ដោយ​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង ទូរគមនាគមន៍​ពី​ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង បច្ចេក​វិទ្យា​ឌីជីថល​ឈាន​មុខ​គេ​នៅ​កម្ពុជា សាលារៀន​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) សម្រាប់​សិស្សានុសិស្ស​និង​គ្រូ​បង្រៀន។

ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (School Information System– SIS) ត្រូវ​បាន​ណែនាំ​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​ ២០២១ ដោយ​ក្រុមហ៊ុន​ មិត្តហ្វូន និង​មន្ត្រី​មក​ពី​មន្ទីរអប់រំ យុវជន និង​កីឡា នៃ​ខេត្ត​ទាំងពីរ។

ចាប់​ពី​ពេល​នេះ​ទៅ លោក​គ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​មក​ពី​សាលារៀន​នានា​នៅ​ទូទាំង​ខេត្ត​ទាំង ២ អាច​ប្រើ​ប្រាស់​កម្មវិធី SIS តាម​អនឡាញ​ពី​ទី​កន្លែង​ណា​ក៏​បាន​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​គ្រប់គ្រង​កិច្ចការ​សាលា និង​ការ​សិក្សា​របស់​សិស្ស។ ខាង​ក្រោម​នេះ​ គឺ​ជា​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ​អប់រំ​តាម​អនឡាញ៖

- ផ្តោត​លើ​សិស្សានុសិស្ស ងាយស្រួល​ប្រើ បំពេញ​តម្រូវ​ការ​សិក្សា​អតិបរមា​របស់​សិស្ស បំពាក់​ដោយ​មុខងារ​ដ៏​ងាយស្រួល​ជាច្រើន​ដូចជា អាច​ឱ្យ​សិស្ស​ធ្វើ​ការ​ផ្លាស់ប្ដូរ​គ្នា ធ្វើ​អត្ថាធិប្បាយ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​គ្រូ នៅ​ពេល​វេលា​ណា​ក៏​បាន​ ហើយ​ការ​ប្រឡង​អាច​ដាក់​ពិន្ទុ​បាន​យ៉ាង​ឆាប់​រហ័ស។

- គ្រប់គ្រង​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព សិស្ស​អាច​រៀបចំ​កាលវិភាគ​សម្រាប់​មុខ​វិជ្ជា​ណា​មួយ​ដែល​ពួកគេ​ចូល​រៀន មាន​ភាព​បត់បែន​ដើម្បី​ផ្ដោត​ទៅ​លើ​វិធីសាស្ត្រ​សិក្សា​ខុសៗ​គ្នា ដោយ​ផ្អែក​លើ​ចំណេះ​ដឹង ជំនាញ និង​តម្រូវ​របស់​សិស្ស​ម្នាក់ៗ។

- មានប្រសិទ្ធផល ការ​សិក្សា​តាម​អនឡាញ​សន្សំសំចៃ​ថ្លៃ​ចំណាយ​លើ​ការ​អប់រំ​សរុប​បាន​ដល់​ទៅ​ពី ៥០% ទៅ ៧០% សម្រាប់​ទាំង​ការ​បង្រៀន និង​ទាំង​ការ​រៀន​របស់​សិស្ស ដោយ​ពួកគេ​មិន​ចាំ​បាច់​ត្រូវ​ការ​កាតាប សម្ភារ​សិក្សា និង​ការ​ចំណាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ថ្នាក់​រៀន​ឡើយ។

- រៀបចំ​បរិយាកាស​សិក្សា ឱ្យ​ស្រប​ទៅ​តាម​ការ​ចង់​បាន​ជាក់​លាក់​របស់​សិស្ស។ បរិយាកាស​សិក្សា​បែប​ប្រពៃណី ដូចជា ការ​រៀន​នៅ​ថ្នាក់​រៀន ជា​និច្ចកាល រៀបចំ​ឡើង​តាម​របៀប​ចាស់​ពី​មុន ដែល​រឹតត្បិត​សក្ដានុពល​និង​ផ្នត់​គំនិត​ច្នៃ​ប្រឌិត​របស់​សិស្ស​ជាច្រើន។

- ការ​ប្រមូល​ព័ត៌មាន​និង​ការ​តាមដាន ដែល​ធ្វើ​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​សាលារៀន​និង​នាយកដ្ឋាន​អប់រំ​របស់​រដ្ឋ ក្នុង​ការ​វាយ​តម្លៃ​និង​រៀបចំ​យុទ្ធសាស្ត្រ​ដែល​លើក​កម្ពស់​និង​អភិវឌ្ឍ​កម្មវិធី​អប់រំ កម្មវិធី​សិក្សា និង​ការងារ​គ្រប់គ្រង។

