តម្លៃ​ប្រេង​ឆៅ​បាន​ប្រែប្រួល​ក្នុង​រង្វង់ ៧៦,០៥ ទៅ ៧២,៥៣ ដុល្លារ​ ក្នុង ​១ ​បារ៉ែល កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​ប្រេង​ឆៅ WTI Crude បាន​កើនឡើង ០,២១% ក្នុង​ ១​ បារ៉ែល​។ នៅក្នុង​ទីផ្សារ​អាស៊ី តម្លៃ​ប្រេង​ឆៅ​ដែល​បាន​ស្ទុះ​ងើប​ឡើងវិញ​តាំងពី​សប្តាហ៍​មុន បាន​បន្ត​កើនឡើង​នៅ​ថ្ងៃ​អង្គារ ខណៈ​ផលប៉ះពាល់​នៃ​វីរុស Omicron លែង​ជា​បញ្ហា​ប្រឈម​ខ្លាំង ទោះជា​ការផ្គត់ផ្គង់​ប្រេង​នៅតែ​ស្ថិតក្នុង​ស្ថានភាព​តឹង​រ៊ឹ​ង​ក៏ដោយ​។​

​អ្នកវិភាគ​ឈ្មោះ Leona Liu ប្រចាំ​គេហទំព័រ DailyFX ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី​បាន​និយាយថា​៖ «​ទោះបីជា Omicron កំពុង​រីក​រាលដាល​លឿន​ជាង​ប្រភេទ​វីរុស​ផ្សេង​ក៏ដោយ ប៉ុន្តែ​ព័ត៌មាន​ភាគច្រើន​បាន​បង្ហាញថា មនុស្ស​ភាគច្រើន​ដែល​ឆ្លង Omicron កំពុងតែ​ធូរស្រាល​ឡើងវិញ​»​។

ចំណែក គេហទំព័រ Oilprice.com ក៏បាន​រាយការណ៍​កាល​ពីថ្ងៃ​ចន្ទ​ដែរ​ថា​៖ «​ទោះបីជា​វីរុស Omicron អាច​បង្កឱ្យមាន​ការភ័យខ្លាច​នៃ​ការបិទ​ខ្ទប់​ថ្មី និង​ការ​រឹតបន្តឹង​ផ្សេងទៀត​ក៏ដោយ អា​រ៉ា​ប៊ី​សា​​អ៊ូ​ឌី​ត ​នៅតែ​បាន​ដំឡើង​តម្លៃ​លក់​ជា​ផ្លូវការ​របស់ខ្លួន​សម្រាប់​អ្នកទិញ​នៅ​អាស៊ី​»​។

ការសម្រេចចិត្ត​ដំឡើងថ្លៃ​នេះ​ បានបង្ហាញ​ពី​ទំនុកចិត្ត​ថា​តម្រូវការ​ប្រេង​នឹង​នៅតែ​ខ្ពស់ ទោះបីជា​មានការ​រាតត្បាត​ថ្មី​ក៏ដោយ​។ ជារួម តម្លៃ​ប្រេង​បាន​ហក់​ឡើង​ជាង ៥០% នៅក្នុង​ឆ្នាំនេះ ដែល​ជំរុញ​ដោយ​ការ​​ងើបឡើង​វិញ​នៃ​តម្រូវការ និង​ការ​កាត់​បន្ថយ​ការផ្គត់ផ្គង់​របស់​អង្គការ OPEC+​។​

​បើ​យោងតាម​ការវិភាគ​ផ្នែក​ព័ត៌មាន​ខាងលើនេះ តម្លៃ​ហាងឆេង​ប្រេង​ឆៅ​នឹង​អាច​រត់​ក្នុង​ចន្លោះ​ពី​តម្លៃ ៦២ ទៅ ៧៨,៧៦ ដុល្លារ​ក្នុង​សប្តាហ៍​នេះ​។ ដូច្នេះ សម្រាប់​ការវិភាគ​ជួញដូរ​វិញ វិនិយោគិន​អាច​រង់ចាំ​ទិញ​ប្រេង​នៅ​តម្លៃ ៧០,៥៥ ដុល្លារ ដោយ​កំណត់​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​តម្លៃ ៧៥,៥០ ដុល្លារ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៦៧,៤៤ ដុល្លារ​៕