ភ្នំពេញៈ ក្រសួងទេសចរណ៍មានផែនការរៀបចំខេត្តសៀមរាប ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចក្នុងពេលឆាប់ៗ បន្ទាប់ពីវិស័យទេសចរណ៍ក្នុងខេត្តនេះទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលជំងឺកូវីដ ១៩ នារយៈពេលជិត ២ ឆ្នាំមកនេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក សុង តុងហាប់ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ បានដឹកនាំកិច្ចប្រជុំមួយដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាឱ្យដឹងថា កិច្ចសហការជាមួយអន្តរក្រសួងលើការងារគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញចលនាទេសចរណ៍នៅតំបន់អង្គរឡើងវិញ។ លោកបានបន្តថា ក្នុងការរៀបចំ និងគ្រប់គ្រងតំបន់អង្គរដើម្បីត្រៀមទទួលទេសចរចាក់វ៉ាក់សាំងនេះ អាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនរួចជាស្រេច តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរពិសេសមុខប្រាសាទអង្គរវត្ត។
លោកថ្លែងថា៖ «ក្រុមការងារអាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងប្រាសាទមួយចំនួនឱ្យក្លាយជាទីកន្លែងដែលមានភាពបៃតងព្រោងព្រាត ដោយមានការដាំកូនឈើ និងមានផលិតផលទេសចរណ៍ថ្មីៗដូចជា សួនដាំរុក្ខជាតិចម្រុះដ៏ច្រើន និងផ្លូវសម្រាប់ជិះកង់ ជាដើម»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី និយាយថា ដោយសារកម្ពុជាប្រកាសបើកទេសចរណ៍ក្នុងស្រុកឡើងវិញ ក៏ដូចជាប្រកាសបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចចំពេលដែលមេរោគកូវីដ ១៩ បំប្លែងថ្មី អូមីក្រុងផ្ទុះឡើង ដូចនេះការត្រៀមទទួល និងដោះស្រាយបញ្ហា គឺជាការចាំបាច់។
លោកលើកឡើងថា៖ «នៅក្នុងករណីកម្ពុជាទប់ស្កាត់បញ្ហានេះបាន កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើនជាងប្រទេសជិតខាង ព្រោះយើងត្រៀមខ្លួនរួចជាស្រេច ហើយខាងវិស័យឯកជននឹងគោរពតាមគោលនយោបាយ ព្រមទាំងពិគ្រោះយោបល់បន្ថែមជាមួយស្ថាប័នរដ្ឋ ដើម្បីត្រៀមលក្ខណៈរៀបចំទទួលភ្ញៀវទេសចរមកវិញ»។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ថា ការតភ្ជាប់ជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបទៅកាន់ប្រទេសផ្សេងៗ បច្ចុប្បន្នគឺមានត្រឹមតែជាមួយនឹងប្រទេសសិង្ហបុរីមួយប៉ុណ្ណោះ៕ LA