ភ្នំពេញៈ ការនាំចេញ​កសិផល​កម្ពុជា​ទៅ​ក្រៅប្រទេស​ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ជិត ៨ ​លាន​តោន កើនឡើង ៦៣ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ និង​ទទួលបាន​ចំណូល​ជិត ៥ ​ពាន់​លានដុល្លារ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះភូតគាម​អនាម័យ​ជាតិ របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ (៦៨ ​ប្រទេស​) សរុប​ចំនួន ៧ ៩៨៤ ២៥១,៨៣ ​តោន កើនឡើង ៣ ១១០ ៧៩០,៧៣ ​តោន ស្មើនឹង ៦៣,៨៣ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

លោក​ឱ្យដឹងថា​៖ «​តាមរយៈ​ការបូកសរុប​ជាបឋម​ឱ្យដឹងថា​តម្លៃ​សរុប​នៃ​ការនាំចេញ​កសិផល​កម្ពុជា រយៈពេល​ ១២ ​ខែ​ឆ្នាំ​ ២០២១ មាន​ចំនួន ៤ ៩៦៧ ៨៥២ ៧១៣ ​ដុល្លារ​»​។

បើតាម​លោក វេង សាខុន ផលិតផល​កសិកម្ម​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ក្រៅប្រទេស មានដូចជា អង្ករ-ស្រូវ​, កៅស៊ូ​, ដំឡូងមី​, ស្វាយ​, ពោត​, ចេក​, ម្រេច និង​បន្លែ​ចម្រុះ​។

លោក សុខ យ៉ន អនុប្រធាន​សមាគម​សុវត្ថិភាព បន្លែ ត្រី សាច់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២២ ថា ទោះបីជា​ការដាំដុះ​របស់​ប្រជាកសិករ​ខ្មែរ​ភាគច្រើន​ធ្វើតាម​ទម្លាប់​តៗ​គ្នា និង​មិនសូវមាន​ការសិក្សា​ពី​ទីផ្សារ​ច្បាស់លាស់ ប៉ុន្តែ​លោក​បាន​សង្កេតឃើញថា សកម្មភាព​ការដាំដុះ​បន្លែ និង​ផ្លែឈើ បាន​កើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​បន្តថា ការបង្កើន​សកម្មភាព​ដាំដុះ ជា​ភាពវិជ្ជមាន​មួយ​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សេដ្ឋកិច្ច និង​សង្គម​ដែលមាន​ដូចជា ជួយ​កាត់បន្ថយ​ការនាំ​ចូល និង​អាច​ផលិត​នូវ​បន្លែ និង​ផ្លែឈើ មាន​គុណភាព​ផងដែរ​។

លោក​ប្រាប់ថា​៖ «​វឌ្ឍនភាព​នៃ​ការបង្កើន​សមត្ថភាព​ផ្គត់ផ្គង់​កសិផល​ក្នុងស្រុក និង​នាំចេញ គឺជា​លទ្ធផល​នៃ​ការខិតខំ​របស់​ប្រជាកសិករ អ្នកវិនិយោគ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​»​។

ទោះយ៉ាងណា លោក យ៉ន អះអាងថា ផលិតផល​កសិកម្ម​កម្ពុជា​ភាគច្រើន​នៅ​មិនទាន់​មាន​ស្តង់ដា​គុណភាព និង​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ទេ ដោយ​ទាមទារ​ឱ្យ​អ្នកដាំដុះ និង​អាជ្ញាធរ​ផ្នែក​កសិកម្ម​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​។ បន្ថែម​ពីលើ​នេះ អាជ្ញាធរ​ក៏​គួរ​ពង្រឹង​ការអនុវត្ត​ច្បាប់​សម្រាប់​ផលិតផល​នាំចូល ដើម្បី​លើកទឹកចិត្ត និង​តម្លៃ​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុងស្រុក​ផងដែរ​។

លោក​ប្រាប់ទៀតថា បច្ចុប្បន្ន​ប្រជាកសិករ​នៅ​កម្ពុជា​ក៏​កំពុង​ជួបប្រទះ​បញ្ហា​កង្វះ​ទុន​សម្រាប់​ពង្រីក​ការដាំដុះ​ផងដែរ ខណៈ​ការខ្ចីប្រាក់​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺ​សុទ្ធតែ​តម្រូវឱ្យ​មានទ្រព្យ​ដាក់បញ្ចាំ​។ លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​លក្ខខណ្ឌ​កម្ចី​សម្រាប់​វិស័យ​បង្កបង្កើនផល​ពី​សំណាក់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ល្អ ប្រសើរ ការដាំដុះ​នឹងមាន​ចំនួន​កាន់តែច្រើន​ថែមទៀត​»​។

នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​បន្លែ-​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាពជា​ដៃគូ​ដើម្បី​ជំរុញ​ខ្សែចង្វាក់​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដា​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) ​នៅ​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២១ លោក វេង សាខុន បាន​លើកឡើង​ថា សកម្មភាព​ការដាំដុះ ប្រមូលផល និង​ការនាំចេញ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​កំពុង​កើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា ក្រសួង​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន ដើម្បី​គាំទ្រ និង​ជំរុញ​បរិមាណ​ផលិត និង​គុណភាព​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​ឈានទៅ​ការនាំចេញ​។

ក្នុង​ឆ្នាំ​ ២០២០ ការនាំចេញ​ផលិតផល​កសិកម្ម មាន​ទឹកប្រាក់ ៤,៤៩ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA