ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ការរៀបចំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ (Form RCEP) បាន​រួចរាល់​ហើយ​ដើម្បី​រង់ចាំ​វិស័យ​ឯកជន​មក​ដាក់ពាក្យ​ស្នើសុំ​នាំចេញ​ទំនិញ​ទៅ​បណ្តា​ទីផ្សារ​អាសិប RCEP និង​ទីផ្សារ​ប្រទេស​ចិន ខណៈ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អាសិប-RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CCFTA) ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២​។

អ្នកនាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២២ ថា ចំពោះ​អ្នក​នាំចេញ​ទំនិញ​ដែល​មានបំណង​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ (Form RCEP) គឺ​ក្រសួង​បាន​ត្រៀម​រួចហើយ​ក្នុង​ការសម្របសម្រួល​ដល់​វិស័យ​ឯកជន​ទាំងអស់​ក្នុង​ការដាក់ពាក្យ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។

លោក​បន្ថែមថា ដោយសារ​បុណ្យ​ឆ្លងឆ្នាំ​សកល​ទើប​បញ្ចប់​ដូចនេះ​មិនទាន់មាន​ក្រុមហ៊ុន​ណា​ដាក់​ស្នើសុំ​ទេ ដោយ​ក្រសួង​រំពឹងថា វិស័យ​ឯកជន​នឹង​យកចិត្តទុកដាក់​ខ្លាំង​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ទាំង​ ២ នេះ​ជា​អតិបរមា​។

លោក​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​ ២០២២ នេះ កម្ពុជា​នឹង​អាច​នាំចេញ​កសិផល ក៏ដូចជា​ទំនិញ​ទៅ​ទីផ្សារ​ចំនួន ១៥ ​ប្រទេស ដូចនេះ​អត្រាពន្ធ​ក៏​កាន់តែ​ទាប ទន្ទឹមនឹងនេះ​នៅមាន​ទីផ្សារ​ចិន​មួយទៀត ដែល​នាំ​ទំនិញ​កសិកម្ម និង​ឧស្សាហកម្ម​ទៅបាន ដូច្នេះ​ទាំង​ទីផ្សារ​អាសិប​ (RCEP) និង​ទីផ្សារ​ចិន គឺជា​ទីផ្សារ​ដែល​ធ្វើឱ្យ​យើង​មានលទ្ធភាព​ជំរុញ​ពាណិជ្ជកម្ម​បាន​ថែមទៀត នៅ​អំឡុងពេល​កម្ពុជា កំពុង​រៀន​រស់ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​កូវីដ​ ១៩»​។

ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ ២ (RCEP & CCFTA) ត្រូវបាន លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លើកឡើង​ថា ការមាន​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​សេរី​កាន់តែច្រើន​កាន់តែ​ល្អ​។ លោក​បន្ថែមថា កិច្ចព្រមព្រៀង​ទាំងអស់​នេះ គឺជា​ឈ្នាន់​មួយ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ហើយ​អ្នកវិនិយោគ​ត្រូវធ្វើ​យ៉ាងណា ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ទាំងនេះ​ឱ្យបាន​ច្រើន​ជា​អតិបរមា​។

លោក​បន្តថា​៖ «​កសិកម្ម គឺជា​ទំនិញ​សំខាន់ និង​ចាំបាច់​ដែល​យើង​ទទួល​បាន​ភាពអនុគ្រោះ​ក្នុង​កិច្ចព្រមព្រៀង RCEP ខណៈដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ (CCFTA) ​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​សម្បើម​ដល់​កម្ពុជា ពិសេស​ការនាំចេញ​ទំនិញ​កសិកម្ម​របស់​កម្ពុជា​ទៅ​ប្រទេស​ដែលជា​ទីផ្សារ​ដ៏ធំ​បំផុត​របស់​ពិភពលោក​»​។

លោក គី សេរីវឌ្ឍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​និយាយថា កិច្ចព្រមព្រៀង RCEP នេះ​នឹង​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​បាន​គ្រប់មុខ​ទំនិញ​ទៅ​សមាជិក​អាស៊ាន​ទាំង​ ១០ ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន​ ៥ (​ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និង​នូវែលសេឡង់​) ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ក៏​នឹង​បើកចំហ​ទីផ្សារ​សម្រាប់​កម្ពុជា​ដែរ ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។

លោក​បញ្ជាក់ថា​៖ «​នៅមាន​ប្រឈម​ខ្លះៗ ព្រោះ​កិច្ចព្រមព្រៀង​នេះ​គឺ​អនុគ្រោះ​ដល់​យើង​ត្រឹមតែ​របាំង​ពន្ធគយ​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ គឺ​កម្ពុជា​ត្រូវតែ​អនុវត្ត​ឱ្យបាន​ល្អ​បំផុត​ទៅតាម​ការចង់បាន​របស់​ប្រទេស​ទាំងនោះ​»​។

កិច្ចព្រមព្រៀង RCEP គឺជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន និង​បាន​ចាប់ផ្តើម​ការចរចា​តាំងពី​ឆ្នាំ​ ២០១២ ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​មាន​កំណើន​ប្រចាំឆ្នាំ​សម្រាប់​ការនាំចេញ​ចំនួន ៧,៣ ​ភាគរយ វិនិយោគ ២៣,៤ ​ភាគរយ និង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២ ​ភាគរយ លើ​ផលិតផល​ក្នុង​ស្រុក​សរុប​ដែលមាន​នាពេល​បច្ចុប្បន្ន​។

តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ (CCFTA) ​កម្ពុជា​រំពឹងថា ប្រភេទ​ទំនិញ​របស់​ខ្លួន​ជាង ៣៤០ មុខ​នឹង​អាច​ត្រូវ​នាំ​ចេញទៅ​ទីផ្សារ​ចិន រួមមាន ម្រេច ម្ទេស​ក្រៀម ផលិតផល​កែច្នៃ​ពី​ស្វាយចន្ទី ខ្ទឹម ទឹកឃ្មុំ បន្លែ ត្រី សាច់សត្វ (​ជ្រូក មាន់ ទា ពពែ និង​គោ​) និង​ផលិតផល​គ្រឿង​សមុទ្រ រួមមាន គ្រំ ក្តាម និង​ខ្យង ជាដើម​។ កម្ពុជា​ទទួលបាន​ទីផ្សារ​ចិន​សម្រាប់​ទំនិញ​របស់ខ្លួន​ប្រមាណ ៩៨ ​ភាគរយ​នៃ​មុខទំនិញ​សរុប ខណៈ​កម្ពុជា​បាន​បើក​ទីផ្សារ​ឱ្យ​ភាគី​ចិន ៩០ ​ភាគរយ​នៃ​បន្ទាត់​ពន្ធគយ​សរុប​៕ LA