
សកម្មភាពក្រុមកម្មករពិនិត្យមើលចង្វាក់ផលិតកម្មផលិតនំស្រួយ លីលី។ ហេង ជីវ័ន
ភ្នំពេញៈ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌពហុភាគីតំបន់ និងទ្វេភាគី ដែលកម្ពុជាសម្រេចបាន គឺជាការបើកទីផ្សារថ្មីសម្រាប់ជំរុញការនាំចេញផលិតផលរបស់សមាជិកខ្លួនដោយតែងតែជួបបញ្ហាកង្វះទីផ្សារ។
បញ្ហានេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុនផលិតនំស្រួយ លីលី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា លោកស្រីបានដឹកនាំសមាជិកមួយចំនួនទៅជួបមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មដោយបានលើកឡើងនូវបញ្ហាធំៗចំនួន ៣ រួមមាន ការបើកច្រកទីផ្សារ, ឱកាសទទួលបានហិរញ្ញប្បទាន និងការបណ្តុះបណ្តាលជំនាញឌីជីថល ដើម្បីស្នើដល់ក្រសួងឱ្យជួយដោះស្រាយ។ លោកស្រីបានបន្ថែមថា ក្នុងចំណោមបញ្ហាធំៗទាំង ៣ បញ្ហាទីផ្សារ គឺចម្បងជាងគេ ដែលសមាជិកសហគ្រិនស្ត្រីនៅទូទាំងប្រទេសកំពុងជួប និងត្រូវការដំណោះស្រាយឱ្យបានទាន់ពេលវេលា។
លោកស្រីអះអាងថា៖ «អ្នកផលិតនៅក្នុងស្រុកយើង គឺផលិតបានច្រើន ប៉ុន្តែការលក់ចែកចាយមិនបានទូលំទូលាយ ដូចនេះយើងត្រូវការជំនួយពីក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យជួយផ្សព្វផ្សាយ និងជួយរៀបចំទីផ្សារ។ មួយវិញទៀត នៅពេលថ្លៃដើមផលិតខ្ពស់ ហើយផលិតផលផលិតបានមកមិនសូវមានទីផ្សារនោះ នឹងកាន់តែធ្វើឱ្យសហគ្រិនស្ត្រីពិបាកក្នុងការប្រកួតប្រជែងកាន់តែខ្លាំង»។
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានបន្តថា កន្លងមកផលិតផលរបស់សហគ្រិនស្ត្រី ដែលផលិតបានមានតែទីផ្សារនៅក្នុងស្រុក ហើយថែមទាំងចង្អៀតទៀត ដូចនេះលោកស្រីរំពឹងថា ក្រសួងពាណិជ្ជកម្មនឹងបន្តលើកទឹកចិត្តដល់សហគ្រិនស្ត្រី តាមរយៈការជួយរកទីផ្សារ ការជួយបណ្តុះបណ្តាលលើផ្នែកជំនាញឌីជីថល ព្រមទាំងការជួយសម្របសម្រួល ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានផ្សេងៗផងដែរ។
លោកស្រី តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កន្លងមកក្រសួងបានគាំទ្រយ៉ាងខ្លាំងដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំច្បាប់ និងបទប្បញ្ញត្តិថ្មីៗ និងការបើកច្រកទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌពហុភាគី តំបន់ និងទ្វេភាគី។
លោកស្រីបន្ថែមថា ក្រសួងបាន និងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធ ជាពិសេសស្ត្រីក្នុងវិស័យធុរកិច្ច និងកំពុងខិតខំជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
បើតាមប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានគម្រោងរៀបចំជាផ្សារប្រមូលផ្តុំមួយសម្រាប់ផលិតផលខ្មែរសុទ្ធ ជាពិសេសផលិតផលដែលមានម្ចាស់សហគ្រាសជាស្ត្រីដើម្បីជួយរៀបចំការផ្សព្វផ្សយផលិតផលខ្មែរទាំងនោះបន្ថែមទៀត ដោយបច្ចុប្បន្នកំពុងសិក្សាពីទីតាំង និងថវិកា ក្នុងការសាងសង់ផ្សារនេះ៕ LA