​ភ្នំពេញៈ ចិន​នឹង​ចាប់ផ្តើម​សាងសង់​ឃ្លាំង​ស្តុក​ចំនួន ១២ និង​ឡស​ម្ងួ​ត​ចំនួន​ ១០ ​នៅក្នុង​ប្រទេស​កម្ពុជា ​នៅ​ឆ្នាំ ​២០២២ ដែលជា​វិធានការ​មួយ​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផ្គត់ផ្គង់​ស្បៀងអាហារ​ដ៏​សំខាន់​សម្រាប់​តំបន់ និង​ពិភពលោក​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ (MoC)​។​

​កាលពី​ខែឧសភា ឆ្នាំ ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Bi Guangmin ប្រធាន​ក្រុមប្រឹក្សា​​ភិ​បាល​ខេត្ត Henan និង​ក្រុម​​ហ៊ុន Yuguang International Economic & Technical Cooperation ​បានបង្ហាញ​ផែនការ​សាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ដែលមាន​សមត្ថភាព​ស្តុក​ស្រូវ​អង្ករ​រហូតដល់ ១ ​លាន​តោន​។​

​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី ​២៩ ខែធ្នូ​ថា ក្រុមហ៊ុន Green Trade បានដាក់​ជូន​ឯកសារ​រួចរាល់​អស់ហើយ បន្ទាប់ពី​ពួកគេ​បាន​សិក្សា​លទ្ធភាព​នៃ​ការចំណាយ​លើ​ការ​​វិនិយោគ និង​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ការសាងសង់​ឃ្លាំង​ស្ដុក​ទាំងនោះ​។​

​លោក​លើកឡើងថា​៖ «​យើង​បាន​ដាក់សំណើ​វិនិយោគ​របស់​យើង​ទៅ​សម​ភាគី​ចិន​សម្រាប់​ការសាងសង់​រួចហើយ បន្ទាប់ពី​យើង​បាន​ចុះ​ហត្ថ​លេ​-​ខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​​គ្នា ​(MoU)​ជាមួយ​រដ្ឋបាលខេត្ត Hunan ប្រទេស​ចិន​។ យើង​បាន​សិក្សា​លម្អិត​រួច​ហើយពី​តម្លៃ​នៃ​ការ​​វិនិយោគ និង​ទីតាំង​យុទ្ធសាស្ត្រ​»​។​

​លោក​បន្ថែមថា​៖ «​ជាមួយនឹង​ឃ្លាំង​​ស្ដុក​ទាំងនេះ​ វា​នឹង​ក្លាយទៅជា​ការរួម​​ចំណែក​ដ៏​ធំ​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ពិសេស​ដើម្បី​ជួយ​កសិករ​យើង​ឱ្យ​អាច​រក្សាទុក​ទិន្ន​​ផល​របស់​ពួកគេ និង​ជួយ​រក្សា​ការ​ប្រែ​​ប្រួល​តម្លៃ​ដែល​ធ្វើឡើង​ដោយ​ឈ្មួញ​​កណ្តាល​ផងដែរ​»​។

លោក​បញ្ជាក់ថា​៖ «​នៅពេលដែល​យើង​មាន​ឃ្លាំង​ស្ដុក​ទាំងនេះ វា​អាច​ធានា​តម្លៃ​ដល់​កសិករ​របស់​យើង​។ ទន្ទឹមនឹងនេះ​កសិករ​ក៏​អាចមាន​ឯកសារ​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ដែលជា​ម្ចាស់​ឃ្លាំង​ស្ដុក​ទាំងនោះ​ ដើម្បី​ទទួលបាន​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​»​។​

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹងថា ការ​សាង​​សង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​សម្រាប់​និ​​រ​ន្ត​រ​ភាព​នៃ​វិស័យ​ស្រូវ​អង្ករ ជាពិសេស​ជួយ​ដល់​កសិករ​ដែល​មិនមាន​ឃ្លាំង​​ស្ដុក​គ្រប់គ្រាន់​ក្នុង​រដូវ​ប្រមូល​ផល​។​

​លោក​ថ្លែងថា​៖ «​ការបង្កើត​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កសិករ​ដែល​នៅ​ជិត​ទីតាំង​នោះ ហើយ​វា​ក៏​នឹង​ជំរុញ​ការនាំចេញ​ផងដែរ​។ ទន្ទឹមនឹងនេះ យើង​ក៏​អាច​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​ក្រុម​ហ៊ុន​ចិន ដើម្បី​បង្កើត​រោងចក្រ​កិនស្រូវ​របស់​ពួកគេ​សម្រាប់​ការនាំចេញ​»​។​

​បើតាម​លោក សុ​វិជាតិ ឃ្លាំង​ស្តុក​ទាំង ១២ អាច​ស្តុក​ស្រូវ​បាន ១ ​លាន​​តោន និង​ឡស​ម្ងួ​ត ១០ អាច​ស​ម្ងួ​ត​បាន ១៣ ០០០ ​តោន​ ក្នុង ​១ ​ថ្ងៃ​។​

​បើ​យោងតាម​អនុស្សរណៈ​នៃ​ការ​​យោគយល់​គ្នា​នោះ ឃ្លាំង​ស្ដុក​ទាំងនោះ​នឹងមាន​ទីតាំងនៅ​ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ និង​ព្រះសីហនុ​៕