ភ្នំពេញៈ តម្លៃ​ដំឡូងមី​ក្នុង​ខេត្ត​បាត់ដំបង ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ នា​ដំណាច់​ខែ​ធ្នូ ឆ្នាំ​ ២០២១ មាន​ការ​ប្រែប្រួល​តិចតួច​ បើ​ធៀបនឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០ ខណៈ​ការ​ប្រមូល​ផល​សម្រេច​បាន​ប្រមាណ ៤០​ភាគរយ​ហើយ។ នេះ​បើ​យោង​តាម​ថ្នាក់​ដឹ​កនាំ​នៃ​មន្ទីរពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង។

ទិន្នន័យ​ពី​មន្ទីរពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង ឱ្យ​ដឹង​ថា ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២១ ដំឡូងមី​ក្រៀម មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី​ ៧៨៦ - ៨៦៩រៀលក្នុង ១​គីឡូក្រាម ខណៈ​កាល​ពី​ខែធ្នូ ឆ្នាំ ២០២០ មាន​តម្លៃ ៦៦៧ - ៨៧៥​រៀល។ ចំណែក​ដំឡូងមី​ស្រស់ មាន​តម្លៃ​ពី ២៦០- ៣៦០រៀល​ធៀប​នឹង ២៦៧ - ៣៦៣​រៀល។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបាត់ដំបង លោក គឹម ហួត បាន​ប្រាប់​ថា តម្លៃ​ដំឡូងមី នា​ដំណាច់​ឆ្នាំ ២០២១ នេះ​អាច​ទាប​ជាង​ឆ្នាំ ២០២០ បន្តិច ដោយសារ​គុណភាព​ដំឡូង​ពុំ​សូវ​ល្អ ព្រោះ​ប្រជាកសិករ​ដាំដុះ​ភាគច្រើន​ឆាប់​ដក​ដំឡូង​មុន​អាយុ ដែល​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ម្សៅ​ទាប និងជាប់​ដី​ច្រើន។

លោក​បន្តថា ផលិតផល​ដំឡូងមី​ក្នុង​ខេត្ត​បាត់ដំបង ប្រមាណ ៧០ ភាគរយ​ត្រូវ​បាន​នាំ​ទៅ​កាន់​ប្រទេស​ថៃ និង​ប្រទេស​ វៀតណាម ខណៈសល់​ពី​នោះ​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក។

ទាក់ទង​នឹង​ការ​នាំ​ចេញ លោក គឹម ហួត បាន​លើក​ឡើង​ថា៖ «ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ ពុំ​សូវ​ជួប​ឧបសគ្គ​ដូច​ឆ្នាំ​កន្លង​មក​ទេ (ការ​រឹត​បន្តឹង​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩)»។

ដំឡូងមី គឺជា​ដំណាំ​កសិឧស្សាហកម្ម​ឈាន​មុខ​គេ​មួយ​របស់​កម្ពុជា។ កាលពី​ឆ្នាំ ២០២០ កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​ជា​ផ្លូវ​ការនូវ «គោលនយោបាយ​ជាឮតិ​ស្តី​ពី​ដំឡូង​មី ២០២០-២០២៥» ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ផលិតកម្ម និង​ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​លក្ខណៈ​ពាណិជ្ជកម្មសម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​​អន្តរជាតិ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់​បាន​ថ្លែងថា ដំណាំ​ដំឡូងមី គឺជា​ដំណាំ​កសិឧស្សាហកម្ម និង​ជា​ផលិតផល​នាំ​ចេញ​ដ៏សំខាន់​របស់​កម្ពុជា​ដែល​បាន​រួម​ចំណែក​ពី ៣-៤ ភាគរយនៃ GDP ក្នុង ១ ឆ្នាំៗ។

ក្នុងឆ្នាំ២០២១ ការ​នាំ​ចេញ​ចំណិត​ដំឡូង​មីក្រៀម​មាន​ចំនួន ១ ៦៤៤ ៥៩១,៦៨តោន ដំឡូងមីស្រស់ ១ ១០៤ ២២០តោន។ នេះបើ​តាមរបាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