ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​បង្កើន​ការវិនិយោគ​លើ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ឱ្យ​កាន់តែច្រើន​ថែមទៀត ដើម្បី​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ ខណៈ​បញ្ហា​បន្លែ​សុវត្ថិភាព​ក៏​ជា​ចំណុច​គន្លឹះ​មួយ​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើន​ភាព​ជា​ដៃគូ​ដើម្បី​ជំរុញ​ខ្សែចង្វាក់​បន្លែ​សុវត្ថិភាព​របស់​ក្រុមហ៊ុន ត្រូភីខេម ដែលមាន​ទីតាំងនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ លោក វេង សាខុន បាន​លើកឡើងថា ការលើកកម្ពស់​ផលិតភាព​បន្លែសុវត្ថិភាព គឺ​ពិតជា​មាន​ភាពចាំបាច់​ក្នុង​ការធ្វើឱ្យ​កម្ពុជា​មាន​ឯករាជភាព​លើ​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ឈានទៅ​ការនាំចេញ​។ ការពង្រឹង និង​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព មិន​ត្រឹមតែ​ជួយ​ឱ្យ​កសិករ និង​អ្នកវិនិយោគ​ទទួល​បាន​ប្រាក់ចំណូល និង​អ្នក​ទទួលទាន​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា​ប្រកបដោយ​ទំនុកចិត្ត​ទៅលើ​គុណភាព​ម្ហូបអាហារ​ដែល​ទទួលទាន​ទៀតផង​។

លោក​បាន​ថ្លែងថា​៖ «​ដើម្បីឱ្យ​ផលិតផល​ (​បន្លែ​) ​មាន​សុវត្ថិភាព​សម្រាប់​អ្នកទទួល​ទាន យើង​ត្រូវខិតខំ​បន្ថែមទៀត​ក្នុង​ការដាំដុះ​ឱ្យ​កាន់តែ​ច្រើន​»​។

ទោះយ៉ាងណា លោក សាខុន លើកឡើង​ថា អ្វីដែល​ជំរុញ​ឱ្យ​វិស័យនេះ​ដំណើរ​ទៅមុខ​បាន គឺ​មិនអាច​ពឹងពាក់​ទៅលើ​ថវិការដ្ឋ​ ១ ​ជ្រុង​ទេ​។ លោក​បញ្ជាក់ថា​៖ «​វិស័យ​កសិកម្ម​ដើរទៅ​មុខ​បាន គឺ​ត្រូវតែ​មាន​ការចូលរួម​ពី​រដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម​រួមគ្នា​ទើប​អាច​ទៅមុខ​បាន​»​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ងិន ឆាយ បាន​លើកឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​បាន​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​ទាំង​ទៅលើ​បរិមាណ គុណភាព ទីផ្សារ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​។ ត្រឹម​ចុងឆ្នាំ​ ២០២១ ផ្ទៃដី​ដាំ​បន្លែ​នៅ​កម្ពុជា​មាន​ប្រមាណ ៦៩ ​ពាន់​ហិកតា និង​ផ្តល់​ផល​ ៨០០ ​ពាន់​តោន​ក្នុង​ ១ ​ឆ្នាំ​។

យោងតាម​លោក សាខុន បច្ចុប្បន្ន​កម្ពុជា​អាច​ផ្គត់ផ្គង់​បន្លែ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​រង្វង់​ពី ៨០-៨៥ ​ភាគរយ ខណៈ​កាលពី​មុន​មាន​ពី ២០-៣០ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំៗ​៕ LA

វីដេអូ៖