ភ្នំពេញៈ ឆ្នាំ​ ២០២១ បានបង្ហាញ​អំពី​សញ្ញា​វិជ្ជមាន​នៃ​ការស្ទុះ​ងើប​ឡើងវិញ​សន្សឹមៗ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក តំបន់ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ បើទោះបីជា​ផលប៉ះពាល់​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​វីរុស​បំប្លែង​ថ្មី​នៅតែ​បន្ត​មាន​ក៏ដោយ​។

ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូរ​របៀបរបប​រស់នៅ​របស់​ប្រជាជន ការងារ និង​សូម្បីតែ​ធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

យោងតាម​ធនាគារ​ពិភពលោក ចក្ខុវិស័យ​កំណើន​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា នឹង​បន្ត​ស្ទុះ​ងើបឡើង ដោយសារ​តែ​ការរឹតបន្តឹង​ជាប់ទាក់ទង​នឹង​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​លុបចោល​។ កំណើន​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ដល់​ ៤,៥ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២២ ប៉ុន្តែ​បើ​វីរុស​មាន​ការរីករាលដាល​ជាថ្មី​អាច​ធ្វើឱ្យ​ការស្ទុះ​ងើបឡើង​វិញ​ស្ថិតក្នុង​ហានិភ័យ​។

លោក ម៉ៃ គុណមករា ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​កាសែត​ភ្នំពេញ-ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​ដាច់ដោយឡែក​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​ធុរកិច្ច​សំខាន់ៗ​ក្នុង​វិស័យ​ផ្សេងៗ ដើម្បី​ប្រមើល​មើលថា តើ​វិស័យ​ទាំងនោះ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​អ្វីខ្លះ​? និង​ថា តើ​វិស័យ​ទាំងអស់នោះ​អាច​បោះជំហាន​ឆ្ពោះទៅមុខ​ដោយ​របៀប​ណា​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​?

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា

ដោយសារតែ​លក្ខខណ្ឌ​ស្ថិរភាព​ដូច​នៅពេលនេះ យើង​អាចមាន​សុទិដ្ឋិនិយម​ថា នៅ​ឆ្នាំ​ ២០២២ ការនាំចេញ​របស់​យើង​នឹង​បន្ត​កើនឡើង ប្រហែល​ជាមាន​កំណើន​មធ្យម​សម្រាប់​វិស័យ​សម្លៀកបំពាក់ និង​កំណើន​ល្អ​សម្រាប់​ទំនិញ​ធ្វើដំណើរ​។ ការផ្លាស់​ទីតាំង​នៃ​ការបញ្ជាទិញ​សម្លៀកបំពាក់​មួយចំនួន​នៅក្រៅ​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា នឹង​បន្ត​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​។

ប៉ុន្តែ​គ្មាន​អ្វីដែល​គ្មាន​ហានិភ័យ​នោះទេ​។ ជាការ​ពិតណាស់ ផ្នែក​ខាងក្នុង​យើង​ត្រូវមាន​ប្រសិទ្ធភាព​ខ្ពស់​ទាក់ទង​នឹង​ការគ្រប់គ្រង​ថ្លៃដើម​ក្នុងនាម​ជា​ប្រទេស​មូលដ្ឋាន​ផលិត​។

គម្រោង​មូលនិធិ​សោធន​និវត្តន៍​នឹង​ត្រូវបាន​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​យើង​ក៏​ជិត​ដល់​ឆ្នាំ​បោះឆ្នោត​ផងដែរ ដូច្នេះ​ប្រាក់​ឈ្នួល​អាច​រំពឹងថា​នឹង​កើនឡើង​ខ្ពស់ជាង​ឆ្នាំមុន​។ ការចំណាយ​លើ​ការអនុលោម​ភាពសង្គម និង​បរិស្ថាន​ក៏​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ផងដែរ​។

ផលិតកម្ម​បៃតង និង​និរន្តរភាព​នឹង​ក្លាយជា​វិស័យ​ថ្មី​មួយ​នៃ​ការផ្តោត​ការយកចិត្ត​ទុកដាក់ និង​ការកើនឡើង​ថ្លៃដើម​។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រូវតែមាន​កម្មវិធី​ការពារ​បរិស្ថាន និង​កម្មវិធី​ថាមពល​ស្អាត​។ ការណ៍​នេះ​ត្រូវតែមាន​គោលដៅ និង​របាយការណ៍​បង្ហាញ​ពី​វឌ្ឍនភាព​តាម​ពេលវេលា​។ ដូច្នេះ​បញ្ហា​នេះ​មិនអាច​ធ្វើបាន​នោះទេ បើ​គ្មាន​ទុនវិនិយោគ​បន្ថែម​។

