ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ប្រមាណ ១១៣ ​លាន​ដុល្លារ កើន ៩៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​កំណើន​នេះ​ត្រូវបាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់ថា ជា​សញ្ញា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ឥណ្ឌា ស្របពេល​ប្រទេស​ទាំង ២ កំពុង​ចរចា​ ដើម្បី​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ឥណ្ឌា​។

ស្ថិតិ​ពី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ឥណ្ឌា មាន​ទឹកប្រាក់​សរុប ២៧៤,២ ​លាន​ដុល្លារ កើនឡើង ៥៧,២៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១៧៤,៣៥ ​លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ឥណ្ឌា​មាន​ទឹកប្រាក់ ១១៣,៨៧ ​លាន​ដុល្លារ កើនឡើង ៩៩,១៦ ​ភាគរយ​ពី​ចំនួន ៥៧,១៧ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ឥណ្ឌា​មក​កម្ពុជា​វិញ​មាន​ទឹកប្រាក់ ១៦០,៣២ ​លាន​ដុល្លារ កើន ៣៦,៨២ ​ភាគរយ​ពី​ចំនួន ១១៧,១៧ ​លាន​ដុល្លារ​។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​មាន​ការកើនឡើង​ច្រើន​បើ​មើល​ជា​ភាគរយ ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នៅមានកម្រិត​ទាប​នៅឡើយ ព្រោះ​ទឹកប្រាក់​គ្រា​ដើម​ទាប ដោយ​កើន​ពី​ជាង ៥៧ ​លាន​ដុល្លារ​ទៅ ជាង ១១៣ ​លាន​ដុល្លារ ឯ​ការនាំ​ចេញទៅ​ជប៉ុន​ក្ដី កាណាដា​ក្ដី ភាគរយ​ទាប​ទេ តែមាន​ចំនួន​ទឹកប្រាក់​ច្រើន​។

លោក​ថ្លែងថា​៖ «​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌា ជា​សញ្ញា​ល្អ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា-ឥណ្ឌា តែបើ​ប្រៀបធៀប​ជាមួយ​ទំហំ​ទីផ្សារ ការនាំចេញ​របស់​កម្ពុជា​ត្រូវ​រំពឹងថា នឹង​កើនឡើង​ថែមទៀត​នៅ​ឆ្នាំ​ខាងមុខ​»​។

លោក​បន្ថែមថា កន្លងទៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្កើត​ក្រុមការងារ​ចរចា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយនឹង​ប្រទេស​មួយចំនួន​មានដូចជា ចិន​, កូរ៉េ​, អង់គ្លេស​, អាមេរិក​, ជប៉ុន​, ឥណ្ឌា​, ម៉ុងហ្គោលី និង​អឺរ៉ាស៊ី ជាដើម តែ​លទ្ធផល​នៃ​ការចរចា​មិនបាន​ដូចគ្នា​ទាំងអស់​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី យើង​បានបញ្ចប់​ជាមួយ ចិន និង​កូរ៉េ ហើយ​ជាមួយ​ប្រទេស​ផ្សេងទៀត​កំពុង​បន្ត​ចរចា​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ឥណ្ឌា នឹង​អាច​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ក្នុងពេល​ឆាប់ៗ​នេះ ដែល​នឹងធ្វើ​ឱ្យមាន​ទីផ្សារ​កាន់តែ​ធំ​រវាង​កម្ពុជា និង​ប្រទេស​ឥណ្ឌា​។

លោក​បន្ថែមទៀតថា មាន​ក្រុមហ៊ុន​ឥណ្ឌា ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ដែរ ដោយបាន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ ដោយ​រួមមាន​ដូចជា កសិកម្ម ឱសថ បរិក្ខារ​ពេទ្យ និង​ការនាំចូល​ឧបករណ៍​បច្ចេកវិទ្យា​។ ដោយឡែក​កម្ពុជា​នាំចេញ​ទៅ​ឥណ្ឌា​វិញ​រួមមាន ផលិតផល​កសិកម្ម សម្ភារ​វាយនភណ្ឌ​កាត់ដេរ និង​កាបូប​ជាដើម​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​សង្ឃឹមថា​ក្រោយ​អនុវត្ត​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ និង​ចិន និង​មាន EBA, GSP ជាដើម​នោះ​វា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ឥណ្ឌា មក​វិនិយោគ​កាន់តែច្រើន និង​អាច​នាំចេញ​ផងដែរ​»​។

ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ មានតម្លៃ​សរុប ៣៧ ៣៤៦ ​លានដុល្លារ កើនឡើង ២៨ ​ភាគរយ ក្នុងនោះ​ការនាំចេញ​មាន​ទឹកប្រាក់ ១៤ ២៨៦ ​លាន​ដុល្លារ ថយចុះ​ ២ ​ភាគរយ ខណៈ​ការនាំចូល​សម្រេច​បាន ២៣ ០៦០ ​លាន​ដុល្លារ កើន ៥៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​៕ LA