ភ្នំពេញៈ ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា និង​ធុរជន​បាន​លើកឡើងថា ការដឹកជញ្ជូន​ទំនិញ​កម្ពុជា ទៅកាន់​ប្រទេស​ចិន មិនទាន់មាន​ការកកស្ទះ ឬ​ខូចខាត​ដោយសារ​តែ​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​ចិន​នោះទេ ខណៈ​ប្រទេស​ជិតខាង​កម្ពុជា​កំពុង​កកស្ទះ​ទំនិញ ដែល​នាំឱ្យ​ខូចខាត​អស់​ជាច្រើន​។

កាលពី​សប្តាហ៍​មុន​អាជ្ញាធរ​ប្រទេស​ចិន​បាន​បិទខ្ទប់​ទីក្រុង​មួយចំនួន​ដោយសារ​តែ​ការផ្ទុះ​ការរីករាលដាល​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា និង​ប្រភេទ​អូមីក្រុង​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ ថា ការនាំ​ទំនិញ​ទៅកាន់​ប្រទេស​ចិន ជាពិសេស​ទំនិញ​កសិកម្ម​ពី​ប្រទេស​មួយចំនួន​មាន​ការខូចខាត​ច្រើន ព្រោះតែ​ការកកស្ទះ​ខ្លាំង​នៅតាម​ព្រំដែន​ប្រទេស​ចិន ដោយសារ​តែមាន​ការដាក់​ចេញ​វិធានការ​តឹងរ៉ឹង​របស់​ប្រទេស​នេះ បន្ទាប់ពី​មានការ​រកឃើញ​វត្តមាន​ជំងឺ​កូវីដ​ ១៩ ជា​បន្តបន្ទាប់​។

លោក​បាន​បន្តថា​៖ «​សម្រាប់​កម្ពុជា​នៅតែ​មាន​ការនាំចេញ​ទៅជា​រឿយៗ ដោយ​មិនមាន​ការកកស្ទះ​ខូចខាត​ផលិតផល​ច្រើន​នោះទេ គ្រាន់តែ​មុននឹង​នាំចេញ​ត្រូវមាន​ការត្រួតពិនិត្យ​ហ្មត់ចត់ និង​មាន​ការរឹតត្បិត​ជាង​មុន ពិសេស​ចំពោះ​ការវេចខ្ចប់​ទំនិញ​កសិកម្ម ត្រូវតែមាន​លក្ខណៈ​ប្រយ័ត្ន​ខ្ពស់​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ត្រូពិកខេម ដែល​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ប្រទេស​ចិន​បាន​ឱ្យ​ដឹងថា ការនាំចេញ​ផលិតផល​កសិកម្ម​របស់​ក្រុមហ៊ុន​លោក​មិនមាន​បញ្ហា​ទេ ដោយសារ​ទំនិញ​ក្រុមហ៊ុន​នាំចេញ​តាម​កំពង់ផែ រីឯ​ទំនិញ​ដែល​កកស្ទះ​នៅតាម​ព្រំដែន​ប្រទេស​ចិន ភាគច្រើន​នាំចេញ​ទៅតាម​ប្រទេស​វៀតណាម​។

លោក​បាន​បន្ថែមថា ប្រទេស​ចិន​បានចេញ​វិធានការ​យ៉ាង​តឹងរ៉ឹង​ក្នុង​យុទ្ធនាការ​កូវីដ​សូន្យ​របស់ខ្លួន ដោយសារ​តែ​កន្លងទៅ​ចិន​ធ្លាប់បាន​រកឃើញ​មាន​វីរុស​កូវីដ​ ១៩ នៅលើ​សម្បក​កេស​ដែល​បាន​វេចខ្ចប់​ទំនិញ​តាម​ច្រកព្រំដែន​ក្បែរ​ប្រទេស​ម៉ុងហ្គោលី​។