លោក ស សារិន ប្រធាន​ក្រុមហ៊ុន Channel Group

កាលពី​ឆ្នាំ​ ២០២១ ឧស្សាហកម្ម​ទេសចរណ៍​នៅតែមាន​កំណើន​។ ជា​ការពិតណាស់ យើង​ឃើញថា វិស័យនេះ​បាន​រង​នូវ​ផលប៉ះពាល់​បន្តិចបន្តួច​ដោយសារតែ​វីរុស​បំប្លែង​ថ្មី វ៉ារ្យ៉ង់ Delta កាលពីដើមឆ្នាំ​ ២០២១​។ ឧស្សាហកម្ម​នេះ​មាន​ភាពប្រសើរ​ឡើង​បន្តិច​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២១ ​ដោយសារ​យើង​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​កាលពីដើម​ខែវិច្ឆិកា ដូចដែល​យើង​អាច​មើលឃើញ​ការកើនឡើង​ភ្ញៀវទេសចរ​ក្រៅប្រទេស និង​ក្នុងស្រុក​បានធ្វើ​ដំណើរ​កម្សាន្ត​ទូទាំងប្រទេស​ឡើងវិញ​។

យើង​រំពឹងថា ឧស្សាហកម្ម​នេះ​នឹង​រីកចម្រើន​បណ្តើរៗ បើទោះបី​វា​មិនមាន​ល្បឿន​លឿន​ក៏ដោយ​។ ទោះបី​នៅតែមាន​វីរុស​បំប្លែង​ថ្មី វ៉ារ្យ៉ង់ Omicron ប៉ុន្តែ​វា​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​យើង​ទេ ដោយសារ​ប្រជាជន​យើង​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង ហើយ​ខ្ញុំ​មើលឃើញ​ថា ឧស្សាហកម្ម​នេះ​នឹង​កើនឡើង​ច្រើនជាង​ឆ្នាំ​ ២០២១ ដោយសារតែ​រដ្ឋាភិបាល​បានកំណត់​ផែនការ​ស្តារឡើងវិញ​រួចហើយ ដើម្បី​ជំរុញ​ឧស្សាហកម្ម​មួយ​នេះ​។

លោក លី វីរៈ ប្រធាន​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា

ខ្ញុំ​គិតថា ប្រតិបត្តិការ​វិស័យ​អប់រំ​កាលពី​ឆ្នាំ​ ២០២១ គឺមាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​ ២០២០ ដោយសារ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​។ មនុស្ស​មាន​ការបារម្ភ​កាន់តែ​តិច មាតាបិតា និង​សិស្សានុសិស្ស​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​ប្រសើរឡើង​ចំពោះ​ការរៀន​តាម​អនឡាញ​។ ជាមួយនឹង​ការរឹតបន្តឹង ដែល​ត្រូវបាន​លុបចោល​ស្ទើរ​គ្រប់​វិស័យ រួមទាំង​សាលារៀន និង​ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ យើង​បិទបញ្ចប់​ឆ្នាំ​ ២០២១ ជាមួយនឹង​ចក្ខុវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម​ខ្ពស់​។

ចក្ខុវិស័យ​ឆ្នាំ​ ២០២២ នឹងមាន​ការរីកចម្រើន​កាន់តែ​ល្អ​ជាង​ឆ្នាំ​ ២០២១ ដែល​យើង​ពិនិត្យមើល​កត្តា​សំខាន់ៗ​ដូចជា អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់​នៅ​កម្ពុជា និង​អត្រា​ចាក់​វ៉ាក់សាំង​កាន់តែ​កើនឡើង​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក ការបន្ធូរបន្ថយ​ការរឹតបន្តឹង​ការធ្វើដំណើរ​កម្សាន្ត​អន្តរជាតិ និង​ការបើក​ឡើងវិញ​ស្ទើរ​គ្រប់​វិស័យ និង​សាលារៀន​នានា​។ ប្រសិនបើ​កម្មវិធីសិក្សា​ថ្នាក់​មត្តេយ្យ​អាយុ​ក្រោម ៥ ​ឆ្នាំ​ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ នោះ​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​នឹង​ស្ថិតនៅក្នុង​កម្រិត​ដូចគ្នា​មុនពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាក់​ជាមិនខាន​ឡើយ​។

លោក អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​​នៃ​ធនាគា​អេស៊ីលីដា ភីអិលស៊ី​​

