ភ្នំពេញៈ អ្នកជំនាញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​ស្រុក​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​ប្រយោជន៍​ដ៏ច្រើន​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អាសិប-RCEP) ដែល​នឹងត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃ​​ទី​ ១ ខែមករា ឆ្នាំ​ ២០២២​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា កិច្ចព្រមព្រៀង RCEP នេះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន និង​បានចាប់ផ្តើម​ការចរចា​តាំងពី​ឆ្នាំ​ ២០១២​។ កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើឱ្យ​កម្ពុជា​មាន​កំណើន​ប្រចាំឆ្នាំ​សម្រាប់​ការនាំចេញ ៧,៣ ​ភាគរយ វិនិយោគ ២៣,៤ ​ភាគរយ និង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២ ​ភាគរយ​លើ​ផលិតផល​ក្នុងស្រុក​សរុប​ដែលមាន​នាពេល​បច្ចុប្បន្ន​។ ​ក្នុង​នោះដែរ កម្ពុជា​ក៏​នឹង​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ពី​កិច្ចព្រមព្រៀង​នេះ​លើ​ទំនិញ​ជាច្រើន ដូចជា ទំនិញ​កសិកម្ម​, កសិកម្ម​កែច្នៃ ទំនិញ​ឧស្សាហកម្ម ជាដើម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កាន់តែ​ច្រើន​កាន់តែ​ល្អ ហើយ​នៅ​ឆ្នាំ​ក្រោយនេះ ក្រៅពី RCEP ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន មួយទៀត​ដែល​ត្រូវ​ចូល​ជា​ធរមាន​ដែរ​។ លោក​បន្តថា កិច្ចព្រមព្រៀង​ទាំងអស់នេះ គឺជា​ឈ្នាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ហើយ​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ទាំងនេះ​ឱ្យ​បានជា​អតិបរមា​។

បែបនេះ​ក្តី លោក​បញ្ជាក់ថា ដោយសារ RCEP ជា​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់ ដូច្នេះ​កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ ជាពិសេស​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ដែល​នាំចេញ​ផលិតផល​កសិកម្ម ដូចជា​វៀតណាម និង​ថៃ​។

លោក​និយាយថា​៖ «​កសិកម្ម គឺជា​ទំនិញ​សំខាន់ និង​ចាំបាច់ ដែល​យើង​ទទួលបាន​ភាព​អនុគ្រោះ​ក្នុង​កិច្ចព្រមព្រៀង RCEP ដូចនេះ​ក្រៅពី​ការនាំចេញ​វត្ថុ​ធាតុ​ដើម​កសិកម្ម​ហើយ យើង​ក៏ត្រូវ​ចេះ​កែច្នៃ​វត្ថុធាតុដើម ដែល​យើង​មាន​ផងដែរ​»​។

លោក គី សេរីវឌ្ឍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើកឡើង​ថា RCEP នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​បាន​គ្រប់​មុខទំនិញ​ទៅ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន ៥ ​ទៀត​។

លោក​បន្ថែមថា​៖ «​ដើម្បី​ជំរុញ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​មាន​កំណើន គឺ​ត្រូវ​ជំរុញ​ផលិតកម្ម ដោយ​ផ្អែកលើ​កត្តា​ចំនួន​ ៤ គឺ​ការទប់ស្កាត់​ការរីកដុះដាល​នៃ​ទីផ្សារ​អចលនទ្រព្យ​ (​មនុស្ស​មួយចំនួនធំ​ដែលមាន​លុយ​ឈប់​វិនិយោគ​លើ​កសិកម្ម បែរជា​វិនិយោគ​លើ​អចលនទ្រព្យ​), ត្រូវ​បណ្តុះបណ្តាល​កម្មករ​ជំនាញ​ឱ្យបាន​ច្រើន​, ត្រូវ​លើកកម្ពស់​វិស័យ​ផលិត បច្ចេកទេស និង​ការប្រើប្រាស់​គ្រឿង​គីមី​, និង​កាត់បន្ថយ​ការប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​វិស័យ​ពន្ធដារ ដើម្បី​បង្កើតឱ្យមាន​ភាពស្មើគ្នា​នៅក្នុង​ការប្រកួតប្រជែង​»​។

ក្រៅពី​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ពី​កិច្ចព្រមព្រៀង​នេះ​លើ​ទំនិញ​សំខាន់ៗ​ហើយ​នោះ​កម្ពុជា​ក៏​រំពឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ពី RCEP លើ​ផ្នែក​ផ្សេងៗ​មួយចំនួន​ទៀត​ដូចជា ការផ្ទេរ​បច្ចេកវិទ្យា​, ចំណេះដឹង​, ចំណេះធ្វើ​, និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ព្រមទាំង​បង្កើត​ការងារ​ដែល​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ការនាំចេញ និង​កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​ជួយ​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ឱ្យបាន​ឆាប់រហ័ស​។

សូមជម្រាប​ថា RCEP មាន​គោលបំណង​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម និង​វិនិយោគ​បើកចំហ ដើម្បី​សម្រួល​ដល់​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សកលលោក​។

RCEP នឹង​ក្លាយជា​ក្របខ័ណ្ឌ​ស្នូល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​ខ្សែចង្វាក់​តម្លៃ​តំបន់​នាំមក​នូវ​ឱកាស​ទីផ្សារ និង​ការងារ​សម្រាប់​អាជីវកម្ម និង​ប្រជាជន​ក្នុង​តំបន់ ដោយ​នឹង​គ្របដណ្តប់​លើ​ប្រជាជន​ប្រមាណ ២,២ ពាន់​លាន​នាក់ ឬ ៣០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​, ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦,២ ទ្រីលាន​ដុល្លារ ឬ ៣០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​, និង​ទំហំ​ពាណិជ្ជកម្ម ២៨ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​៕ LA