កោះកុងៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុន លី ឈួង ខនស្ត្រាក់សិន ដែលជា​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដោយមាន​ការសាងសង់​ហើយ ទើប​ទូទាត់​ប្រាក់​ជា​ក្រោយ​។

ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​ ៤៨ កាលពី​ថ្ងៃទី​ ៣ ខែមករា លោក ហ៊ុន សែន បាន​លើកឡើងថា ការធ្វើ​បែបនេះ​គឺជា​ទង្វើ​ពុករលួយ ដោយ​លោក​បញ្ជា​ឱ្យ​ខេត្ត​ណា​ដែល​ជំពាក់​បំណុល​ក្រុមហ៊ុន លី ឈួង គឺ​ត្រូវ​ទូទាត់​សង​ប្រាក់​ក្នុង​រយៈពេល ២០ ​ឆ្នាំ ខណៈ​រាជរដ្ឋាភិបាល​មិន​ចេញ​ជំនួស​នោះទេ​។

ជាមួយ​គ្នា​នេះ លោក​ក៏បាន​ព្រមាន​ដល់​អភិបាលខេត្ត​នានា​ដែល​បាន​ចុះកិច្ចសន្យា​សាងសង់​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន​ខេត្ត​រួចហើយ​ជាមួយ​ក្រុមហ៊ុន លី ឈួ​ង និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ត្រូវ​លុបចេញ និង​បានឱ្យ​ក្រុមហ៊ុន លី ឈួង បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​សាងសង់​មុន​ទូទាត់​ប្រាក់​តាម​ក្រោយ បើ​មិន​ដូច្នេះ​នឹងដាក់​ក្រុមហ៊ុន​នេះ​ក្នុង​បញ្ជីខ្មៅ​។ មួយវិញទៀត បើ​អភិបាលខេត្ត​រូប​ណា​ហ៊ាន​ធ្វើ​បន្តទៀត អភិបាលខេត្ត​នោះ​នឹងត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​រាជរដ្ឋាភិបាល​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​របាយការណ៍​អំពី​បំណុល​ដែល​បណ្តា​ខេត្ត​ជំពាក់​ក្រុមហ៊ុន លី ឈួង​។ ខ្ញុំ​ហួសចិត្ត​ដែរ​តាមរបៀប​អនុវត្ត​ធ្វើ​មុន​ទូទាត់​តាម​ក្រោយ​។ ឥឡូវ​ខ្ញុំ​សូមជម្រាបថា ចៅហ្វាយខេត្ត​ណា​ហ៊ាន​ធ្វើ​បន្តទៀត ចៅហ្វាយខេត្ត​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សុំ​ផ្តាំ និង​បទបញ្ជា​ដាច់​ណាត់ គម្រោង​ទាំងឡាយ​ដែល​មិនទាន់បាន​អនុវត្ត គឺ​ដកចេញ​ភ្លាម ដក​កុងត្រា​ហ្នឹង​គ្រវាត់ចោល​ភ្លាម ព្រោះ​កុងត្រា​ហ្នឹង​អត់​មាន​អ្នកទទួល​ស្គាល់ អភិបាលខេត្ត ឬក៏​អ្នកណា​ក៏ដោយ ក៏ត្រូវ​លុបចោល​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី បើសិន​ករណី​ខាងលើ​បន្ត​កើត​មាន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ វា​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ផ្សេងទៀត​យក​គំរូ​តាម និង​ក្លាយទៅជា​ជំងឺមហារីក ដែល​នឹង​ធ្វើឱ្យ​រដ្ឋ​មាន​បំណុល​សាធារណៈ​កាន់តែច្រើន ខណៈ​នៅ​ឆ្នាំ​ថ្មី​នេះ​រដ្ឋាភិបាល​កំពុងតែ​ជំរុញ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។

ទោះបី​យ៉ាងណា លោក​បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ មុននឹង​អភិវឌ្ឍ​គម្រោង​ណាមួយ​ក្នុង​ខេត្ត គឺ​ត្រូវតែ​ដាក់​ដេញថ្លៃ​ឱ្យបាន​ត្រឹមត្រូវ និង​ទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​ជាមុន បើសិន​គម្រោង​នោះ​ត្រូវការ​ចំណាយ​ថវិការដ្ឋ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​ក្រុមហ៊ុន លី ឈួង បានទេ​កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២ ដោយ​ហៅ​ទូរស័ព្ទ​ចូល ប៉ុន្តែ​មិនមាន​អ្នក​លើក​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​បង្ហាញថា ការធ្វើ​កិច្ចការ​របស់​ថ្នាក់ក្រោម​ជាតិ​មិនទាន់មាន​ប្រសិទ្ធភាព​ទេ​។ នៅពេល​មាន​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​បែបនេះ គឺ​មិន​ត្រឹមតែ​ព្រមាន​អ្នកពាក់ព័ន្ធ​ទេ ត្រូវតែ​ដាក់​ក្រុមហ៊ុន លី ឈួង នេះ​បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​កុំឱ្យ​ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​បន្តធ្វើ​កិច្ចការ​ជាមួយនឹង​ស្ថាប័ន​សាធារណៈ​បន្តទៀត​។

លោក​បន្តថា បើសិន​រដ្ឋាភិបាល​មិន​ធ្វើ​សកម្មភាព​រក​ការពិត​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​មុន ទូទាត់​ប្រាក់​ជា​ក្រោយ វា​នឹង​មិនអាច​ដោះស្រាយ​ចេញ​ទេ​។ តាម​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី គឺ​គ្រាន់តែ​ដោះស្រាយបាន​មួយ​ភ្លែត​ប៉ុណ្ណោះ ដោយ​មិនអាច​ដោះស្រាយ​បញ្ហា​ស្នូល​ដែល​កើតឡើង​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ចំណាត់ការ​របស់​សម្តេច​មិន​ខុស​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា​នៅតែ​មិនអាច​ឈានទៅរក​ការ​ដោះ​ជា​ប្រព័ន្ធ​បាន​។ ជា​អនុសាសន៍ គឺថា​យើង​សុំឱ្យ​មានការ​សិក្សា ស៊ើបអង្កេត​រក​ឫសគល់​ឱ្យឃើញ ចាំ​យើង​ចាត់​វិធានការ​ឱ្យបាន​ជាក់​លាក់ ត្រូវ​លើ​បញ្ហា​ដែល​កើតឡើង​នោះ​។ ខ្ញុំ​គិតថា​មាន​ប្រសិទ្ធភាព​ជាង​»៕ LA

វីដេអូ៖