ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា និង​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា បោះផ្សាយ​លក់​មូលបត្រ និង​ចុះបញ្ជី​មូលបត្រ​នៅ​ផ្សារមូលបត្រ​កម្ពុជា ដើម្បី​ទទួលបាន​ជម្រើស​ហិរញ្ញប្បទាន​ថ្មី និង​មាន​រយៈពេល​វែង ការលើក​ទឹកចិត្ត​ពន្ធ និរន្តរភាព​អាជីវកម្ម​ជាមួយ​នឹង​អភិបាលកិច្ច​សាជីវកម្ម និង​ការគ្រប់គ្រង​ដែល​រឹងមាំ​ជាង​មុន​។

នៅក្នុង​សិក្ខាសាលា​ស្តីពី​ «​ជម្រើស​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» ​នា​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២១ លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា​ (​ន.ម.ក.) បាន​លើកឡើងថា សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ​បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​នឹង​ជំនាញ ចំណេះដឹង បច្ចេកទេស ការបំពេញ​កាតព្វកិច្ច​ស្របច្បាប់ ការប្រកួតប្រជែង​ជាមួយ​សហគ្រាស​បរទេស ពិសេស​កង្វះខាត​ដើមទុន​។ លោក​បាន​បន្ថែមថា ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា និយតករ​មូលបត្រ​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ ដើម្បី​អនុញ្ញាតឱ្យ SME បោះផ្សាយ​លក់​មូលបត្រ និង​ចុះបញ្ជី​មូលបត្រ​ជា​សាធារណៈ នៅលើ​ទីផ្សារ​កំណើន​នៃ​ផ្សារមូលបត្រ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការបោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​លើសលប់​ដល់ SME មានដូចជា​ការពង្រឹង​កេរ្តិ៍ឈ្មោះ ការកាត់បន្ថយ​ចំណាយ​លើ​ហិរញ្ញប្បទាន​បើទោះបី​តាមរយៈ​ការខ្ចី​ពី​ធនាគារ​ក៏ដោយ ហើយ​ថែមទាំង​ពង្រឹង​អភិបាលកិច្ច​ល្អ ការអនុវត្ត​ដែល​អនុលោម​តាមច្បាប់ មាន​ការលើក​ទឹកចិត្ត​ពន្ធ និង​ជួយ​ឱ្យ​ក្រុមហ៊ុន​ដំណើរការ​ប្រកប​ដោយ​តម្លាភាព និង​យូរអង្វែង​»​។

លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា ការបង្កើន​ទុន​តាមរយៈ​ទីផ្សារ​មូលធន គឺជា​ជម្រើស​ដ៏ល្អ ដើម្បី​រៀបចំខ្លួន​ទៅជា​ក្រុមហ៊ុន​ស្តង់ដា​មួយ​ដែលមាន​អភិបាលកិច្ច​ល្អ និង​តម្លាភាព ទោះបីជា​វា​មានតម្លៃ​ក្នុង​ការធ្វើ​វា​ក៏ដោយ​។ លោក​បាន​បន្តថា បន្ទាប់ពី​បាន​សិក្សា​ពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន​នៅលើ​ផ្សារមូលបត្រ លោក​ក៏​សម្រេចចិត្ត​ចុះបញ្ជី​ក្រុមហ៊ុន Telcotech ដែលជា​ក្រុមហ៊ុន​ ១ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​របស់ Royal Group ដោយ​បាន​បោះផ្សាយ​មូលបត្រ​បំណុល ២០ ​លាន​ដុល្លារ ជាមួយ​នឹង​ការធានា​ពី Credit Guarantee and Investment Facility (CGIF) ក្នុង​អត្រា​បណ្ណ ៤,៥ ​ភាគរយ ក្នុង ១ ​ឆ្នាំ ហើយ​មាន​កាលកំណត់ ៥ ​ឆ្នាំ​។

លោក​បន្ថែមទៀតថា​៖ «​នៅក្នុងនាម​សភាពាណិជ្ជកម្ម​កម្ពុជា ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​ឱ្យ​ពិចារណា​ប្រមូល​ទុន​តាមរយៈ​ទីផ្សារ​មូលធន ទោះជា​មាន​ឧបសគ្គ​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​មែន ប៉ុន្តែ​សូមកុំ​បារម្ភ ព្រោះ​យើង​មាន​និយតករ​មូលបត្រ​គាំទ្រ​ខ្លាំង​លើ​ការងារ​នេះ ហើយ​ទីផ្សារ​មូលធន​គឺជា​កន្លែង​ដ៏ល្អ​មួយ​សម្រាប់​ដាក់​ប្រាក់​របស់​អ្នក ជាពិសេស​ការវិនិយោគ​រយៈពេល​វែង​»​។

កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អ៊ិនធើ ឡូជីស្ទិក​ (​ខេមបូឌា) ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បាន​ទិញយក​ភាគហ៊ុន​ចំនួន ៤៥,០៩ ​ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP) ​ផងដែរ ដើម្បី​ក្លាយជា​ភាគហ៊ុន​ដែលមាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ច្រើន​លើសលប់​។

បើតាម អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា ទីផ្សារ​ថ្មី​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម ឬ​មាន​ឈ្មោះថា​ «​ទីផ្សារ​កំណើន​» ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បន្ថែម​នូវ​ជម្រើស​ហិរញ្ញប្បទាន​មួយទៀត​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ទាំងនោះ ដែលមាន​ផលរបរ​សរុប​ប្រចាំឆ្នាំ​លើសពី​ ១០ ​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន ១,៣ ​លាន​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ ២ ​ដែល​បាន​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅលើ​ផ្សារ​កំណើន​នេះ គឺ​ក្រុមហ៊ុន​សំណង់ DBD Engineering និង​ក្រុមហ៊ុន Telcotech​។

ដើម្បី​អាច​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​បាន និយតករ​មូលបត្រ​កម្ពុជា​តម្រូវឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងនោះ​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចជា ត្រូវមាន​ប្រវត្តិ​ប្រតិបត្តិការ​អាជីវកម្ម​យ៉ាង​តិច ១ ​ឆ្នាំ នៃ​កំណត់ត្រា​អាជីវកម្ម​, មូលធន​ភាគហ៊ុនិក​យ៉ាងតិច ២ ​ពាន់​លាន​រៀល​ (៥០ ​ម៉ឺន​ដុល្លារ​), ប្រាក់ចំណេញ​សុទ្ធ​មិនមាន​ការខាតបង់​សម្រាប់​ឆ្នាំសារពើពន្ធ​ចុងក្រោយ ឬ​មាន​លំហូរ​សាច់ប្រាក់​ពី​ប្រតិបត្តិការ​អាជីវកម្ម​វិជ្ជមាន ជាមួយនឹង​ចំណេញ​ដុល​យ៉ាងតិច​ ១០ ​ភាគរយ​៕