- ដោះស្រាយ​បញ្ហា​ខ្វះ​គ្រូ នៅ​សាលារៀន​តាម​ខេត្ត និង​គាំទ្រ​ដល់​សិស្ស​និង​ទាក់ទាញ​​សិស្ស​ថ្មីៗ​បន្ថែម​ទៀត។ ជាធម្មតា គ្រូ​ម្នាក់​អាច​បង្រៀន​ដោយ​ផ្ទាល់​ដល់​សិស្ស​ពី​ ៣០​នាក់ ដល់ ៦០​នាក់ ក្នុង​មួយ​ថ្នាក់ ប៉ុន្តែ​ជាមួយ​នឹង​ការ​សិក្សា​តាម​អនឡាញ គេ​ត្រូវ​ការ​តែ​គ្រូ​ម្នាក់ ឬ​ពីរ​នាក់​រួមគ្នា សម្រាប់​ការ​​បង្រៀន​ដល់​សិស្ស​ជាច្រើននាក់ អាច​និយាយ​ថា ខ្ទង់​រយ​នាក់ ពាន់​នាក់ ឬ​ដល់​លាន​នាក់​ថែម​ទៀត​ផង។

- វិធីសាស្ត្រ​រៀន​ដែល​មាន​ភាព​បរិស្ថាន​មេត្រី ដូចជា ការ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ ៩០% តិច​ជាង និង​បង្កើត​សំរាម​ ៨០% តិច​ជាង​បរិយាកាស​រៀន​តាម​បែប​ប្រពៃណី។ លើស​ពី​នេះ​ទៀត សាលារៀន​បោះពុម្ព​សៀវភៅ ឬ​ក្រដាស​មេរៀន​តិចតួច​បំផុត ឬ​សឹង​តែ​គ្មាន​តែ​ម្ដង និង​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​កាប់​ព្រៃឈើ​ដើម្បី​ផលិត​ក្រដាស ដែល​នេះ​ជា​ការ​រួម​ចំណែក​ដល់​ការ​ការពារ​បរិស្ថាន ។

- មិន​ត្រូវ​ការ​ឧបករណ៍​សិក្សា ពីព្រោះ​គេ​ប្ដូរពី​សៀវភៅ​មេរៀន​ជា​ក្រដាស​ទៅជាមួយ​សៀវភៅ​បែប​ឌីជីថល​ និង​រក្សាទុក​នៅ​លើ​ប្រព័ន្ធ ដើម្បី​ប្រើប្រាស់ អាន និង​ដោនឡូត​នៅ​ពេល​ណា​ក៏​បាន​ដែរ។ សម្ភារសិក្សា​ទាំង​អស់​មាន​បច្ចុប្បន្ន​ភាព​លើ​ខ្លឹមសារ​ភ្លាមៗ នៅ​ពេល​ណា​មាន​ការ​កែប្រែ​ខុសពី​សៀវភៅ​ក្រដាស​ដែល​ចាំបាច់​ត្រូវ​បោះពុម្ព​ជាថ្មី ហើយ​សិស្ស​ត្រូវទិញ​សៀវភៅ​ចេញ​ថ្មី​ជានិច្ច។

- សន្សំសំចៃ​ពេល​វេលា​បាន​ច្រើន​បំផុត គឺ​ចំណេញ​ពេល​វេលា​ពី ២៥% ទៅ ៦០% សម្រាប់​ទាំង​គ្រូ ទាំង​សិស្ស បើ​ប្រៀបធៀប​នឹង​ការ​រៀន​តាម​បែប​ប្រពៃណី​នៅតាម​ថ្នាក់រៀន ។ សម្រាប់​សិស្ស ពួកគេ​មាន​ពេលវេលា​ច្រើន​ជាង​មុន​សម្រាប់​រៀន​មុខ​វិជ្ជា​ចាំបាច់ៗ និង​ធ្វើ​ឱ្យ​ខ្លួនឯង​រៀនបាន​ប្រសើរ​ជាង​មុន ។

លោក កុក ស៊ីជឿន អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ SIS បាន​បង្ក​ភាព​ងាយស្រួល​កាន់តែ​ច្រើន​សម្រាប់​ទាំង​គ្រូ និង​ទាំង​សិស្ស។

