ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​បានអនុម័ត​គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៨៣ ក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២១ ធ្លាក់ចុះ​ជាង ៣០ ​គម្រោង​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

របាយការណ៍​នៃ​និន្នាការ​សេដ្ឋកិច្ច​សង្គម​បាន​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​ភាពល្អប្រសើរ​ទេ ដោយ​គម្រោង​វិនិយោគឯកជន​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ទទួលបាន​ការអនុញ្ញាត​ពី CDC មាន​ចំនួន ៨៣ ​គម្រោង​ធ្លាក់ចុះ ៣៨ ​គម្រោង​។ គម្រោង​ទាំង ៨៣ មាន​លទ្ធភាព​បង្កើត​ការងារ​បាន​ប្រមាណ ៦៤ ០០០ ​កន្លែង ធ្លាក់ចុះ ៣៣,៥ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ ខណៈ​ទុនវិនិយោគ​មាន ១ ១៣៥ ​លាន​ដុល្លារ ធ្លាក់ ៨០,៦ ​ភាគរយ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ​ថា ការធ្លាក់ចុះ​ចំនួន​គម្រោង​វិនិយោគ​នៅក្នុង​អំឡុងពេល​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ គឺជា​រឿង​ចៀស​មិន​ផុត ព្រោះ​គ្រប់​គម្រោង​វិនិយោគ​មុននឹង​ចាប់ផ្តើម វិនិយោគិន​តែងតែ​ចុះទៅ​សិក្សា​លម្អិត និង​ត្រូវការ​ពិនិត្យ ព្រមទាំង​រៀបចំ​ឯកសារ​ជាច្រើន​ ដើម្បី​ចាប់ផ្តើម​។ ក្តីបារម្ភ​ពី​សុវត្ថិភាព​ពី​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ផែនការ​វិនិយោគ​ភាគច្រើន​ត្រូវ​ថមថយ​សកម្មភាព ឬ​ពន្យារពេល​។

លោក​បន្ថែមទៀតថា បើទោះបី​ការធ្លាក់​ចុះ​នេះ​ជា​ព័ត៌មាន​មិនល្អ ប៉ុន្តែ​អ្វីដែល​គេ​ត្រូវ​ពិនិត្យមើល​នោះ ថា​តើ​គម្រោង​ដែល CDC អនុម័ត​ទាំងអស់នោះ​ភាគច្រើន​ជា​គម្រោង​វិនិយោគ​លើ​វិស័យ​អ្វី​? បើ​ភាគច្រើន​ជា​គម្រោង​វិនិយោគ​ធំៗ ហើយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ និង​មិនមែន​វិស័យ​កាត់ដេរ​នោះ វា​មិនមែន​ជា​សញ្ញា​អាក្រក់​ទេ ព្រោះ​វា​ជា​ការ​ធ្វើ​ពិពិធកម្ម​ថ្មី​មួយទៀត​នៃ​វិស័យ​ផលិតកម្ម​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​បែបនេះ ខ្ញុំ​គិតថា មាន​លក្ខណៈ​ល្អប្រសើរ ព្រោះ​វា​នឹង​ធ្វើឱ្យ​ការផលិត​នៅ​កម្ពុជា​កាន់តែ​មាន​ភាពចម្រុះ មាន​គុណភាព​ស្តង់ដា​កម្រិត​ខ្ពស់ និង​មាន​បច្ចេកទេស​រីកចម្រើន​»​។

សម្រាប់​ឆ្នាំ​ ២០២២ ខាងមុខ លោក​អះអាងថា កំណើន​គម្រោង​វិនិយោគ​ចូលមក​កម្ពុជា​នឹងមាន​សញ្ញា​វិជ្ជមាន​ឡើងវិញ ព្រោះ​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ព្រមទាំង​ការចូល​ជា​ធរមាន​នៃ​ច្បាប់​វិនិយោគ​ថ្មី ក៏ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​នឹងធ្វើ​ឱ្យ​វិនិយោគិន​ជាច្រើន​ចាប់អារម្មណ៍​ក្នុង​ការចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ​ថា ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​ ២០២១ ជាពិសេស​ការសម្រេចបាន​នូវ​អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់​ដែល​បង្កើតបាន​នូវ​ «​ភាពស៊ាំ​សហគមន៍​» ដ៏​រឹងមាំ និង​ការបិទ​បញ្ចប់​ «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» ក៏ដូចជា​ការបើក​ប្រទេស និង​សកម្មភាព​សង្គម​សេដ្ឋកិច្ច ក្នុង​ស្រុក​ពេញលេញ​ឡើងវិញ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ នេះ​អាច​នឹង​សម្រេចបាន​កំណើន​ក្នុង​អត្រា​ប្រមាណ ៣ ​ភាគរយ​ដែល​ប្រសើរ​ជាង​ការរំពឹងទុក​ក្នុង​អត្រា ២,៤ ​ភាគរយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​វឌ្ឍនភាព និង​និន្នាការ​ជា​វិជ្ជមាន​ទាំងនេះ កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​មធ្យម ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​ងើបឡើង​វិញ​លឿន ដែល​គាំទ្រ​ដោយ​ការរំពឹងទុក​នៃ​ការកើនឡើង​តម្រូវការ​សកល និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស ដោយសារ​ការគ្រប់គ្រង​បានល្អ​នូវ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ-១៩ ជាពិសេស​ការដាក់​ឱ្យ​អនុវត្ត​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដែល​នឹង​ពង្រឹង​ឡើងវិញ​នូវ​ចន្ទល់​សេដ្ឋកិច្ចកម្ពុជា ដែល​រង​ផលប៉ះពាល់​អវិជ្ជមាន​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​អភិវឌ្ឍ​បន្ថែម​នូវ​ចន្ទល់​សេដ្ឋកិច្ច​ថ្មី​ប្រកប​ដោយ​សក្តានុពល ដើម្បី​ពន្លឿន​ការស្តារ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​វិលត្រឡប់​ទៅ​ស្ថិត​នៅលើ​វិថី​នៃ​កំណើន​ជា​សក្តានុពល​របស់ខ្លួន​វិញ​»៕