ្រីលាន​ដុល្លារ ឬ ៣០ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក និង ៣ ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល​៕