ភ្នំពេញៈ ភ្ញៀវទេសចរ​សរុប​ជាង ២ ​លាន​នាក់​បានធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​រយៈពេល ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២២ កើនឡើង ៧៤ ​ភាគរយ​ធៀប​ទៅនឹង​អំឡុង​ឆ្លង​ឆ្នាំ​ ២០២០-២០២១ ដោយ​ក្នុងនោះ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទេសចរ​ច្រើនជាងគេ​។

លោក តុប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែមករា​ថា ចំនួន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុងអំឡុងពេល​ឆ្លង​ឆ្នាំ​សកល​ ២០២២ ក្នុង​រយៈពេល ៣ ​ថ្ងៃ​មាន​ចំនួន​ជាង ២ ​លាន​នាក់ ដែល​ចំនួន​នេះ​បាន​កើន​លើស​ការរំពឹងទុក​។

លោក​បាន​បន្ថែមថា​៖ «​កំណើន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នាឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល គឺជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​ការបើក​ទេសចរណ៍​ពេញលេញ​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​បិទបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ ជាពិសេស​វា​បានផ្តល់​ក្តីសង្ឃឹម​ដល់​អ្នក​បម្រើការ​នៅក្នុង​វិស័យនេះ ដែល​បង្ហាញថា​អ្វីៗ កំពុង​វិល​ទៅរក​ប្រក្រតីភាព​ជា​បណ្តើរ​ហើយ​»​។

លោក ងូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​ប្រាប់ថា ខេត្តសៀមរាប​ទទួលបាន​ទេសចរ​ប្រមាណ ២៨៧ ៨៣៧ ​នាក់​ក្នុង​នោះ​ភ្ញៀវទេសចរ​ជាតិ មាន​ប្រហែល ២៨៧ ០០០ ​នាក់​។ លោក​បន្ថែមថា ភ្ញៀវ​ភាគច្រើន​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ ដោយមាន​ចំនួន​ប្រហែល ២៤៧ ០០០ ​នាក់ ក្រៅពីនេះ​ទៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ១៤ ៤០០ ​នាក់​, សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍ និង​តំបន់​ផ្សេងៗ​ទៀត​ចំនួន ២៥ ៦០០ ​នាក់​។

លោក​និយាយថា​៖ «​សម្រាប់​ខេត្តសៀមរាប នៅ​រៀងរាល់​បុណ្យ​ឆ្លង​ឆ្នាំ​សកល​មុនពេល​មាន​វត្តមាន​ជំងឺ​កូវីដ-១៩ ភ្ញៀវទេសចរ​ភាគច្រើន ទាំង​ជាតិ និង​អន្តរជាតិ​និយម​ទៅលេង​នៅ​តំបន់​ផាប់ស្ទ្រីត​។ ឆ្នាំនេះ​ចំនួន​ភ្ញៀវ​ទៅលេង​នៅ​តំបន់​នេះ​មាន​ចំនួន​ច្រើន គឺ​ច្រើនជាង​មុនពេល​មាន​កូវីដ​ ១៩ ទៀត​»​។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​ដែរ​ថា ភ្ញៀវទេសចរ​ទៅ​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល រយៈពេល​ ២ ​ថ្ងៃ គឺ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ និង​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ មាន​ចំនួន​ជាង ១០ ​ម៉ឺន​នាក់ កើនឡើង​ក្នុង​រង្វង់​ ៦០ ​ភាគរយ​។ លោក​បាន​បន្ថែមថា ពុំមាន​ភ្ញៀវ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​ទេ​ក្នុងអំឡុងពេល​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ​។

លោក​បន្តថា​៖ «​ភ្ញៀវទេសចរ​ភាគច្រើន​ទៅ​កម្សាន្ត​នៅតាម​ឆ្នេរ និង​កោះ​នានា​មាន ក្រៅពីនេះ​ទៅតាម​រមណីយដ្ឋាន​ធម្មជាតិ​មួយចំនួនទៀត​»​។

លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​ប្រាប់ថា ក្នុង​រយៈពេល ២ ​ថ្ងៃ ខេត្តមណ្ឌលគិរី ទទួល​ទេសចរ​សរុប ១៨ ៩៩៦ ​នាក់ កើន ៧៧,៣០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ មាន​ចំនួន ១០ ៧១៤ ​នាក់​។

លោក​ឱ្យដឹងថា​៖ «​ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងអស់ គឺមាន​ទេសចរ​ជាតិ​ ១៨ ៩៥៥ ​នាក់ កើន ៧៩,៥៣ ​ភាគរយ និង​ទេសចរ​បរទេស ៤១ ​នាក់​ថយចុះ ៧៣,៧១ ​ភាគរយ ដោយ​រមណីយដ្ឋាន​ជ្រោះប៊ូស្រា និង​សមុទ្រ​ឈើ មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើនជាងគេ ខណៈ​ការរៀបចំ​វិធានការ​សុវត្ថិភាព គឺ​អនុវត្តបាន​ល្អប្រសើរ​»​។

បើតាម​ក្រសួង​ទេសចរណ៍ គោលដៅ​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​ទទួលបាន​ចំនួន​ភ្ញៀវទេសចរ​យ៉ាង​ផុសផុល ដោយ​ក្នុងនោះ សណ្ឋាគារ ផ្ទះសំណាក់ រី​សត និង​បាងហ្គាឡូ ត្រូវបាន​ភ្ញៀវ​កក់​ស្ទើរ​ពេញ ១០០ ​ភាគរយ ខណៈ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ផ្សេងៗ​ក៏​បើក​ដំណើរការ​ឡើងវិញ​កាន់តែច្រើន​៕ LA