ភ្នំពេញៈ Agribee(Cambodia) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកកសិកម្មដែលជួយសម្រួលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម។ តាមរយៈថ្នាលបច្ចេកវិទ្យាដែលខ្លួនកំពុងអភិវឌ្ឍ (BeeApp) Agribee នឹងជួយសម្រួលដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មតាមរយៈការផ្ដល់នូវការសម្របសម្រួលដើមទុន បច្ចេកទេសកសិកម្ម ទីផ្សារលក់កសិផល និងសេវាគាំទ្រផ្សេងៗទៀតដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពរបស់ពួកគេឱ្យកាន់តែប្រសើរ ដើម្បីធ្វើឱ្យវិស័យកសិកម្មកម្ពុជារីកចម្រើន។
លោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចកាសែតភ្នំពេញប៉ុស្តិ៍ បានជួបសម្ភាសលោក ម៉ាក ចំរើន ប្រធាន Agribee (Cambodia) ដើម្បីចង់ដឹងអំពីអ្វីដែល Agribee កំពុងធ្វើ និងការរួមចំណែកកែលម្អខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា។
កសិករគឺជាតួអង្គដែលងាយរងគ្រោះបំផុតនៅក្នុងវិស័យនេះ ខណៈបញ្ហាទីផ្សារគឺជាឧបសគ្គដ៏សំខាន់។ តើក្រុមហ៊ុនលោកអាចដោះស្រាយបញ្ហានោះដោយរបៀបណា?
យើងចាត់ថ្នាក់កសិករងាយរងគ្រោះជា ៣ ដំណាក់កាល៖
១-ដំណាក់កាលផ្តល់មូលនិធិ៖ កសិករត្រូវបានគេស្គាល់ថា ជាក្រុមងាយទទួលរងគ្រោះក្នុងការទទួលបានហិរញ្ញប្បទានមានការប្រាក់ខ្ពស់ ហើយត្រូវចាត់ទុកថា «ជាការផ្តល់ហិរញ្ញប្បទានមានហានិភ័យខ្ពស់» ដោយសារកត្តាជាច្រើនដូចជា ការគោរពវិន័យមានកម្រិតទាប និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៃរបៀបប្រើប្រាស់មូលនិធិនៅកម្រិតទាប។ កសិករភាគច្រើនបានទទួលហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុជាសាច់ប្រាក់។ នៅពេលមនុស្សបានទទួលកម្ចីជាសាច់ប្រាក់ (ទាំងក្នុងគណនីធនាគារ ឬជាសាច់ប្រាក់ផ្ទាល់) ពួកគេអាចប្រើប្រាស់ដោយសេរីសម្រាប់គោលបំណងណាមួយប្រាសចាកពីកិច្ចព្រមព្រៀងប្រាក់កម្ចីរបស់ពួកគេ។ បន្ទាប់ពីបទពិសោធជាមួយកសិករចំនួន ៥ ០០០ នាក់នៅក្នុងខេត្តចំនួន ១៤ យើងបានកត់សម្គាល់ឃើញថា កសិករភាគច្រើន (៨០ ភាគរយ) បានទិញផលិតផលកសិកម្ម «ទិញជឿ» ដែលមានន័យថា ពួកគេបានយកធាតុចូលកសិផលពីហាងធាតុចូលកសិកម្ម ដោយមានតម្លៃកាន់តែខ្ពស់ ហើយសងទៅវិញនៅពេលប្រមូលផល។ បន្ទាប់មកតម្លៃកម្ចីនឹងកើនពី ៣-៥ ភាគរយ នៅក្នុង ១ ខែ ខណៈពួកគេនៅតែជំពាក់ស្ថាប័នហិរញ្ញវត្ថុពី ១,៥ ភាគរយទៅ ២,៥ ភាគរយដដែល។ ជាដំណោះស្រាយ Agribee នឹងផ្តល់នូវដំណោះស្រាយការទូទាត់តាមឌីជីថល ដែលកសិករមិនអាចដកប្រាក់បាន និងអាចមានសក្តានុពលក្នុងការប្រើប្រាស់មូលនិធិខុស។
