ភ្នំពេញៈ បន្ទប់​ស្នាក់នៅ​ចំនួន​ជាង ៨០ ​ភាគរយ​ត្រូវបាន​ភ្ញៀវ​កក់​រហូតមក​ដល់ពេលនេះ​សម្រាប់​ពិធីបុណ្យ​ឆ្លងឆ្នាំ​សកល​នា​ចុងសប្តាហ៍ ដែល​នេះ​ជា​អត្រា​នៃ​ការកក់​បន្ទប់​ស្នាក់​នៅតាម​បណ្តា​ខេត្ត​មាន​សក្តានុពល​ទេសចរណ៍​ដូចជា សៀមរាប កែប កំពត និង​មណ្ឌលគិរី ខណៈ​ខេត្ត​គោលដៅ​មួយចំនួន​ទៀត ក៏មាន​អត្រា​នៃ​ការកក់​ខ្ពស់​ផងដែរ​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បានឱ្យ​ដឹង​ក្នុង​របាយការណ៍​កាលពី​ថ្ងៃទី​ ២៧ ​ខែធ្នូ​ថា បណ្តា​រដ្ឋបាល​រាជធានី​ខេត្ត បាននិង​កំពុង​រៀបចំ​តុបតែង​លម្អ​ទីក្រុង និង​ទីប្រជុំជន ដើម្បី​ត្រៀម​ទទួល​ឆ្នាំ​ថ្មី និង​ទាក់ទាញ​ភ្ញៀវទេសចរ ព្រមជាមួយ​ការរៀបចំ​ពិធី​រាប់​ថយក្រោយ (Countdown) នៅតាម​ទីតាំង​សំខាន់ៗ​មួយចំនួន​។

ជាមួយ​គ្នា​នេះ លោក​បាន​បន្ត​ក្រើនរំឭក​ដល់​ប្រតិបត្តិករ​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ឱ្យ​ចូលរួម​អនុវត្ត​ឱ្យបាន​ហ្មត់ចត់​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ជាយថាហេតុ​ណាមួយ ពិសេស​នាឱកាស​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​ខាងមុខ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ីណុល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ​ថា រហូតមកដល់​ពេលនេះ​នៅ​ខេត្តកំពត មាន​ការកក់​បន្ទប់​ស្នាក់​នៅតាម​បាងហ្គាឡូ រមណីយដ្ឋាន និង​បន្ទប់​សណ្ឋាគារ​ធំៗ​ប្រមាណ ៨០ ​ភាគរយ​ហើយ​សម្រាប់​ការសម្រាក​លម្ហែ​នៅ​អំឡុង​បុណ្យ​ឆ្នាំ​សកល​ខាងមុខ​។

លោក​បន្តថា ដោយឡែក​សម្រាប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​តូចៗ​មាន​នៅសល់​ទំនេរ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តកំពត​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា សម្រាប់​ខេត្ត​ព្រះសីហនុ បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៣, ៤, ៥ និង​កន្លែង​ស្នាក់​នៅតាម​កោះ​ត្រូវបាន​ភ្ញៀវ​កក់​អស់ហើយ​សម្រាប់​ពិធីបុណ្យ​ឆ្លងឆ្នាំ​សកល នៅឡើយ​តែ​សណ្ឋាគារ និង​ផ្ទះសំណាក់​តូចៗ​ប៉ុណ្ណោះ​។

លោក​ប្រាប់ថា​៖ «​ភ្ញៀវ​ដែល​កក់​ក៏មាន​ភ្ញៀវ​បរទេស​ខ្លះ​ដែរ ប៉ុន្តែ​ពួកគេ​ទាំងនោះ គឺជា​ទេសចរ​ផ្ទៃក្នុង​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ទទួលស្គាល់ថា សម្រាប់​ពិធីបុណ្យ​ឆ្លងឆ្នាំ​សកល​ខាងមុខ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​បាន​ចាប់អារម្មណ៍ និង​មាន​ផែនការ​ចេញ​ដើរលេង​កម្សាន្ត​ច្រើន​។

លោកស្រី​ថ្លែងថា​៖ «​តាម​ខ្ញុំ​ដឹង​ខេត្ត​ដែលជា​គោលដៅ​ទេសចរណ៍​នៅ​ប៉ែក​សមុទ្រ​កក់​ពេញ​អស់ហើយ ចំណែក​ប៉ែក​ឦសាន​ក៏​ពេញ​ដែរ​។ និយាយ​ទៅ​កន្លែង​ដែលមាន​សេវាកម្ម​ល្អៗ​ហ្នឹង គឺ​ពេញ​អស់ហើយ​»​។

បើតាម​លោកស្រី ឆាយ ស៊ីវលីន នៅពេល​មាន​ការកក់​បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ និង​រមណីយដ្ឋាន​ច្រើន​បែបនេះ វា​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។

បើតាម​លោក ថោង ខុន នៅ​រយៈពេល​ ២ ​ថ្ងៃ ចុងសប្តាហ៍​កន្លងទៅ​ (​ថ្ងៃទី​ ២៥-២៦ ខែធ្នូ ឆ្នាំ​ ២០២១) មាន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត តាម​រមណីយដ្ឋាន​នានា​សរុប​២៥៣ ៦២១ ​នាក់​ក្នុងនោះ​ភ្ញៀវ​ជាតិ ២៤២ ៩៨៦ ​នាក់ និង​ភ្ញៀវបរទេស​ផ្ទៃក្នុង ១០ ៦៣៥ ​នាក់ កើនឡើង ២៤,៧ ​ភាគរយ​បើ​ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​៕ LA

វីដេអូ៖