ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​ផលិតផល ​«​ទឹកត្រី​កំពត​» ​ជា​ផលិតផល​សក្តា​នុ​​ពល​ក្នុង​ការកសាង​កេរ្តិ៍ឈ្មោះ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​ទឹកត្រី​នៅក្នុង​ខេត្ត​នេះ មានការ​​ទទួលស្គាល់​កាន់តែច្រើន និង​អាច​នាំ​ចេញទៅ​ទីផ្សារ​អន្តរ​​ជាតិ ដូច​ម្រេច​កំពត​។​

​លោក សួន វិជ្ជា ប្រធាន​លេ​​ខា​ធិ​ការដ្ឋាន​គណៈកម្មាធិការ​​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា និង​ជា​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រុមការងារ​បាន​ប្រមូល​ធាតុ​ចូល​ពី​ផលិតករ​-​អាជីវករ និង​សហគ្រាស​ធុន​តូច និង​មធ្យម និង​បានរៀបចំ​បង្កើត​គណៈ​កម្ម​ការ​បណ្តោះអាសន្ន ដើម្បី​រៀបចំ​ចងក្រង​សៀវភៅ​បន្ទុក​ស្តីពី​ការ​​ផលិត​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ​«​ទឹកត្រី​កំពត​» ​សៀវភៅ​លក្ខន្តិកៈ​សមាគម បទបញ្ជាផ្ទៃក្នុង គំរូ​រូប​សញ្ញា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកត្រី​កំពត​» និង​ឯក​​សារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​លោក​បន្ថែមថា ដើម្បី​អនុវត្ត​គម្រោង​ខាងលើ​ឱ្យមាន​ប្រសិទ្ធ​ភាព ក្រសួងពាណិជ្ជកម្ម​គ្រោង​អញ្ជើញ​តំណាង​ក្រសួង​ឧស្សា​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ តំណាង​ក្រសួងកសិកម្ម និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចូលរួម​រៀបចំ​ចងក្រង​សៀវភៅ​បន្ទុក ស្តីពី​ការផលិត​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ​«​ទឹក​ត្រី​កំពត​» សៀវភៅ​លក្ខន្តិកៈ​សមាគម បទបញ្ជាផ្ទៃក្នុង គំរូ​រូប​សញ្ញា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ទឹកត្រី​កំពត​»​។​

​លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ទទួលបាន​សមាសភាព​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម​នឹង​សហការ​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​នៅ​ទីតាំង​ផ្ទាល់ ​(​ខេត្តកំពត ឬ​ខេត្ត​កែប​) ដើម្បី​ប្រមូល​ធាតុ​ចូល និង​ពិនិត្យ​ទីតាំង​ផលិតកម្ម​ផ្ទាល់ និង​ចង​​ក្រង​សៀវភៅ​បន្ទុក​ទឹកត្រី​កំពត ដោយ​ក្រសួង​មាន​គម្រោង​នឹង​បញ្ចប់​គម្រោង​កសាង​កេរ្តិ៍ឈ្មោះ «​ទឹកត្រី​កំពត​» ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ នៅ​ចុងខែ​មេសា ឆ្នាំ​ ២០២២ ខាងមុខ​»​។​

​លោក ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុន​ផលិត​ទឹកត្រីអ៊ី​ឆេ ង៉ូ​វ​ហេង កំពត បាន​និយាយថា ទឹកត្រី​កំពត មាន​ប្រវត្តិ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដែល​ត្រូវបាន​មហាជន​ទទួលស្គាល់​រសជាតិ និង​ក្លិន​ឈ្ងុយ ដោយ​​សារ​ទឹកត្រី​កំពត ផលិតឡើង​ពី​ត្រី​កា​កើ​ម ដែលជា​ប្រភេទ​ត្រី​មាន​ប្រូ​តេ​អ៊ី​ន​ខ្ពស់​។​

​លោក​បន្ថែមថា ចាប់តាំងពី​ឆ្នាំ​ ១៩៩៥ ដែល​លោក​បាន​បើក​សិប្បកម្ម​ផលិត​ទឹកត្រីអ៊ី​ឆេ ង៉ូ​វ​ហេង កំពត​នេះ​មក គឺមាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ទឹក​​ត្រី​នាំចូល ប៉ុន្តែ​បច្ចុប្បន្ន​ផលិត​ផល​ទឹកត្រី​លោក​បាន​ចាប់យក​ចំណែក​ទីផ្សារ​បាន ​៣០ ​ទៅ​ ៤០ ​ភាគរយ ​ហើយ​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា​នៅ​ភ្នំពេញ និង​មួយចំនួន​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​ដោយសារ​ប្រជាជន​ខ្មែរ ចាប់ផ្តើម​ងាក​មក​និយម​ផលិតផល​ក្នុងស្រុក​វិញ​។​

​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកត្រី​កំពត​រូបនេះ​អះអាងថា លោក​មាន​មហិច្ឆតា​នាំ​ទឹកត្រី​កំពត ទៅដល់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​លោក​កំពុង​រៀបចំ​សិប្បកម្ម​ឱ្យមាន​លក្ខណៈ​ស្តង់ដា និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។​

​លោក​ប្រាប់ថា​៖ «​យើង​កំពុង​ពង្រីក​សន្សឹមៗ ដោយសារ​យើង​ត្រូវការ​ហិរញ្ញវត្ថុ​ច្រើន ព្រោះ​វត្ថុធាតុដើម​របស់​យើង គឺជា​ត្រី​ធម្មជាតិ ដែលមាន​រដូវ​កាល ​១ ​ឆ្នាំ​ម្តង ដូចនេះ​យើង​ត្រូវការ​ប្រ​មូល​ទិញ​ស្តុក​ទុក ដែល​ត្រូវការ​ទីតាំង​ធំ​ជាង​មុន ហើយ​បើ​ទឹក​ត្រី​កំពត បាន​ចុះបញ្ជី​ជា​ផលិត​​ផល​សម្គាល់​ភូមិសាស្ត្រ​ទៀត​នោះ កេរ្តិ៍ឈ្មោះ​ទឹកត្រី​កំពត​កាន់តែ​ល្បីល្បាញ និង​ងាយស្រួល​ក្នុងការ​នាំចេញ​»៕ LA