ភ្នំពេញៈ កម្ពុជា​បាន​ត្រៀម​រួចរាល់​នៅក្នុង​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​ ៤០ ឆ្នាំ​ ២០២២ (ATF 2022) ​ដែល​ខ្លួន​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នា​អំឡុង​ពាក់កណ្តាល​ខែមករា ដែល​មកទល់ពេលនេះ​ការរៀបចំ​ដំណើរការ​គឺ​សម្រេចបាន​ប្រមាណ ៩០ ​ភាគរយ​ហើយ​។

វិស័យ​ឯកជន​រំពឹងថា វេទិកា​នេះ​នឹង​ក្លាយជា​កាលានុវត្តភាព​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិស័យ​ទេសចរណ៍​ទៅ​វិនិយោគិន និង​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ចូលមក​កម្សាន្ត​កម្ពុជា​កាន់តែ​ច្រើន​ឡើងវិញ​ បន្ទាប់ពី​ស្ងប់ស្ងាត់​ជិត ២ ​ឆ្នាំ​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​ ៤០ ដែល​នឹងត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃទី​ ១៦-២២ ខែមករា ឆ្នាំ​ ២០២២ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ តាម​ផែនការ​ក្រៅពី​មានការ​អញ្ជើញ​ចូលរួម​ប្រជុំ​ពី​សំណាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ វេទិកា​នេះ​ក៏​នឹងមាន​ការរៀបចំ​តាំងពិព័រណ៍​ទេសចរណ៍ (TRAVEX) ដែលមាន​ស្តង់​ប្រហែល ១៨៧​។ វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​ ៣៩ ត្រូវបាន​ធ្វើ​កាលពី​ឆ្នាំ​ ២០២០ នៅ​ប្រទេស​ប្រ៊ុយណេ​។

ក្នុង​កិច្ចប្រជុំ និង​ពិនិត្យ​ទីតាំង​ជាក់ស្តែង សម្រាប់​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​ ៤០ ឆ្នាំ​ ២០២២ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ២ ខែមករា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លើកឡើងថា ដោយមាន​ការគាំទ្រ​យ៉ាង​មុតមាំ​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ អាស៊ាន​បូក និង​ផ្នែក​ឯកជន ប​ច្ចុ​-​ប្បន្ន​ចំនួន​នៃ​ការចុះឈ្មោះ និង​ការបញ្ជាក់​ពី​ការចូលរួម​ក្នុង​វេទិកា ATF បាន​កើន​លើសពី​ការរំពឹងទុក ទោះបី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មិនទាន់​ផុតរលត់​ក៏ដោយ​។ ជាមួយ​គ្នានេះ​លោក​ក៏បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្ត ដើម្បី​ធានា​ឱ្យបាន​នូវ​ការរៀបចំ​កិច្ចប្រជុំ និង​សកម្មភាព​នានា​នៃ​ព្រឹ​ត្ត​ការណ៍​អន្តរជាតិ​នេះ​ប្រកបដោយ​សុវត្ថិភាព​ស្របតាម​នីតិវិធី​ស្តង់ដា (SOP) របស់​ក្រសួង​សុខាភិបាល និង​នីតិវិធី​ស្តង់ដា​តាម​គោលដៅ​ទេសចរណ៍ (SOP) របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។

លោក​ថ្លែងថា​៖ «​វេទិកា​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​បង្កើន​ភាព​ទាក់ទាញ​វិស័យ​ទេ​សចណ៍​សម្រាប់​តំបន់​អាស៊ាន ពិសេស​បម្រាប់​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​»​។ លោក​បន្តទៀតថា​៖ «​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏​នឹង​យក​ឱកាស​នេះ​ប្រកាស​បើក​ទេសចរណ៍​ក្នុង​តំបន់​របស់ខ្លួន​ឡើងវិញ​ចេញពី​ប្រទេស​កម្ពុជា​ផងដែរ​»​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​និយាយថា រដ្ឋបាលខេត្ត​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ និង​បាន​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ​កម្លាំង​តាម​គោលដៅ សំដៅ​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​។ លោក​ថ្លែងថា​៖ «​លើសពីនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​ជួយ​គាំទ្រ​ជ្រោមជ្រែង​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ប្រកបដោយ​ការទទួល​ខុសត្រូវ​»​។

លោក គួច ចំរើន ក៏បាន​លើកឡើង​ពី​ការជំរុញ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩ ដូស​ទី​ ៣ ឱ្យ​ក្រុមការងារ និង​បុគ្គលិក​ដែល​ចូលរួម​រៀបចំ​​ការងារ​ក្នុង​ព្រឹត្តិការណ៍ ATF ឱ្យបានរ​រួចរាល់​ផងដែរ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៤ ខែមករា ថា វេទិកា​ទេសចរណ៍​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ធំជាងគេ​របស់​តំបន់​ដែល​ត្រូវបាន​រៀបចំ​ឡើង​ជា​រៀងរាល់ឆ្នាំ (​លើកលែង​ឆ្នាំ​ ២០២១ ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩) និង​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់​រដ្ឋមន្ត្រី​ប្រទេស​សមាជិក​អាស៊ាន​។ កម្ពុជា ជា​ប្រទេស​ទី​ ១ ដែល​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ខណៈ​ដំណើរ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ​១៩ បាន​គ្របដណ្តប់​លើ​ប្រជាជន​បាន​ជិត​ ៩០ ​ភាគរយ​រួចហើយ​។

លោក​និយាយថា​៖ «​វេទិកា​នេះ​នឹង​នាំមក​នូវ​ផលប្រយោជន៍ និង​ឱកាស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល​បាន​កាន់តែច្រើន​។ នេះ​ក៏​អាចជា​ការប្រកាស និង​ផ្សព្វផ្សាយ​ពី​ការបើក​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ទទួល​ទេសចរ​ឡើងវិញ បន្ទាប់ពី​បិទ​ជិត ២ ​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩»៕ LA