មន្ទីរពេទ្យ​ព្រះកុសមៈ​បាន​អនុវត្ត​​ឌីជីថលូបនីយកម្ម​ ក្នុង​អំឡុង​ពេល​កូវីដ១៩ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​គ្រូពេទ្យ​ជួរ​មុខ​នៅ​ពេល​ព្យាបាល​អ្នកជំងឺ ដោយ​បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ មិត្តហ្វូន ដើម្បី​ដាក់​ពង្រាយ​ប្រព័ន្ធ PACs នៅ​ក្នុង​មន្ទីរពេទ្យ។ កិច្ច​សហប្រតិបត្តិការ​នេះ ក៏​រួម​បញ្ចូល​ទាំង​ដំណើរការ​នៃ​ការ​អនុវត្ត ការ​បណ្ដុះ​បណ្ដាល​វេជ្ជបណ្ឌិត និង​ការ​គាំទ្រ​បច្ចេកទេស​ផងដែរ។

ក្នុង​យុគសម័យ​ជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា មន្ទីរពេទ្យ​និងគ្លីនិក​នានា​កំពុង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​​ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ប្រព័ន្ធ​ IT របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សុខាភិបាល ដូច្នេះ ការ​អភិវឌ្ឍ​ប្រព័ន្ធ​រក្សា​ទុក​និង​បញ្ជូន​ទិន្នន័យ គឺជា​ការ​ចាំបាច់។ PACs គឺ​ជា​ប្រព័ន្ធ​រក្សា​ទុក​និង​បញ្ជូន​រូបភាព (Picture Archiving Communication System) ដែល​ផ្ដួចផ្ដើម​ឡើង​នៅក្រោម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​ផ្ដល់​សេវាកម្ម​ឌីជីថល​សម្រាប់​វិស័យ​សុខាភិបាល និង​ផ្ដល់​ដល់​ប្រទេស​ទាំងមូល​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ឌីជីថល​ឈាន​មុខ​គេ។

យោងតាម​ក្រុមហ៊ុន​ មិត្តហ្វូន ប្រព័ន្ធ PACs នេះត្រូវ​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​ព្រះកុសមៈ កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​កែ​លម្អ​បច្ចេក​វិទ្យា​ថ្មី​សម្រាប់​បម្រើ​ការងារ​ស្កែន​រូបភាព​វេជ្ជសាស្ត្រ​នៅ​កម្ពុជា។ ការ​ប្រើប្រាស់​ប្រព័ន្ធ​ PACs នាំ​មក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​មន្ទីរពេទ្យ​និង​គ្លីនិក ការ​គាំទ្រ​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​អ្នក​ជំងឺ និង​សម្រាប់​គណៈគ្រប់គ្រង​(នាយកដ្ឋាន​មន្ទីរពេទ្យ, គ្លីនិក) ដូចជា​សម្រាប់៖

- ការ​សន្សំ​សំចៃ​ចំណាយ ៖ ប្រព័ន្ធ PACs ជំនួស​គ្រឿង​សម្ភារ​គ្រប់គ្រង​ដែល​ផ្អែក​លើ​ការ​បោះពុម្ព ដោយ​កាត់​បន្ថយ​ចំណាយ​លើ​ការ​ទិញ​ហ្វ៊ីល​និង CD រៀងរាល់ឆ្នាំ។ ដោយ​មិន​ចាំបាច់​ត្រូវ​រក្សា​ទុក​ហ្វ៊ីល​និង​សម្ភារ​វេជ្ជសាស្ត្រ គេ​អាច​សន្សំ​សំចៃ​លើ​ឃ្លាំង​និង​លំហ​ទីតាំង​សម្រាប់​រក្សា​ទុក​ហ្វ៊ីល។

- ការធ្វើ​ការពីចម្ងាយ ៖ អាច​ពិនិត្យ​មើល​និង​ធ្វើ​របាយការណ៍​ពី​ចម្ងាយ​បាន (ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ពី​ចម្ងាយ) ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​នៅ​ទី​កន្លែង​ភូមិសាស្ត្រ​ខុសៗ​គ្នា ចូល​មើល​និង​ប្រើប្រាស់​ព័ត៌មាន​និង​រូបភាព​តែមួ​យ​ជាមួយ​គ្នា​បាន ក្នុង​ពេល​ដំណាលគ្នា។

- ធ្វើទំនើបកម្ម​និង​កែលម្អ​លទ្ធផល​ការងារ៖ សម្រាប់​ផ្នែក​ស្កែន​រូបភាព​រោគវិនិច្ឆ័យ ស្រប​ទៅ​តាម​និន្នាការ​បច្ចេកវិទ្យា ៤.០ ព្រម​ទាំង​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​និង​តាមដាន​នៅ​ក្នុង​មន្ទីរពេទ្យ-គ្លីនិក និង​ផ្សារ​ភ្ជាប់​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ។

