ភ្នំពេញៈ ក្រុមហ៊ុន Khmer Cold Chain និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​បាន​ប្រកាស​ពី​កិច្ចសហការ​គ្នា​ក្នុង​ការសាងសង់​ឃ្លាំង ផ្ទុក​ផ្ទេរ និង​ត្រជាក់​ដែល មាន​ទីតាំងនៅ​ភូមិ​កណ្តាលលើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល និង​កំពុងដំណើរការ​នៃ​ការអភិវឌ្ឍ​ឃ្លាំងត្រជាក់ និង​កន្លែង​ចែកចាយ​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ​។

ឃ្លាំង​ផ្ទុក​ផ្ទេរ និង​ត្រជាក់​មាន​កំពង់ផែ​ទំហំ​ ៥០ ​ហ្វ៊ីត​នឹង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​សម្រាប់​ការនាំ​ចូល និង​ការចែកចាយ​ទំនិញ​។ វា​ក៏​នឹង​រួមបញ្ចូល​កន្លែង​ពិសេស​សម្រាប់​សេវាកម្ម​តម្លៃបន្ថែម​ដូចជា ការធ្វើឱ្យ​ត្រជាក់​រហ័ស ការវេចខ្ចប់ រួម​នឹង​ការដាក់​ស្លាក​យីហោ សេវាកម្ម​អនាម័យ និង​ភូតគាម​អនាម័យ (SPS) ការជ្រើសរើស និង​ការចែកចាយ​ដោយ ផ្ទាល់​តាម​ហាង​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។

ឃ្លាំង​ផ្ទុក​ផ្ទេរ និង​ត្រជាក់​ថ្មី​នេះ​នឹង​ផ្តល់​សេវា​ភ័ស្តុភារកម្ម​ដែល​អាច​គ្រប់គ្រង​សីតុណ្ហភាព​ (TCL) ហើយ​ឃ្លាំង​នេះ​នឹង​បម្រើ​កសិករ​កម្ពុជា ក្រុមហ៊ុន​កសិឧស្សាហកម្ម ក្រុមហ៊ុន​កែច្នៃ​ម្ហូបអាហារ ក្រុមហ៊ុន​ឱសថ ក្រុមហ៊ុន​លក់រាយ​ផ្នែក​ចំណីអាហារ និង​អាជីវកម្ម​បដិសណ្ឋារកិច្ច មាន​សណ្ឋាគារ​/​ភោជនីយដ្ឋាន (HORECA)​។

ក្រុមហ៊ុន Khmer Cold Chain បាន​លើកឡើងថា អំឡុង​ជំងឺ​កូវីដ​ ១៩ ប្រទេស​ជាច្រើន រួមទាំង​កម្ពុជា​ផងដែរ បាន​ពឹង​ផ្អែកលើ​ខ្សែចង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ ខណៈ​ដែល​វ៉ាក់សាំង​ត្រូវបាន​ផលិត​នៅក្នុង​ផ្នែក​មួយ​នៃ​ពិភពលោក និង​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​មួយទៀត​។ ឃ្លាំង​ស្ដុក​ត្រជាក់​របស់​ក្រុមហ៊ុន Khmer Cold Chain Company អាច​ផ្តល់​សក្តានុពល​នូវ​ដំណោះស្រាយ​ឃ្លាំង​ផ្ទុក​ត្រជាក់​ខ្លាំង​ដែល​ត្រូវការ សម្រាប់​វ៉ាក់សាំង និង​ការស្ដុក​ឱសថ​។

លោក គង់ ចាន់នី អ្នកនាំពាក្យ​របស់ PPAP បានឱ្យដឹងថា នៅពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ទំនើបកម្ម ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន ចាំបាច់​ត្រូវតែ​បាន​បង្កើតឡើង​ក្នុង​របៀប​មួយ​ដែល​បង្កើតឡើង​សម្រាប់​កំណើនសេដ្ឋកិច្ច និង​អាចឱ្យ​ប្រទេសមួយ​នេះ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ដែល​អាច​កើតមាន ដូចជា​កង្វះ​ស្បៀងអាហារ និង​សមត្ថភាព​ក្នុង​ការបង្កើន​ការទទួលយក និង​ការចែកចាយ​សម្ភារ​វេជ្ជសាស្ត្រ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​រចនា​ប្លង់​ឃ្លាំង​ស្ដុក ដោយ​គិតគូរ​ពី​តម្រូវការ​ទាំងនេះ រួមទាំង​ផែនការ​សាងសង់​វា​តាមរបៀប​ដែល​អាច​អនុលោម​តាម​ស្តង់ដា​អនាម័យ​អន្តរជាតិ​»​។

លោក ហេង សុវត្ថារ៉ា នាយក​ក្រុមហ៊ុន Khmer Cold Chain ​បានឱ្យដឹងថា ការសាងសង់​ឃ្លាំង​ផ្ទុក​ផ្ទេរ និង​ឃ្លាំង​ត្រជាក់​ថ្មី​របស់​ក្រុមហ៊ុន Khmer Cold Chain តំណាងឱ្យ​ជំហាន​មួយ​ឆ្ពោះទៅមុខ​យ៉ាង​សំខាន់​សម្រាប់​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការទទួល​យក​ទំនិញ​ដែល​ខ្លួន​ត្រូវការ និង​នាំចេញ​ទំនិញ​ដែល​បង្កើន​ប្រាក់ចំណេញ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ភាព​ជា​ដៃគូ​នេះ យើង​មាន​គោលបំណង​បំពេញ​នូវ​វិសាលភាព​ពេញលេញ​នៃ​តម្រូវការ​ខ្សែចង្វាក់​នៃ​ឃ្លាំង​ត្រជាក់​ សម្រាប់​អាជីវកម្ម​ក្នុងស្រុក​តាមរយៈ​ឃ្លាំង​មួយ​នេះ និង​បំផុសគំនិត​អ្នកដទៃ​ឱ្យ​អនុវត្ត​ការអភិវឌ្ឍ​អាជីវកម្ម​ខ្សែចង្វាក់​ត្រជាក់​នៅ​ទូទាំង​ប្រទេស​»​។

យោងតាម​ការសិក្សា​បឋម​លើ​គម្រោង​នេះ តាមរយៈ​ឃ្លាំង​ត្រជាក់​នេះ​នឹង​បង្កើន សមត្ថភាព​បន្ថែម ១៤០ ០០០ ​ម៉ែត្រត្រីគុណ​ (​គុប​) ​ទៅលើ​បរិមាណ​សន្និធិ​ត្រជាក់​ដែល​មាន​ស្រាប់​របស់​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន​ត្រឹម​ឆ្នាំ​ ២០៣០​។ ឃ្លាំង​ផ្ទុក​ផ្ទេរ និង​ត្រជាក់​របស់​ក្រុមហ៊ុន Khmer Cold Chain ថ្មី​នេះ នឹង​ផ្គត់ផ្គង់​ចំនួន ៣៦ ២០៥ ​ម៉ែត្រគុប ដែល​បំពេញបាន​ជាង ២៥ ​ភាគរយ​នៃ​គម្លាត​បច្ចុប្បន្ន​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ដែល​កើនឡើង​នេះ​៕LA