ភ្នំពេញៈ កម្ពុជា បាន​នាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២១ ក្នុង​បរិមាណ​ជិត ៨​លាន​តោន កើន ៦៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២០ និង​រកចំណូលបាន​ជិត ៥​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​(៦៨​ប្រទេស​) ក្នុង​បរិមាណ​សរុប ៧ ៩៨៤ ២៥១,៨៣​តោន កើនឡើង ៣ ១១០ ៧៩០,៧៣ តោន​ស្មើនឹង ៦៣,៨៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។​

​លោក​បាន​លើកឡើងថា​៖«​តាមរយៈ​ការ​បូកសរុប​ជាបឋម​ឱ្យដឹងថា តម្លៃ​សរុប​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា រយៈពេល ១២​ខែ ឆ្នាំ​២០២១ មាន​ចំនួន ៤ ៩៦៧ ៨៥២ ៧១៣​ដុល្លារ​»​។​

​បើតាម លោក វេ​ង សាខុន ផលិតផល​កសិកម្ម​សំខាន់ៗ​ដែល​ប្រទេស​កម្ពុជា​ធ្វើការ​នាំចេញ មានដូចជា អង្ករ ស្រូវ កៅស៊ូ​, ដំឡូង​មី ស្វាយ ពោត ចេក ម្រេច និង​បន្លែ​ចម្រុះ​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាពជា​ដៃគូ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដា​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) នៅ​ខេត្តកណ្តាល កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ លោក វេ​ង សាខុន បាន​លើកឡើងថា សកម្មភាព​នៃ​ការដាំដុះ ប្រមូល​ផល និង​ការនាំចេញ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩​។ លោក​បន្តថា ជាមួយនេះ​ក្រសួងកសិកម្ម ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ផងដែរ ដើម្បី​ជួយ​គាំទ្រ និង​ជំរុញ​បរិមាណ​ផលិត និង​គុណភាព​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក និង​ឈានទៅ​ការនាំចេញ​។​

​កាលពី​ឆ្នាំ​២០២០ ការនាំចេញ​ផលិតផល​កសិកម្ម មាន​ទឹកប្រាក់​ប្រមាណ ៤,៤៩​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕​