ភ្នំពេញៈ កម្ពុជា​បានផ្តល់​លិខិត​បញ្ជាក់​ឱ្យ​នាំចេញ-នាំចូល ត្បូងពេជ្រ​មិនទាន់​កែច្នៃ និង​សល់​ពី​ការកែច្នៃ​ក្នុង​ទឹកប្រាក់​សរុប ២៤ ​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២១ ថយ​ជិត​ពាក់កណ្តាល​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តល់​លិខិត​អនុញ្ញាត​ឱ្យ​នាំចូល​-​នាំចេញ ត្បូង​ពេជ្រ​មិនទាន់​កែច្នៃ និង​សល់​ពី​ការកែច្នៃ សរុប ៣៦ ​ច្បាប់ ស្មើនឹង​ទឹកប្រាក់ ២៤ ​លាន​ដុល្លារ ធ្លាក់ចុះ​ប្រមាណ ៤៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់​សរុប ៤៣,៧ ​លាន​ដុល្លារ និង​មាន​ចំនួន​លិខិតអនុញ្ញាត​សរុប ៤៥ ​ច្បាប់​។

បើតាម​ក្រសួង​ពាណិជ្ជកម្ម សម្រាប់​ឆ្នាំ​ ២០២១ លិខិត​អនុញ្ញាត​ឱ្យ​នាំចូល​ត្បូង​ពេជ្រ​មិនទាន់​កែច្នៃ និង​សល់​ពី​ការកែច្នៃ​មាន​ចំនួន ១៥ ​ច្បាប់ ស្មើ​ទឹកប្រាក់ ១៥ ​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០២០ មាន​ចំនួន ២៣ ​ច្បាប់ និង​ទឹកប្រាក់ ២៣,៩ ​លាន​ដុល្លារ​។ ចំណែក​លិខិត​នាំចេញ​ក្នុង​ឆ្នាំ​ ២០២១ មាន​ ២១ ​ច្បាប់ ស្មើនឹង​ទឹកប្រាក់ ៩ ​លាន​ដុល្លារ រីឯ​ឆ្នាំ​ ២០២០ ​មាន​លិខិត ២២ ​ច្បាប់ និង​ទឹកប្រាក់​ ១៩,៨២ ​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៨ ខែធ្នូ​ថា ការធ្លាក់ចុះ​ចំនួន​ប្រាក់​នាំចូល-នាំចេញ ត្បូងពេជ្រ​ក្នុង​ឆ្នាំ​ ២០២១ គឺ​បណ្តាលមកពី​ស្ថានភាព​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ព្រោះ​ក្នុងអំឡុង​ពេលនេះ​ប្រទេស​កម្ពុជា​មិនបាន​រៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​គ្រឿងអលង្ការ និង​ត្បូងពេជ្រ ដូច​បណ្តា​ឆ្នាំ​នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ទេ​។ លោក​បន្តថា ម្យ៉ាងទៀត​ដោយសារ​ក្នុងឆ្នាំនេះ មិនមាន​ការរៀបចំ​ពិធីបុណ្យ ឬ​រៀប​អាពាហ៍ពិពាហ៍​ច្រើន ដូច្នេះ​តម្រូវការ​ប្រើប្រាស់​គ្រឿងអលង្ការ​ក៏ធ្លាក់​ចុះ​ទៅតាម​នោះដែរ​។

លោក​និយាយថា​៖ «​ការធ្លាក់ចុះ​នេះ​ជា​រឿង​ធម្មតា ព្រោះ​ក្នុង​បរិបទ​នៃ​ការរីករាលដាល​កូវីដ​ ១៩ គ្រប់គ្នា​សុទ្ធតែ​ផ្តោត​ទៅ​លើ​បញ្ហា​សុខភាព និង​ស្បៀងអាហារ ខណៈ​ការប្រើ​គ្រឿងត្បូងពេជ្រ ដើម្បី​ចូលរួម​កម្មវិធី​ផ្សេងៗ​ក៏​មិនសូវមាន​ដែរ​»​។

ទោះបី​យ៉ាងណា​ចំនួន​ទឹកប្រាក់​នាំចូល-នាំចេញ នឹង​កើនឡើង​វិញ​នៅពេល​សេដ្ឋកិច្ច និង​សកម្មភាព​ធ្វើដំណើរ​នៅតាម​ប្រទេស​នីមួយៗ​ត្រូវបាន​បើកទូលាយ​ឡើងវិញ​។

លោក លឹម ហេង បញ្ជាក់ថា​៖ «​កំណើន​នៃ​ការនាំ​ចូល និង​នាំចេញ​នឹង​កើនឡើង​ចាប់ពី​ឆ្នាំ​ ២០២២ តទៅ ខណៈ​ក្រៅពី​នាំចូល​ដើម្បី​ប្រើប្រាស់​ក្នុងស្រុក នៅ​កម្ពុជា​ក៏​សម្បូរ​កន្លែង​កែច្នៃ គ្រឿងអលង្ការ និង​ត្បូងពេជ្រ សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា តាមរយៈ​ស្ថានភាព​ប្រទេស​កម្ពុជា​ពេលនេះ លោក​គិតថា ទឹកប្រាក់​នៃ​ការនាំ​ចូល​-​នាំចេញ​ត្បូង​ពេជ្រ នឹង​កើន​ឡើងវិញ​ជា​លំដាប់​ពី​ពេលនេះ​តទៅ ព្រោះ​ការប្រកាស​បើក​ឱ្យមាន​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍ និង​បុណ្យ​ផ្សេងៗ​នឹង​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់ និង​កែច្នៃ​គ្រឿង​ត្បូងពេជ្រ កើនឡើង​។ កំណើន​ការនាំចេញ​គ្រឿង​ត្បូងពេជ្រ នឹង​អាចជួយ​បង្កើន​ការងារ​ផងដែរ​។

លោក​អះអាងថា​៖ «​ដោយសារ​ត្បូងពេជ្រ គឺជា​គ្រឿង​លម្អ ហេតុនេះ​នៅពេល​សេដ្ឋកិច្ច​ដំណើរការ​ល្អ និង​មាន​ការរៀបចំ​ពិធី​ផ្សេងៗ​ច្រើន ការនាំ​ចូល-នាំចេញ​នឹង​កើនឡើង​»​។

ក្រសួងពាណិជ្ជកម្ម កន្លងមក​ធ្លាប់បាន​ឱ្យដឹងថា ប្រទេស​ថៃ សិង្ហបុរី វៀតណាម បែលហ្ស៊ិក ជប៉ុន អ៊ីតាលី និង​ប្រទេស​ចិន គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​កម្ពុជា​។ ដោយឡែក​ថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និង​ហុងកុង គឺជា​ទីផ្សារ​នាំចូល​ធំជាងគេ​របស់​កម្ពុជា​៕ LA