លោក កុក ស៊ីជឿន ថ្លែង​យ៉ាងដូច្នេះថា៖«ប្រព័ន្ធ SIS ជួយ​ឱ្យ​គ្រូ​និង​រដ្ឋបាល​សាលា​អាច​គ្រប់គ្រង​ការងារ​របស់​ខ្លួន​បាន​យ៉ាង​រលូន និង​ប្រកប​ដោយ​ប្រសិទ្ធភាព។ ហើយ​សិស្ស​ក៏អាច​ប្រើប្រាស់​វា​សម្រាប់​ការ​សិក្សា​តាម​អនឡាញ​បាន​ផងដែរ ដោយ​សន្សំសំចៃ​បាន​ទាំង​ពេលវេលា​និង​ទាំង​​ថវិកា»។

ប្រព័ន្ធ​ SIS ឬ​ហៅថា ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន គឺជា​កម្មវិធី​អប់រំ​បែប​ឌីជីថល​មួយ ដែល​អភិវឌ្ឍ​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា ក្រោម​កិច្ច​សហការ​ជាដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​វិសាលភាព​សេវាអ៊ីនធឺណែត​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស និង​បង្កើតឡើង​សម្រាប់​សាលារៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។

គ្រូ សិស្ស អាណាព្យាបាល និង​រដ្ឋបាល​និង​នាយក​សាលា អាច​ប្រើប្រាស់​កម្មវិធី​ឌីជីថល​នេះ​ដើម្បី​ស្វែងរក​និង​ប្រើប្រាស់​ព័ត៌មាន​ទាំងអស់​ដែល​ពួកគេ​ត្រូវ​ការ​សម្រាប់​កិច្ចការ​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន ដោយ​គ្រាន់​តែ​ពួកគេ​មាន​អ៊ីនធឺណែត​ប្រើ​ប្រាស់​គឺ​ជា​ការ​ស្រេច។

លោក អ៊ិន ពៅសម្បត្តិ ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត​ត្បូងឃ្មុំ បាន​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​ពេល​កូវីដ១៩ សាលារៀន​ជាច្រើន​បាន​ត្រូវ​ប្រើប្រាស់​ជា​ទីតាំង​ចត្តាឡីស័ក​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ ដែល​នាំ​ឱ្យ​អាក់ខាន​ដល់​ដំណើរការ​របស់​សាលារៀន។

លោក អ៊ិន ពៅសម្បត្តិ បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «ប្រព័ន្ធ SIS មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សាលា​របស់​យើង នៅ​ក្នុង​កាលៈទេសៈ​កូវីដ១៩ ​ដោយ​ផ្ដល់​លទ្ធភាព​ឱ្យ​សាលា​អាច​ធ្វើ​ប្រតិបត្តិការ​ទៅ​បាន ហើយ​ការ​បង្រៀន​និង​ការ​រៀនតាម​អនឡាញ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​ងាយស្រួល​ ដោយ​គ្រាន់​តែ​ប្រើ​តាម​អ៊ីនធឺណែត»។

កន្លងមក ប្រព័ន្ធ SIS បាន​ដាក់​ពង្រាយ​ទៅ​ដល់​សាលារៀន​ចំនួន ២៦៥កន្លែង​រួចហើយ នៅ​ទូទាំង​ប្រទេស ដោយ​ផ្ដល់​លទ្ធភាព​ដល់​សិស្ស​ជាង ៣​សែន​នាក់ និង​គ្រូ​ជាង ១ម៉ឺន៥ពាន់​នាក់ ទទួល​ផល​ប្រយោជន៍​ពី​ការ​រៀន​និង​ការ​បង្រៀន​តាម​ប្រព័ន្ធ​ឌីជីថល​នេះ ។

គិតត្រឹមឆ្នាំ ២០២២ បើ​តាម​ក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ SIS នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅដល់​សាលារៀន​ឱ្យ​បាន ១០០០​កន្លែង នៅទូទាំង​ ២៥​រាជធានី​ខេត្ត ដើម្បី​លើក​ទឹក​ចិត្ដ​ដល់​សកម្មភាព​អប់រំ​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត​ នៅ​តាម​ខេត្ត​សម្រាប់​ប្រជាជន​មកពី​គ្រប់​ស្រទាប់​វណ្ណៈ។

ជាមួយ​នឹង​មុខងារ​ថ្មី​បន្ថែម​ទៀត ដូចជា Digital Book និង E-Library ឥឡូវនេះ សិស្សានុសិស្ស​កាន់​តែ​មាន​ធនធាន​ច្រើន​ជាងមុន​ដើម្បី​បម្រើ​ដល់​ការ​រៀនសូត្រ​និង​ការ​ក្រេបជញ្ជក់​ចំណេះដឹង​របស់​ខ្លួន​ ពី​ទី​កន្លែង​ណា​​ក៏​បាន៕