ភ្នំពេញៈ ក្រុមហ៊ុន​ទេសចរណ៍​ធំ​មួយ​របស់​ស្វ៊ីស Asian Trail Group ដែល​កំពុង​វិនិយោគ​លើ​រមណីយដ្ឋាន​កោះរុង​ (The Royal Sands Koh Rong) មាន​គម្រោង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​ ក្រោយពេល​ស្ថានភាព​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​។

ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង​លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ជាមួយ​ឯកអគ្គរដ្ឋទូត​ស្វ៊ីស​ប្រចាំ​ប្រទេស​ថៃ លោកស្រី Helene Budliger Artieda និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Asian Trail Group កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ​។

លោក អ៊ូក សោភ័ណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែធ្នូ​ថា ក្រុមហ៊ុន​ទេសចរណ៍​ដ៏ធំ​របស់​ស្វ៊ីស​ដែល​បច្ចុប្បន្ន​មាន​ការិយាល័យ​នៅ​ថៃ​, កម្ពុជា​,​ឡាវ​, វៀតណាម​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​, សិង្ហបុរី​, ចិន និង​ហុងកុង មាន​បំណង​ចង់​ពង្រីក​ការវិនិយោគ​បន្ថែម​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​សម្លឹង​ឃើញ​ពី​សក្តានុពល​ការវិនិយោគ​តំបន់​អេកូទេសចរណ៍​ធម្មជាតិ​។

លោក​បន្តថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ទៅដល់​វិនិយោគិន​ប្រទេស​នានា​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី គោលនយោបាយ​ការទូត​សេដ្ឋកិច្ច ការកែទម្រង់​បន្ទាប់ពី​កូវីដ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​។ មួយរយៈ​នេះ​យើង​សង្កេតឃើញ​មាន​ក្រុមហ៊ុន​បរទេស​មួយចំនួន​នៅ​ថៃ ចាប់អារម្មណ៍​ចង់​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ប្រាប់ថា បច្ចុប្បន្ន​ការវិនិយោគ​លើ​ក្រុមហ៊ុន​ទេសចរណ៍​នៅ​កម្ពុជា​ពី​សំណាក់​អ្នក​វិនិយោគ​បរទេស​មាន​ជិត​ ២០ ​ភាគរយ​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​ខ្លះ​បាន​ក្ស័យទុន​ហើយ​នាអំឡុងពេល​កូវីដ​ ១៩ រីករាលដាល​។

លោក​បន្ថែមថា កាលពី​ ៣០ ​ឆ្នាំមុន ក្រុមហ៊ុន​ទេសចរណ៍​នៅ​កម្ពុជា​ភាគច្រើន​ជា​ក្រុមហ៊ុន​បរទេស ប៉ុន្តែ​បច្ចុប្បន្ន​ផ្លាស់ប្តូរ​ហើយ ដោយ​វិនិយោគិន​ក្នុង​ស្រុក​កាន់​ច្រើន​ចាប់ផ្តើម​មាន​សមត្ថភាព និង​លទ្ធភាព​ដំណើរការ​ក្រុមហ៊ុន​ទេសចរណ៍​។

លោក​និយាយថា​៖ «​ក្រោយ​ប្រកាស​បើកទទួល​ទេសចរណ៍​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មាន​ក្រុមហ៊ុន​ទេសចរណ៍​ពី​ ៧០ ទៅ​ ៨០ ​ភាគរយ​ដែល​បើក​ដំណើរការឡើង​វិញ ខណៈ​ក្រុមហ៊ុន​ទើប​បើក​ថ្មី មាន​តិចតួច​ប៉ុណ្ណោះ ដោយសារ​ប្រតិបត្តិករ​ទាំងអស់​នោះ​កំពុង​រង់ចាំ​មើល​ស្ថានភាព​កូវីដ​ ១៩​សិន ព្រោះ​កូវីដ​បំប្លែង​ថ្មី​អូមីក្រុង បាន​មកដល់​ទៀតហើយ ដូចនេះ​មិនទាន់​មាន​ការបើក​ច្រើន​នៅឡើយ​ទេ​»​។

បច្ចុប្បន្ន​ក្រសួងទេសចរណ៍​កំពុង​ខិតខំ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ដោយ​ចាប់ផ្តើម​ពី​ការបើក​ទេសចរណ៍​ក្នុង​ស្រុក និង​ការទទួល​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួច តាមរយៈ​ការត្រៀមខ្លួន​ដោះស្រាយ​បញ្ហា ដែល​អាច​កើតមាន​ក្រោយពី​ការផ្ទុះ​ឡើង​នូវ​មេរោគ​បំប្លែង​ថ្មី អូមីក្រុង​៕ LA