ជាទូទៅ​សម្រាប់​ផែនការអាជីវកម្ម​របស់​យើង​ក្នុង​ឆ្នាំ​ ២០២១ មាន​ការរីកលូតលាស់​យ៉ាងខ្លាំង ដោយ​កំណើន​នៃ​ប្រាក់កម្ចី និង​បញ្ញើ កើន​ប្រមាណ ២០ ​ភាគរយ​រៀង​គ្នា​។ កត្តា​ដែល​ចូលរួមចំណែក​ឱ្យមាន​កំណើន​ខ្ពស់​បែបនេះ​ដោយសារ​តែ​វិធានការ​នៃ​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​របស់​រាជរដ្ឋាភិបាល ដោយ​មិន​បណ្តោយ​ឱ្យមាន​អត្រា​ការស្លាប់ និង​ការឆ្លង​ខ្ពស់ ជាពិសេស​គឺ​អត្រា​ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង​ដែល​សម្រេចបាន​ប្រមាណ ៩០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ដែលជា​អត្រា​មួយ​ដ៏ខ្ពស់​បើ​ធៀប​ទៅនឹង​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។ មួយវិញទៀត​ជាមួយ​អត្រា​ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង រដ្ឋាភិបាល​បាន​បើក​សេដ្ឋកិច្ច​ឡើងវិញ​កាលពីដើម​ខែវិច្ឆិកា ដែល​ខ្ញុំ​សង្កេតឃើញ​ថា អាជីវកម្ម​នានា​ចាប់ផ្តើម​ដំណើការ​ឡើងវិញ​យ៉ាងគំហុក បើទោះជា​រយៈពេល​ខ្លី​ក៏ដោយ​។ ចំណែក​កត្តា​ចុងក្រោយ គឺ​ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​សារាចរ​ក្នុងការ​រៀបចំ​ឥណទាន​ឡើងវិញ​ដែល​ជំរុញ​ឱ្យ​ធនាគារ​អេស៊ីលីដា មាន​សាច់ប្រាក់​យ៉ាងច្រើន​ក្នុង​ការជំរុញ​កំណើន​។

សម្រាប់​ឆ្នាំ​ ២០២២ ជាមួយនឹង​ការបន្ត​បើក​ដំណើការ​ពេញលេញ​នៃ​សេដ្ឋកិច្ច និង​សង្គម ដំណើការ​សេដ្ឋកិច្ច​នឹង​កាន់តែ​មានការ​សម្ទុះ​ខ្លាំង​ជាង​ឆ្នាំ​ ២០២១ ដោយសារតែ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​នឹង​បន្ត​មាន​កំណើន​កាន់តែ​ខ្ពស់​។ ខ្ញុំ​យល់ឃើញថា ទោះជា​វីរុស​ប្រភេទ​ថ្មី Omicron បាន​កំពុង​យាយី​ក៏ដោយ ខ្ញុំ​ហាក់​មិនមាន​ក្តីបារម្ភ​ឡើយ ដោយសារ​ប្រជាជន​យើង​ជាង​ ៩០ ​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ ហើយ​អត្រា​មរណៈ​ដែល​បង្កដោយ​ជំងឺ​នេះ​ក៏​ហាក់​មិន​កើន​ខ្ពស់​ឡើយ គឺ​យើង​អាច​ព្យាបាល​ជាសះស្បើយ​លឿន ដូច្នេះ​ការរីកចម្រើន​របស់​វិស័យ​ហិរញ្ញវត្ថុ​នឹង​កាន់តែ​ដើរតួនាទី​សំខាន់​ក្នុង​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​មាន​សម្ទុះ​ខ្លាំង​ជាង​មុន​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា

វិស័យ​ស្រូវ​អង្ករ បាន​ដំណើរការ​យ៉ាង​គាប់ចិត្ត បើទោះបី​មាន​ការធ្លាក់ចុះ​ដោយសារ​ជំងឺ​កូវីដ-១៩ ក៏ដោយ​។ យើង​បានឃើញ​កំណើន​នៃ​ការនាំ​ចេញទៅ​ទីផ្សារ​ធំៗ​ជាច្រើន​ដូចជា​ប្រទេស​ចិន ខណៈពេលដែល​បរិមាណ​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​មាន​កំណើន​តិចតួច​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយនេះ​។ ជា​សំណាងល្អ ប្រជាកសិករ​ប្រមូលផល​បានល្អ​ប្រសើរ ទោះបី​ជួបប្រទះ​នឹង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​មួយចំនួន​នៅ​តំបន់​ផ្សេងៗ​គ្នា​ក៏ដោយ ហើយ​នេះ​បង្ហាញ​ពី​កម្រិត​នៃ​ភាពធន់​នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

ការរំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ បាន​នាំឱ្យមាន​ការកើនឡើង​ដែល​មិន​ធ្លាប់មាន​លើ​តម្លៃ​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ ដែល​បាន​មើលឃើញ​តាមរយៈ​ក្រុមហ៊ុននាំចេញ​ជាច្រើន​ស្វះស្វែងរក​កប៉ាល់ និង​កុងតឺន័រ​។ តម្លៃ​ដឹកជញ្ជូន​កាន់តែ​ខ្ពស់​មានន័យថា អនុបាត​ប្រាក់ចំណេញ​មាន​ការថយចុះ ហើយ​ទាំង​អ្នកទិញ និង​អ្នកលក់​ត្រូវតែ​កែតម្រូវ​ការដឹកជញ្ជូន និង​កិច្ចសន្យា ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការកាន់កាប់​សន្និធិ​ខ្ពស់​ (​អ្នកលក់​) និង​គ្មាន​សន្និធិ​សម្រាប់​លក់​នៅលើ​ទីផ្សារ (​អ្នកទិញ​)​។

