ភ្នំពេញៈ កម្ពុជានឹងចាប់ផ្តើមជំរុញការនាំចេញអង្ករឡើងវិញទៅទីផ្សារអឺរ៉ុបចាប់ពីខែមករាឆ្នាំក្រោយ បន្ទាប់ពីវិធានការការពារដោយគណៈកម្មការអឺរ៉ុបនឹងបិទបញ្ចប់ត្រឹមថ្ងៃទី ១៨ មករា ខាងមុខ។
កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ គណៈកម្មការអឺរ៉ុបបានហូតពន្ធនាំចូលរយៈពេល ៣ ឆ្នាំ លើអង្ករដែលនាំចេញពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាតាមរយៈការអនុវត្តវិធានការការពារដោយសារតែការកើនឡើងការនាំចូលអង្ករប្រភេទ Indica ពីប្រទេសទាំង ២ បានប៉ះពាល់ដល់សេដ្ឋកិច្ចបណ្ដាប្រទេសផលិតអង្ករនៅសហភាពអឺរ៉ុប។
ជាមួយនឹងវិធានការការពារនេះតម្រូវឱ្យកម្ពុជាត្រូវបង់ពន្ធនាំចូលចំនួន ១៧៥ អឺរ៉ូក្នុង ១ តោន នៅឆ្នាំដំបូង,១៥០ អឺរ៉ូក្នុង ១ តោននៅឆ្នាំទី ២ និងចំនួន ១២៥ អឺរ៉ូក្នុង ១ តោន នៅឆ្នាំទី ៣។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិធានការការពារនេះនឹងបញ្ចប់នៅត្រឹមពាក់កណ្តាលខែមករា ឆ្នាំ ២០២២ ដែលនឹងក្លាយជាការត្រួសត្រាយផ្លូវសម្រាប់ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបជាធម្មតាឡើងវិញ។
លោកអះអាងថា៖ «យើងនឹងឃើញការនាំចេញអង្កររបស់យើងទៅសហភាពអឺរ៉ុបកាន់តែច្រើននៅឆ្នាំក្រោយ ខណៈរយៈពេល ៣ ឆ្នាំនៃវិធានការការពារនឹងត្រូវបញ្ចប់ពេលឆាប់ៗ»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយថា វិធានការការពារអង្ករនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២។
លោកបានថ្លែងថា៖ «កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីក្របខ័ណ្ឌអនុគ្រោះពាណិជ្ជកម្មស្ថិតក្រោមផែនការទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដើម្បីប្រកួតប្រជែងនៅទីផ្សារសហភាពអឺរ៉ុប។ អង្ករកម្ពុជាមិនស្ថិតនៅក្នុងបញ្ជីនៃការដក EBA មួយផ្នែកនោះទេ វាមានន័យថា កម្ពុជានឹងទទួលបានពន្ធសូន្យចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២។ ខ្ញុំក៏បានឃើញតម្រូវការកុម្មង់ទិញអង្ករពីកម្ពុជាយើងកាន់តែច្រើនពីបណ្តាប្រទេសសហភាពអឺរ៉ុបក្នុងរយៈពេលជាច្រើនសប្ដាហ៍ថ្មីៗនេះ»។
នាយកក្រុមហ៊ុននាំចេញអង្ករ Signature of Asia Co., Ltd លោក ចាន់ សុខឃាំង បានឱ្យដឹងថា ចាប់តាំងពីសហភាពអឺរ៉ុបដាក់វិធានការការពារមកបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជាប្រមាណ ៧០ ភាគរយ។
លោកលើកឡើងថា៖ «វាជាដំណឹងល្អសម្រាប់វិស័យស្រូវអង្ករកម្ពុជា។ វានឹងបើកទំព័រថ្មីសម្រាប់អង្ករសែនក្រអូប និងអង្ករផ្កាម្លិះកម្ពុជាអាចចូលទីផ្សារអឺរ៉ុបសាជាថ្មី»។ លោកបន្តថា ក្នុងខែនេះ លោកទទួលបានការបញ្ជាទិញពីដៃគូចាស់ៗពីអឺរ៉ុបជាច្រើន»។
យោងតាមលោក សារ៉ន មុនឆ្នាំ ២០១៦ ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបបានគ្របដណ្តប់ពី ៦០ ទៅ ៦៥ ភាគរយនៃការនាំចេញសរុប ហើយចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ការនាំចេញមានប្រមាណត្រឹម ៤៣ ភាគរយ។ បន្ទាប់ពីវិធានការការពារត្រូវបានធ្វើឡើង ការនាំចេញអង្ករ-កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបមានប្រហែលតែ ៣០ ភាគរយប៉ុណ្ណោះនៃការនាំចេញសរុប។
លោកបានបន្តថា ភាគច្រើននៃប្រភេទអង្ករដែលធ្លាក់ចុះ គឺអង្ករស ដែលតម្លៃមិនអាចប្រកួតប្រជែងបាន ដោយមានតែអង្ករក្រអូប និងអង្ករសរីរាង្គប៉ុណ្ណោះដែលអាចប្រកួតប្រជែងបាន។ ការធ្លាក់ចុះអង្ករស បានកើតឡើងមុនពេលមានវិធានការការពារត្រូវបានធ្វើចាប់ពីឆ្នាំ ២០១៧ ហើយប្រភេទអង្ករទាំងនេះកម្ពុជាមិនអាចប្រកួតប្រជែងជាមួយប្រទេសឥណ្ឌា វៀតណាម និងប៉ាគីស្ថាន បានឡើយ។ ខណៈបច្ចុប្បន្ន អង្ករសនៅទីផ្សារអន្តរជាតិមានតម្លៃប្រហែល ៣៨០ ដុល្លារ អង្ករសកម្ពុជាមានតម្លៃប្រហែល ៤៧០ ទៅ ៥០០ ដុល្លារក្នុង ១ តោន។
លោកបញ្ជាក់ថា៖ «ការរំពឹងទុកចាប់ពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ អង្ករក្រអូបកាន់តែច្រើនដូចជា អង្ករសែនក្រអូប និងផ្កាម្លិះ រំដួល ដែលផលិតពីអង្ករផ្ការំដួល នឹងនាំចេញកាន់តែច្រើនឡើងជាមួយតម្លៃប្រកួតប្រជែងនៅទីផ្សារអឺរ៉ុប»។
ទោះយ៉ាងណា លោកបារម្ភថា បញ្ហាប្រឈមសំខាន់ៗភាគច្រើន គឺបណ្តាលមកពីការដឹកជញ្ជូនតាមសមុទ្រ ពិសេសកង្វះទូកុងតឺន័រ និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់៕ LA