ភ្នំពេញៈ ក្រុមហ៊ុន​ អានកូ អាហរ័ណ នីហរ័ណ នឹង​ធ្វើការ​វិនិយោគ​លើ​គម្រោង​ពហុបំណង​លើ​ផ្ទៃដី​ទំហំ ៦ ១៤៥,៩៦ ហិកតា ​ក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ​នៃ​ខេត្តកោះកុង បន្ទាប់ពី​ទទួលបាន​ភ្លើងខៀវ​ពី​អាជ្ញាធរខេត្ត ដើម្បី​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​នេះ​កាន់តែច្រើន​។

លោក អ៊ុក ភក្ត្រា អភិបាលរង​ខេត្តកោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែធ្នូ​ថា គម្រោង​នេះ​ត្រូវបាន​ស្រុក​ទាំង​ ២ គឺ​ស្រុក​បទុមសាគរ និង​ស្រុក​គិរីសាគរ ព្រមទាំង​រដ្ឋបាលខេត្ត និង​ក្រសួង​បរិស្ថាន​ឯកភាពគ្នា​រួចហើយ ប៉ុន្តែ​លោក​មិនទាន់​ដឹងថា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់ ឬ​អភិវឌ្ឍ​នៅពេលណា និង​ចំណាយ​ទុនវិនិយោគ​ប៉ុន្មាន​នោះទេ​។ ​លោក​បន្តថា គម្រោង​ពហុបំណង​ដែល​ក្រុមហ៊ុន​ដាក់ចេញ​ សម្រាប់​ធ្វើការ​អភិវឌ្ឍ​នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​ការសាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ មណ្ឌល​កម្សាន្ត រមណីយដ្ឋាន និង​រៀបចំ​ទៅជា​កន្លែង​សម្រាប់​បម្រើឱ្យ​ការវិនិយោគ និង​ទេសចរណ៍​រួម​ជាមួយ​គម្រោង​ជាច្រើន​ទៀត​។

បើតាម​លោក អ៊ុក ភក្ត្រា នេះ​គ្រាន់តែ​ជា​ការឯកភាព​គ្នា​របស់​ថ្នាក់ស្រុក ខេត្ត និង​ក្រសួង​បរិស្ថាន​ប៉ុណ្ណោះ បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ចំពោះ​ទំហំ​ដី និង​ទីតាំង​ត្រូវ​វិនិយោគ កាលពី​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២១ ប៉ុន្តែ​មិនទាន់​មាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​។ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក៏នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​គម្រោង​នេះ​ផងដែរ​។ មិន​ថា​វិនិយោគ​នៅក្រៅ​ស្រុក ឬ​ក្នុងស្រុក​ទេ​ឱ្យតែ​មក​វិនិយោគ​ពិតប្រាកដ គឺជា​ភាពជោគជ័យ​មួយ​ហើយ​សម្រាប់​ខេត្ត ហើយ​វា​ក៏បាន​ជួយ​អភិវឌ្ឍ​ខេត្ត​ផងដែរ​»​។

បើតាម​លោក ភក្ត្រា នៅក្នុង​តំបន់​នេះ​ក៏មាន​គម្រោង​វិនិយោគ​ធំៗ​បាន​បង្ហាញ​ខ្លួន​ជាច្រើន​ផងដែរ ដូចជា ព្រលានយន្តហោះ​តារាសាគរ​កម្រិត​ 4E កំពង់ផែ​ទឹកជ្រៅ ផ្លូវជាតិ​លេខ​ ៤៨ ផ្លូវជាតិ​លេខ​ ១០ រួមទាំង​គម្រោង​អភិវឌ្ឍន៍​ដ៏សន្ធឹកសន្ធាប់​ផ្សេងទៀត​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​លោក ធួន ស៊ីណាន បាន​ស្វាគមន៍​ចំពោះ​គម្រោង​ដ៏ធំ​មួយ​នេះ ខណៈ​ខេត្ត​កោះកុង​ត្រូវការ​ការវិនិយោគ​គ្រប់​វិស័យ​។ ខេត្តកោះកុង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ដែល​មិនមាន​ខេត្ត​ណា​មាន​លក្ខណៈ​ល្អស្អាត និង​ធម្មជាតិ​ដូច​ខេត្ត​នេះ​ទេ​។

ទោះបី​យ៉ាងណា​លោក​លើកឡើង​ថា កន្លងមក​ខេត្ត​មួយ​នេះ​ហាក់​មាន​ភាពកម្សត់​ជាង​ខេត្ត​ដទៃ ព្រោះ​មិនសូវមាន​អ្នក​វិនិយោគ​ចូល​បណ្តាក់ទុន​ច្រើន ដោយសារ​បញ្ហា​ភ្លើងអគ្គិសនី​មិនមាន​គ្រប់គ្រាន់​ដែល​ជា​ឧបសគ្គ​មួយ​ក្នុងចំណោម​ឧបសគ្គ​ដទៃ​ជាច្រើន​ផ្សេងទៀត​។

លោក​ប្រាប់ថា​៖ «​សម្រាប់​ខ្ញុំ គឺ​រីករាយ​ណាស់​នៅពេល​ដែល​ឃើញ​មាន​ការអភិវឌ្ឍ​ក្នុង​ខេត្តកោះកុង និង​មាន​គម្រោង​វិនិយោគ​បែបនេះ ព្រោះ​ខេត្ត​នេះ​កម្សត់​ជាងគេ ហើយ​បើ​ធៀប​ចម្ងាយ​ផ្លូវ គឺ​នៅ​ជិត​ជាង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​បើ​គិតពី​ការអភិវឌ្ឍ​គឺ​គេ​មើល​មិនសូវ​ឃើញ​ទេ​។ ខេត្ត​នេះ មាន​សក្តានុពល​ខ្លាំង​មែនទែន​»​។

លោក​រំពឹងថា រដ្ឋាភិបាល​នឹង​ស្វែងរក​គន្លឹះ​សំខាន់ៗ​ដើម្បី​ដោះស្រាយ​រាល់​ឧបសគ្គ​ដែល​រាំងស្ទះ​ដល់​អ្នកវិនិយោគ​ជាតិ-អន្តរជាតិ​អាច​ឱ្យចូល​បណ្តាក់ទុន​លើ​គ្រប់​វិស័យ ដើម្បីឱ្យ​ខេត្ត​នេះ មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែមទៀត និង​ផ្តល់​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ និង​ប្រជាជន​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ជីវភាព​ធូរធារ​បន្ថែមទៀត​៕ LA