ភ្នំពេញៈ គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៨៣ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២១ ធ្លាក់ចុះ​ជាង ៣០​គម្រោង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច-សង្គម ប្រចាំ​ខែកញ្ញា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា នៅ​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ​ទេ ដោយ​គម្រោង​វិនិយោគ​ឯកជន​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទទួលបាន​ការអនុញ្ញាត​ពី CDC មាន​ចំនួន​សរុប ៨៣ ​គម្រោង ធ្លាក់ចុះ ៣៨ ​គម្រោង​។ គម្រោង​ទាំង ៨៣ មាន​លទ្ធភាព​បង្កើត​ការងារ​ថ្មី​បាន​ប្រមាណ ៦៤ ០០០ ​កន្លែង ធ្លាក់ចុះ ៣៣,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​ទុនវិនិយោគ មាន​ចំនួន ១ ១៣៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៨០,៦ ​ភាគរយ​។

ទោះយ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ ថា ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​ ២០២១ ជាពិសេស​ការសម្រេច​បាន​នូវ​អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់​ដែល​បង្កើតបាន​នូវ​ «​ភាពស៊ាំ​សហគមន៍​» ដ៏រឹងមាំ និង​ការបិទ​បញ្ចប់​ «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១» ក៏ដូចជា​ការបើក​ប្រទេស និង​សកម្មភាព​សង្គម-សេដ្ឋកិច្ច ក្នុង​ស្រុក​ពេញលេញ​ឡើងវិញ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ នេះ​អាច​នឹង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​ប្រមាណ ៣ ​ភាគរយ ដែល​ប្រសើរ​ជាង​ការរំពឹងទុក ក្នុង​អត្រា ២,៤ ​ភាគរយ នៅក្នុង​ការវាយតម្លៃ​ពី​ពាក់កណ្តាល​ឆ្នាំ​។

លោក​បាន​ថ្លែងថា​៖ «​ជាមួយ​នឹង​វឌ្ឍនភាព និង​និន្នាការ​ជា​វិជ្ជមាន​ទាំងនេះ កំណើន​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល​មធ្យម ត្រូវ​បាន​ព្យាករ​ថា នឹង​បន្ត​ងើបឡើង​វិញ​លឿន ដែល​គាំទ្រ​ដោយ​ការរំពឹងទុក​នៃ​ការកើនឡើង​តម្រូវការ​សកល និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស ដោយសារ​ការគ្រប់គ្រង​បាន​ល្អ​នូវ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ការដាក់ឱ្យ​អនុវត្ត​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដែល​នឹង​ពង្រឹង​ឡើងវិញ​នូវ​ចន្ទល់​សេដ្ឋកិច្ច​កម្ពុជា ដែល​រង​ផលប៉ះពាល់​អវិជ្ជមាន​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​អភិវឌ្ឍ​បន្ថែម​នូវ​ចន្ទល់​សេដ្ឋកិច្ច​ថ្មី​ប្រកប​ដោយ​សក្តានុពល ដើម្បី​ពន្លឿន​ការស្តារ និង​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ឱ្យ​វិលត្រឡប់​ទៅ​ស្ថិតនៅលើ​វិថី​នៃ​កំណើន​ជា​សក្តានុពល​របស់ខ្លួន​វិញ​»៕