ភ្នំពេញៈ ខេត្ត​ព្រះសីហនុ​បានទទួល​អ្នកដំណើរ​អន្តរជាតិ​ក្នុង​រង្វង់ ១ ៥០០ ​នាក់ គិត​ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ​ ២០២១ គឺ​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ គ្រប់​ដូស និង​ការបន្ធូរបន្ថយ​ការធ្វើ​ចត្តាឡីស័ក​។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ​ថា ចាប់តាំងពី​ក្រោយ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួចមក ខេត្ត​ព្រះសីហនុ បានទទួល​ជើងហោះហើរ​ពី​ក្រៅប្រទេស​ដែលមាន​ដូចជា ចិន ឥណ្ឌូនេស៊ី និង​ប្រទេស​ផ្សេងៗ​ទៀត​បែប​លក្ខណៈ Charter Flight (​ការហោះហើរ​ដោយ​យន្តហោះ​ជួល​) តែ​មិនមែន​ហោះហើរ​លក្ខណៈ Regular Flight (​ហោះហើរ​តាម​កាលវិភាគ​) ​នោះ​ទេ​។

លោក​ថ្លែងថា​៖ «​គិតពី​ដើមខែ​ធ្នូ​មកទល់​ពេលនេះ ជើងហោះហើរ​ដែល​បាន​ដឹក​អ្នកដំណើរ​អន្តរជាតិ ទាំង​អ្នកទេសចរ និង​អ្នកវិនិយោគ​មាន​ប្រមាណ​ជាង ១ ៥០០ ​នាក់ ដោយមាន​ជនជាតិ​ចម្រុះ​ដូចជា ចិន សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម អាមេរិក និង​មាន​មកពី​តំបន់​អឺរ៉ុប​ផងដែរ​»​។

អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បាន​និយាយថា ថ្វី​ដ្បិត​កម្ពុជា​បាន​បើកចំហ​ការហោះហើរ​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​ការហោះហើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​នៅមាន​ចំនួន​តិចតួច​បំផុត​។

លោក​បន្ថែមថា ភាគច្រើន​នៃ​ការកើនឡើង​ជើងហោះហើរ គឺ​នៅ​ភ្នំពេញ ដោយឡែក​សម្រាប់​ខេត្ត​ព្រះសីហនុ មិនមាន​ការ​កើន​ខ្លាំង​ទេ ហើយ​ភាគច្រើន​ជា​ជើងហោះហើរ​មកពី​ប្រទេស​ចិន​។ ប៉ុន្តែ​បន្ទាប់ពី​ប្រទេស​ចិន​ចាប់ផ្តើម​រឹតបន្តឹង​ឡើងវិញ​ចំពោះ​ការចេញ-ចូល​ប្រទេស ការហោះហើរ​ទៅ​ខេត្ត​ព្រះសីហនុ ក៏​កាន់តែ​ថយចុះ​ថែមទៀត​។

លោក​ប្រាប់ថា​៖ «​សម្រាប់​ខេត្ត​ព្រះសីហនុ ការហោះហើរ​ទិសដៅ​ចិន​មក​កម្ពុជា គឺមាន​ច្រើនជាង​ទិសដៅ​ផ្សេងទៀត ដែលមាន​ប្រមាណ​ពី​ ៨០-៩០ ​ភាគរយ ដូចនេះ​បើ​ចិន​នៅតែ​បន្ត​រឹតបន្តឹង​នោះ​ការហោះហើរ​ទៅកាន់​ខេត្ត​នេះ​ក៏​មិនទាន់​ច្រើន​ដែរ​»​។

បើតាម​លោក ចាន់សេរីវុត្ថា សម្រាប់​ខេត្ត​ព្រះសីហនុ កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ មាន​ជើងហោះហើរ​អន្តរជាតិ​លក្ខណៈ Charter Flight (​ការហោះហើរ​ដោយ​យន្តហោះ​ជួល​) មាន​ត្រឹម ២០ ​ជើង និង​ការហោះហើរ​ក្នុងស្រុក​មាន​ប្រមាណ​ជាង​ ២០ ​ជើង ដោយមាន​ភ្ញៀវ​សរុប​ជាង ៣០០ ​នាក់​។

លោក​អះអាងថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​អូមីក្រុង បាន​បង្កក្តី​បារម្ភ​ជាថ្មី​ដល់​គ្រប់​ប្រទេស​ទាំងអស់ ដោយ​ក្នុងនោះ​ប្រទេស​ថៃ បាន​រឹតបន្តឹង​វិធានការ​ចត្តាឡីស័ក​ឡើងវិញ និង​បាន​កាត់បន្ថយ​ជើងហោះហើរ​ពី​ទីក្រុង​បាងកក មកកាន់​រាជធានី​ភ្នំពេញ​ប្រមាណ ២០ ​ភាគរយ ខណៈ​សិង្ហបុរី​មាន​ការរឹតបន្តឹង​ដែរ ប៉ុន្តែ​មិនបាន​បន្ថយ​ជើងហោះហើរ​ទេ​៕ LA