ជារួម វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នៅតែ​រឹងមាំ​ក្នុង​កម្រិត​អ្នក​ដាំដុះ​ជាមួយនឹង​ការប្រមូលផល​ល្អប្រសើរ ខណៈ​ដែល​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​នាំចេញ​បាន​ជម្នះ​ក្នុង​ការប្រកួតប្រជែង​ទីផ្សារ​មួយចំនួន​។ គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១ សម្ពាធ​នៃ​ការដឹកជញ្ជូន​ខ្ពស់​នៅតែ​បន្ត​ធ្វើឱ្យ​វិស័យនេះ​ធ្លាក់ចុះ ហើយ​ការធ្លាក់ចុះ​នេះ ត្រូវ​រំពឹងថា​នឹង​បន្ត​ដល់​ដើមឆ្នាំ​ ២០២២​។

ទោះបី​មាន​បញ្ហា​ប្រឈម​ជាច្រើន ចក្ខុវិស័យ​របស់​យើង​នៅតែ​រឹងមាំ​ដោយសារ​តែ​ការបញ្ចប់​វិធានការ​ការពារ​អង្ករ​របស់​សហភាព​អឺរ៉ុប​នៅ​ខែមករា ឆ្នាំ​ ២០២២ ដែល​នឹង​មើលឃើញ ក្រុមហ៊ុន​នាំចេញ​កាន់តែ​ច្រើន​ក្នុង​តំបន់ បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​។ លើសពីនេះ​ទៀត ទំនាក់ទំនង​ពាណិជ្ជកម្ម​វិជ្ជមាន​ជាមួយ​ប្រទេស​ចិន​ដែលជា​ទីផ្សារ ធំ និង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្ត​របស់​រដ្ឋាភិបាល និង​ការគាំទ្រ​សម្រាប់​កសិករ តាមរយៈ​គម្រោង​ផ្តល់​មូលនិធិ និង​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​ជា​កត្តា​ដ៏ល្អ​សម្រាប់​ឆ្នាំ​ ២០២២​។

លោកស្រី ផេង គឺមហ៊ន នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Two Way PR

សម្រាប់​ខ្ញុំ ទំនាក់ទំនង​គឺជា​គន្លឹះ​ដ៏សំខាន់​ដែលជា​ការផ្តល់ជូន​ដ៏សំខាន់​របស់​យើង​ចំពោះ​អតិថិជន ប៉ុន្តែ​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា យើង​ប្រាស្រ័យ​ទាក់ទង​គ្នា​បានល្អ​ក្នុង​ចំណោម​ខ្លួន​ពួកយើង​ផងដែរ​។ នៅពេល​យើង​ប្រឈមមុខ​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដំបូង ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ក្រុមការងារ​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​ថា​តើ​វា​នឹង​វិវត្ត​ទៅជា​យ៉ាងណា​? ជា​សំណាងល្អ ដោយ​ផ្អែកលើ​បេសកកម្ម​របស់​យើង យើង​បាន​ខិតខំ​បន្ត​ដំណើការ​អាជីវកម្ម​របស់​យើង​ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អាជីវកម្ម​របស់​យើង​នៅតែមាន​ដំណើរការ​ជា​ប្រក្រតី​។ យើង​មើលឃើញ​ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច ដោយសារ​ការគ្រប់គ្រង​បានល្អ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ជាមួយ​នឹង​ការចាប់ផ្ដើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ដែល​អនុញ្ញាត​អាចឱ្យ​រដ្ឋាភិបាល​បើក​សកម្មភាព​សេដ្ឋកិច្ចសង្គម​ទាំងមូល​ឡើងវិញ​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដែល​បាន​ជំរុញ​ឱ្យ​អាជីវកម្ម​នានា​ចាប់ផ្តើម​មាន​សកម្មភាព​ស្ទុះ​ងើបឡើង​វិញ​។ ខ្ញុំ​មើលឃើញថា ឆ្នាំ​ ២០២២ នេះ​នឹង​ក្លាយជា​ឆ្នាំ​ដ៏ល្អ​បំផុត​សម្រាប់​អាជីវកម្ម​ និង​វិនិយោគ ខណៈដែល​ច្បាប់​វិនិយោគ​ថ្មី​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​នឹង​កាន់​តែមាន​ភាពទាក់ទាញ​មួយទៀត​សម្រាប់​អ្នកវិនិយោគ​៕ LA