ភ្នំពេញៈ អ្នកសេដ្ឋកិច្ច លើកឡើង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​កាណាដា នឹងមាន​ទំហំ​កាន់តែ​ធំ​ថែមទៀត​ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-កាណាដា អាច​សម្រេច​បានជា​ផ្លូវការ ខណៈ​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ ៨២២ ​លាន​ដុល្លារ កើន ២៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២១ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាណាដា​មានតម្លៃ ៧៩០ ​លាន​ដុល្លារ កើនឡើង ៣១ ​ភាគរយ​ពី​ចំនួន ៦០៤ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​កាណាដា មានតម្លៃ ៣២ ​លាន​ដុល្លារ ធ្លាក់ចុះ ៣៣ ​ភាគរយ​ពី​ចំនួន ៤៨ ​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា បើសិន​អាស៊ាន សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កាណាដា ដូច​សម្រេច​បាន​ជាមួយ RCEP នោះ​គឺ​ពិតជា​ល្អ​ណាស់ ហើយ​ប្រទេស​កម្ពុជា​ក៏​នឹង​ទទួលបាន​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ច្រើន​ដែរ ព្រោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កាន់តែច្រើន​ទោះ​ក្នុង​លក្ខណៈ​ទ្វេភាគី ឬ​តំបន់ គឺ​សុទ្ធតែ​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ក្នុងការ​នាំចេញ​ទំនិញ​ដែល​កម្ពុជា​ផលិត​បាន​។

លោក​បន្ថែមថា​៖ «​សម្រាប់​ទីផ្សារ​ប្រទេស​កាណាដា កន្លងមក​កម្ពុជា​បាន​នាំចេញ​ច្រើន​នូវ​មុខទំនិញ​សំខាន់ៗ​មួយចំនួន​ដូចជា ផលិតផល​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ សម្ភារ​ធ្វើដំណើរ និង​កង់​ជាដើម ដូច្នេះ​នេះ​បើ​កម្ពុជា ដែលជា​សមាជិក​អាស៊ាន​ទទួល​បាន​ភាពអនុគ្រោះ​លើ​មុខទំនិញ​ទាំងនេះ (​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា​) ​វា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ផ្សេង​ដែល​ផលិត​ទំនិញ​នាំទៅ​ប្រទេស​កាណាដា ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​»​។

លោក​បន្តថា សភា​ពាណិជ្ជកម្ម​កម្ពុជា​ក៏​គ្រោង​បើក​ការិយាល័យ​តំណាង​ដំបូង​គេ​នៅក្នុង​ប្រទេស​កាណាដា បន្ទាប់មក​សហគមន៍​អឺរ៉ុប អាមេរិក ចិន ជប៉ុន​ផងដែរ ប៉ុន្តែ​ត្រូវបាន​អូសបន្លាយ​មកដល់ពេលនេះ ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។

បែបនេះ​ក្តី លោក​អះអាងថា បច្ចុប្បន្ន​សភាពាណិជ្ជកម្ម​កម្ពុជា​កំពុង​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម រៀបចំ​នីតិវិធី​ក្នុង​ការបើក​ការិយាល័យ​តំណាង​នេះ ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ដល់​ការទំនាក់ទំនង​ផ្នែក​ធុរកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​អភិវឌ្ឍន៍​ទាំងនោះ​ឱ្យបាន​ឆាប់​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាណាដា ជា​ប្រទេស​ជឿនលឿន និង​មាន​សេដ្ឋកិច្ច​រីកចម្រើន ដែល​តែងតែ​ទិញ​ទំនិញ​ច្រើន​ពី​កម្ពុជា ដោយ​ទំនិញ​ទាំងនោះ​ភាគច្រើន​ជា​ផលិតផល​វាយនភណ្ឌ សម្ភារ​ធ្វើដំណើរ និង​កាបូប​។ កម្ពុជា​តែងតែ​មាន​ឧត្តមភាព​សម្រាប់​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កាណាដា​។

លោក​អះអាងថា​៖ «​តាមរយៈ​ការធ្វើ​ពិពិធកម្ម​ផលិតកម្ម​ជា​បន្តបន្ទាប់ កម្ពុជា​រំពឹងថា នឹង​អាច​នាំចេញ​កាន់តែច្រើន​ថែមទៀត​ទៅ​ប្រទេស​កាណាដា​។ ម្យ៉ាងទៀត​តាមរយៈ​ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់ពាណិជ្ជកម្ម​ជាច្រើន​ទៀត ខ្ញុំ​គិតថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នឹង​រឹតតែ​ធំ​នៅពេល​អនាគត​»​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​កាណាដា​លើក​ទី​ ១០ តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នោះបាន​សម្រេច​អនុម័ត​លើ​ឯកសារយោង​សម្រាប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា និង​បានប្រកាស​ជា​ផ្លូវការ​ដើម្បី​ចាប់ផ្តើម​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា​៕ LA