២- ដំណាក់កាលមុនប្រមូលផល ឬដំណាក់កាលដាំដុះ៖ យើងគាំទ្រកសិករឱ្យទទួលបានតម្លៃកាន់តែទាប គុណភាពកាន់តែខ្ពស់ និងមានការបញ្ជាក់អំពីទិន្នផលកសិកម្មនៅ (BeeShop) ជាហាងទិន្នផលកសិកម្មចំនួន ៣៥០ របស់យើងតាមរយៈថា្នល BeeApps។ នៅក្នុងចំណុចនេះយើងក៏បានធ្វើការជាមួយក្រុមហ៊ុន Cros Insurance Albo (ក្រុមហ៊ុនធានារ៉ាប់រងដំណាំមូលដ្ឋានរបស់អាមេរិកកាលពីឆ្នាំ ២០២០ និងជាមួយក្រុមហ៊ុន Forte សម្រាប់ឆ្នាំ ២០២២) ដើម្បីការពារកសិករពីគ្រោះធម្មជាតិ។ ឧទាហរណ៍ បើដំណាំកសិកម្មរងផលប៉ះពាល់ដោយសារទឹកជំនន់ ឬគ្រោះរាំងស្ងួតនោះក្រុមហ៊ុនធានារ៉ាប់រងនឹងទទួលរ៉ាប់រងការចំណាយសម្រាប់កសិករ ហើយថែមទាំងការពារប្រាក់កម្ចីដែលផ្តល់មូលនិធិពី MFI ផងដែរ។ កសិករអាចទទួលបានការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសកសិកម្មពីភាគីពាក់ព័ន្ធសំខាន់ៗរបស់ Agribee ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្មជាដើម។
៣-ដំណាក់កាលក្រោយការប្រមូលផល៖ Agribee បានរៀបចំការត្រៀមខ្លួនផ្នែកទីផ្សារសម្រាប់កសិករ។ ពួកគេអាចចុះហត្ថលេខាលើកិច្ចសន្យាតម្លៃថេរ (ការធ្វើកសិកម្មតាមកិច្ចសន្យា) មុនពេលការដាំដុះ ឬពួកគេអាចលក់ទៅក្រុមហ៊ុន Crops Trader របស់ Agribee តាមរយៈ BeeApps នៅលើតម្លៃទីផ្សារ។ ប្រាក់កម្ចីនឹងត្រូវបានទូទាត់តាមរយៈ BeeApps នៅពេលដែលពួកគេលក់ដំណាំកសិកម្ម និងទទួលបានការទូទាត់ពី Crops Trader។
ក្នុងអំឡុងពេលវិបត្តិសុខភាពវិស័យកសិកម្មទទួលកំណើនគួរឱ្យកត់សម្គាល់ ប៉ុន្តែយើងនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារតែផលិតផលយើងភាគច្រើនត្រូវបាននាំចេញជាវត្ថុធាតុដើម។ តើលោកមើលឃើញឧបសគ្គអ្វីខ្លះទាក់ទងនឹងការទាក់ទាញការវិនិយោគបន្ថែមទៀតក្នុងឧស្សាហកម្មកែច្នៃ?
មានឧបសគ្គតិចតួចដែលយើងអាចឮជាទូទៅពីក្រុមអ្នកជំនាញដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ (ឡូជីស្ទីក ប្រព័ន្ធធារាសាស្ត្រ ការសម្ងួត និងការស្តុកទុក ការកែច្នៃ) និងការផ្តល់មូលនិធិ។
ទោះយ៉ាងណាក៏ដោយ តាមទស្សនៈរបស់ Agribee បញ្ហាប្រឈមបំផុតគឺការផ្តាច់ទំនាក់ទំនងរបស់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម។ កសិករមិនអាចទទួលបានហិរញ្ញប្បទានដោយងាយស្រួលទេ គ្រឹះស្ថានហិរញ្ញវត្ថុមិនអាចផ្តល់មូលនិធិដល់អតិថិជនរបស់ពួកគេបានទេ ដោយសារខ្វះទិន្នន័យភាពត្រឹមត្រូវនៃឥណទាន។ល។
Agribee គឺជាថ្នាលគ្រប់គ្រងខ្សែចង្វាក់តម្លៃកសិកម្មជាក់ស្ដែង ហើយក៏ជាថ្នាលទូទាត់សម្រាប់ខ្សែចង្វាក់តម្លៃកសិកម្មផងដែរដែលអាចជួយសម្រួលពួកគាត់បាន។
តើផែនការរបស់ Agribee សម្រាប់ឆ្នាំ ២០២២ គឺជាអ្វី?
ចក្ខុវិស័យរបស់ Agribee គឺដើម្បីគាំទ្រផលិតកម្មស្រូវអង្ករប្រកបដោយនិរន្តរភាព (SRP) ហើយនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវការនាំចេញអង្ករ ១ លានតោនទៅកាន់ទីផ្សារក្រៅប្រទេស។ យើងកំណត់គោលដៅលើកសិករ ១០០ ០០០ នាក់ ហាង BeeShop ចំនួន ៣ ០០០ ក្រុមហ៊ុន BeeDepo ចំនួន ៣០០ ម៉ាស៊ីនកិនស្រូវ ១០០ Crop Traders ១០០ នាក់ អ្នកផ្គត់ផ្គង់កសិកម្ម ២០ នាក់ ពាណិជ្ជករស្រូវអង្ករ ១០ នាក់ និងយ៉ាងហោចណាស់ស្ថាប័នហិរញ្ញវត្ថុចំនួន ១០ លើខ្សែចង្វាក់តម្លៃរបស់ AgriBee ឬប្រព័ន្ធអេកូឡូស៊ី៕ LA