លោក​ប្រាប់ថា​៖ «​ចិន​អនុវត្ត​វិធានការ​នេះ មិនជា​បញ្ហា​នោះទេ ព្រោះ​គេ​ត្រូវការ​ការពារ​សុខុមាលភាព​របស់​ប្រជាជន​គេ​ដែរ ដូចនេះ​មុននឹង​នាំចេញ យើង​ជា​ក្រុមហ៊ុន​នាំចេញ​ត្រូវតែ​អនុវត្ត​ឱ្យបាន​នូវ​លក្ខខណ្ឌ​តម្រូវ​របស់​ប្រទេស​គេ​»​។

លោក​បញ្ជាក់ថា​៖ «​ជាទូទៅ​លក្ខខណ្ឌ​តម្រូវ​នៅក្នុង​ពិធីសារ នាំ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅកាន់​ប្រទេស​ចិន គឺ​យើង​ត្រូវធ្វើ​យ៉ាងណា​អនុវត្ត​ឱ្យបាន​នូវ​អនាម័យ និង​ភូតគាម​អនាម័យ ហើយ​ក្នុងអំឡុងពេល​កូវីដ​នេះ គឺ​ភាគី​ចិន​គេ​តម្រូវ​ឱ្យ​យើង​បាញ់ថ្នាំ​ការពារ​កូវីដ​ ១៩ នៅលើ​ទូ​កុងតឺន័រ និង​សម្បកកេស​វេចខ្ចប់ ដូចនេះ​យើង​ត្រូវតែ​ចំណាយ​បន្ថែម​លើ​បញ្ហា​នេះ ដើម្បី​ធានា​កុំ​ឱ្យមាន​មេរោគ​នៅលើ​ទំនិញ​របស់​យើង​»​។

ចំពោះ​តម្លៃ​នៃ​ការដឹកជញ្ជូន​ក្នុង​តំបន់​វិញ ត្រូវបាន​ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ឱ្យ​ដឹងថា ហាក់​មាន​ភាពប្រសើរ​ជាមុន​ខ្លះៗ​ហើយ ខណៈ​ការដឹកជញ្ជូន​ឆ្លង​ទ្វីប​ទៅកាន់​តំបន់​អឺរ៉ុប និង​អាមេរិក​នៅតែមាន​តម្លៃ​ខ្ពស់​ដដែល​។

ដោយឡែក​ការដឹកជញ្ជូន​ក្នុងស្រុក​វិញ​នៅមាន​តម្លៃ​ថេរ​សមរម្យ​ដដែល បើទោះបី​តម្លៃ​ប្រេងឥន្ធនៈ​មានការ​ឡើងថ្លៃ​ក៏ដោយ​។ លោក ស៊ិន ចន្ធី បាន​បញ្ជាក់ថា ការបន្ត​រក្សា​តម្លៃ​ដឹកជញ្ជូន​ក្នុងស្រុក​នេះ ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ដឹកជញ្ជូន​ល្អប្រសើរ​ឡើងវិញ ក្រោយ​ការប្រកាស​បើក​សេដ្ឋកិច្ច​ឡើងវិញ​របស់​រាជរដ្ឋាភិបាល​។

កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ប្រទេស​ចិន​បាន​រាយការណ៍​ពី​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ថ្មី​ខ្ពស់បំផុត​នៅក្នុង​រយៈពេល ៤ ​ខែ​ចុងក្រោយ​នេះ ខណៈ​ក្រុមមន្ត្រី​កំពុង​ដុតដៃ​ដុតជើង​ដាក់ចេញ​វិធានការ​ទប់ស្កាត់​នានា​រួមទាំង​ការបិទ​ខ្ទប់​ក្រុង​ដែលមាន​ប្រជាជន​រាប់លាន​។ ការដាក់ចេញ​វិធានការ​ទាំងអស់​នោះ​ក៏បង្ក​ឱ្យមាន​បញ្ហា​កកស្ទះ​ខ្លាំង​ផងដែរ​ចំពោះ​ការដឹកជញ្ជូន​ទំនិញ ពិសេស​ការដឹកជញ្ជូន​តាមផ្លូវ​គោក​៕ LA