- លើក​កម្ពស់​ភាព​វិជ្ជាជីវៈ​កាន់​តែ​ប្រសើរ​ឡើង នៅ​ក្នុង​ដំណើរការ​វះកាត់៖ ដោយ​ជួយ​លើក​ស្ទួយ​កិត្តិនាម​យីហោ​របស់​មន្ទីរពេទ្យ​និង​គ្លីនិក។

អត្ថប្រយោជន៍

សម្រាប់គ្រូពេទ្យ៖

- ការ​គ្រប់គ្រង​អ្នក​ជំងឺ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​និង​មាន​ភាព​ល្អិតល្អន់​សម្រាប់​ការ​ព្យាបាល​នីមួយៗ​ដោយ​ជួយ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​អន្តរាគមន៍​បាន​លឿន​រហ័ស​ជាង​មុន។

- ការ​ប្រើប្រាស់​បច្ចេក​វិទ្យា ៤.០ នៅ​ក្នុង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) ដែល​បង្កើត​បាន​លទ្ធផល​ត្រឹមត្រូវ​បំផុត​សម្រាប់​អ្នក​ជំងឺ។

- ប្រព័ន្ធ​ទំនាក់ទំនង​ចែក​រំលែក​រូបភាព​បាន​លឿន​និង​ត្រឹមត្រូវ​ដោយ​បង្កើត​ជា​ដំណើរការ​ប្រកប​ដោយ​អន្តរកម្ម​និង​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៅ​ក្នុង​ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​និង​គ្លីនិក។

- កាត់​បន្ថយការ​ចំណាយ​ផ្នែក​ច្បាប់​ដោយ​សារ​ការ​បាត់​ហ្វ៊ីល​ការ​ខ្វះ​ភាព​វិជ្ជាជីវៈ​ជាមួយ​អ្នក​ជំងឺ។

សម្រាប់​អ្នក​ជំងឺ៖

- ការ​ងាយស្រួល​ប្រើប្រាស់​កំណត់ត្រា​ដែល​មាន​ការ​អនុញ្ញាត​ដើម្បី​ពិនិត្យ​មើល​ព័ត៌មាន​រូបភាព និង លទ្ធផល​រោគវិនិច្ឆ័យ​ទាំង​អស់​ពី​វេជ្ជបណ្ឌិត​ក្នុង​អំឡុង​ពេល​ពិនិត្យ​ពិគ្រោះ​ជំងឺ​និង​ការ​ព្យាបាល។

- ការ​ការពារ​នូវ​រាល់​ព័ត៌មាន​ទាំងអស់​ដែល​ពាក់​ព័ន្ធ​នឹង​រូបភាព​និង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយសារ​តែ​ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​បំប្លែង​ជា​កូដ​ប្រកប​ដោយ​សុវត្ថិភាព​ធានា​បាន​នូវ​ភាព​លឿន​រហ័ស​ក្នុង​ការ​ទាញ​យក​ព័ត៌មាន​សម្រាប់​ការ​ដំណើរការ​រូបភាព។

- សម្រាប់​ការ​​ធ្វើ​រោគវិនិច្ឆ័យ​កាន់​តែ​ប្រសើរ​ឡើង​រូបភាព​ត្រូវ​បាន​ទាញ​យក​តាម​ស្តង់ដារ Dicom ដោយ​រូបភាព​ច្បាស់​ល្អ​និង​មាន​ទម្រង់​ជា​រូបភាព 3D។

- កាត់​បន្ថយ​ការ​ទទួល​រង​ចំហាយ​ធាតុ​វិទ្យុសកម្ម​ពី​ឧបករណ៍ X-ray ដោយសារ​តែ​ការ​កាត់​បន្ថយ​បាន​នូវ​ការ​ស្កែន​ឡើង​វិញ​ច្រើន​ដង​ច្រើន​សា។

- មិន​ចាំបាច់​ចំណាយ​ពេល​រង់ចាំ​ដើម្បី​បោះពុម្ព​ហ្វ៊ីល; ពេលវេលា​ពិនិត្យ​និង​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​បាន​កាត់​បន្ថយ។

- លុប​បំបាត់ការ​លំបាក​របស់​អ្នក​ជំងឺ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​និង​តាម​ដាន​ជំងឺ​ដោយសារ​តែ​ត្រូវ​កាន់​ហ្វ៊ីល​ឬ​ឌីស​រូបភាព​ទៅ​ជា​មួយ។

វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត អនុប្រធាន​មន្ទីរពេទ្យ​ព្រះកុសមៈ បាន​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​ព្រះកុសមៈ​គឺ​ជា​មន្ទីរពេទ្យ​ដំបូងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ស្ម័គ្រចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ PACs នេះ​មុន​គេ​បង្អស់។

លោក​វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត ថ្លែង​យ៉ាងដូច្នេះ​ថា៖ «យើង​បាន​សង្កេត​ឃើញ​ថា​ប្រព័ន្ធ​នេះ​ស្រួល​ប្រើ​និង​មាន​សារប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​គ្រូពេទ្យ​ថ្មី​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​យើង។ ហើយ​សម្រាប់​ឆ្នាំ​ ២០២២ នេះ យើង​គ្រោង​ដំឡើង​មុខងារ​ច្រើន​ថែម​ទៀត​នៃ​ប្រព័ន្ធ PACs នេះ នៅ​តាម​នាយកដ្ឋាន​នានា ដើម្បី​ពួកគេ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​បច្ចេក​វិទ្យា​ស្កែន​ទំនើប​នេះ និង​អាច​រក្សា​ទុក​របាយការណ៍​វេជ្ជសាស្ត្រ ទិន្នន័យ​និង​ព័ត៌មាន​រោគ​វិនិច្ឆ័យ​សំខាន់ៗ​របស់​អ្នក​ជំងឺ​ឱ្យ​មាន​សុវត្ថិភាព»។

យោងតាម​ក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នូវ​ពេល​វេលា​ដំណើរ​ការ​ព្យាបាល​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​លើក​កម្ពស់​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ មិត្តហ្វូន និង​មន្ទីរពេទ្យ​ព្រះកុសមៈ ទៀតផង។

មុខងារ​ថ្មីៗ​ទៀត​នា​ពេល​ខាង​មុខ នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​នេះ​កាន់​តែ​ងាយស្រួល​ប្រើ​ថែមទៀត​ និង​កាត់​បន្ថយ​ថ្លៃ​ចំណាយ​របស់​មន្ទីរពេទ្យ​បាន​យ៉ាង​ច្រើន ជា​ពិសេស ជួយ​គាំទ្រ​មន្ទីរពេទ្យ​ក្នុង​អំឡុង​ពេល​នៃ​ស្ថានភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច​នេះ។ ជាមួយ​នឹង​មុខងារ AI នៅពេល​ចាប់ផ្ដើម​អនុវត្ត​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈ នា​ឆ្នាំ​ ២០២២ ខាង​មុខ​នេះ ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​លទ្ធផល​កាន់​តែ​ប្រសើរ​និង​ត្រឹមត្រូវ​សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ​អ្នក​ជំងឺ។ មុខងារ AI នេះ អាច​ពិនិត្យ​លើ​ឯកសារ​រាប់ពាន់​នៃ​លទ្ធផល​ស្កែន​ពី​មុនៗ ដើម្បី​រក​មើល​ព័ត៌មាន​លម្អិត​ និង​បង្កើត​បាន​ជា​របាយការណ៍​វេជ្ជសាស្ត្រ​មួយ​ដែល​ច្បាស់លាស់​និង​លឿន​រហ័ស​ជាង​មុន។ ប្រព័ន្ធ​នេះ​ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ជាងគេ​បំផុត​នៅ​កម្ពុជា ផងដែរ ។

នៅ​ពេល​អនាគត ប្រព័ន្ធ PACs នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​នឹង​កម្មវិធី​បន្ថែម Tele-hospital ដោយ​​មន្ទីរពេទ្យ​ព្រះកុសមៈ​ដើរ​តួនាទី​ជា​មជ្ឈមណ្ឌល​កណ្ដាល​សម្រាប់​ PACs ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​គ្រូ​ពេទ្យ​តាម​ខេត្ត​ជាច្រើន​ទៀត ឱ្យ​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក PACs។ បន្ទាប់​មក គ្រូពេទ្យ​តាម​ខេត្ត​អាច​ស្នើសុំ​ជំនួយ​បន្ទាន់​ភ្លាមៗ​ពី​មន្ទីរពេទ្យ​ព្រះកុសមៈ​ដើម្បី​ជួយ​គាំទ្រ​និង​ធ្វើ​រោគ​វិនិច្ឆ័យ​ករណី​បន្ទាន់​នានា ដោយ​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ​ឆ្ងាយ​ដែល​ប្រើ​រយៈពេល​យូរ ដូច្នេះ សន្សំ​សំចៃ​ពេល​វេលា​ទាំង​សម្រាប់​អ្នកជំងឺ​ ទាំង​គ្រូពេទ្យ៕