ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម កំណត់​យក​បង្កង​តាកែវ ដែលជា​ផលិតផល​មាន​សក្តានុពល​នៅ​ខេត្តតាកែវ ដើម្បី​ចុះបញ្ជី​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) ​ក្នុងន័យ​កសាង​កេរ្តិ៍ឈ្មោះ​បង្កង​ក្នុង​ខេត្ត​នេះ​ឱ្យ​កាន់តែ​ល្បី​ថែមទៀត​។

លោក សួន វិជ្ជា ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​ការកំណត់​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​ជំនាញការ​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​តាមរយៈ​ប្រព័ន្ធ​វីដេអូ ជាមួយ​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តតាកែវ និង​អាជីវករ​ ដើម្បី​ជំរុញ និង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​«​បង្កង​តាកែវ​»​។

លោក​បន្ថែមថា ក្រុមការងារ​បាន​ប្រមូល​ធាតុ​ចូល​ពី​អាជីវករ និង​រៀបចំ​បង្កើត​គណៈកម្មការ​បណ្តោះអាសន្ន​ ដើម្បី​រៀបចំ​ចងក្រង​សៀវភៅ​បន្ទុក​ស្តីពី​ការផលិត​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ «​បង្កង​តាកែវ​»​ សៀវភៅ​លក្ខន្តិកៈ​សមាគម បទបញ្ជាផ្ទៃក្នុង គំរូ​រូប​សញ្ញា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ជាដើម​។

លោក​ថ្លែងថា​៖ «​ដើម្បី​អនុវត្ត​គម្រោង​នេះ​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​គ្រោង​នឹង​អញ្ជើញ​អាជីវករ អ្នកពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ចុងខែ​នេះ​ ដើម្បី​ចូលរួម​ក្នុងការ​រៀបចំ​ចងក្រង​សៀវភៅ​បន្ទុក​ស្តីពី​ការផលិត​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ «​បង្កង​តាកែវ​»​ ដោយ​គ្រោង​នឹង​បញ្ចប់​គម្រោង​កសាង​កេរ្តិ៍ឈ្មោះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅ​ចុងខែ​មេសា ឆ្នាំ​ ២០២២ ខាងមុខ​»​។

លោក រីម ហ្សិប អាជីវករ​លក់​បង្កង​នៅ​ក្រុង​ដូនកែវ ខេត្តតាកែវ​ជាង​ ៣០ ​ឆ្នាំ​បាន​និយាយថា បង្កង​ខេត្តតាកែវ មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ហើយ ប៉ុន្តែ​បើ​អាច​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​(GI) ទៀត​នោះ​នឹង​ធ្វើឱ្យ​ផលិតផល​បង្កង​ក្នុង​ខេត្ត​នេះ​ល្បីល្បាញ​ដាច់​គេ​។ លោក​បន្ថែមថា នៅ​តាកែវ​បង្កង​ធម្មជាតិ​មានតែ​ ២ ​ស្រុក​ប៉ុណ្ណោះ គឺ​ស្រុក​អង្គរបុរី និង​ស្រុក​បុរីជលសា ដោយ​សម្បូរ​ជាងគេ​នៅ​ខែ​ទឹក​ឡើង​ចន្លោះ​ពី​ខែសីហា-ខែមករា ហើយ​លក្ខណពិសេស​របស់​បង្កង​ខេត្តតាកែវ ទាំង​បង្កង​ធម្មជាតិ និង​បង្កង​ចិញ្ចឹម គឺ​រសជាតិ និង​ទំហំ​ដែល​ធ្វើ​ឱ្យគេ​ទទួលស្គាល់​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​បង្កង​ខេត្តតាកែវ​បាន​ចុះ GI ក្រុមអាជីវករ​យើង​នឹង​លក់​កាន់តែ​ដាច់ ព្រោះ​នឹងមាន​ការទទួល​ស្គាល់​ទូទាំងប្រទេស​អំពី​រសជាតិ​របស់​វា​»​។

បើតាម​អាជីវករ​លក់​បង្កង​តាកែវ​រូបនេះ ក្នុង​ ១​ថ្ងៃ​លោក​អាច​លក់​បង្កង​បាន​ចន្លោះ​ពី​៨០​ទៅ​ ១០០​ គីឡូក្រាម សម្រាប់​ថ្ងៃ​ធម្មតា និង​ពី​ ២០០-៣០០ ​គីឡូក្រាម​នៅ​ថ្ងៃ​ឈប់សម្រាក ដោយមាន​ទាំង​បង្កង​ធម្មតា និង​បង្កង​ចិញ្ចឹម​នាំចូល​ពី​ប្រទេស​វៀតណាម​។

អ្នកស្រី អ៊ា អ៊ុក អាជីវករ​លក់​បង្កង​នៅ​ផ្សារណាត់ ខេត្តតាកែវ បាន​ប្រាប់ថា ចាប់តាំងពី​មាន​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ មក បរិមាណ​នៃ​ការលក់​បង្កង​របស់​អ្នកស្រី​បាន​ថយចុះ ដោយសារ​មិនសូវមាន​ការបញ្ជាទិញ​ពី​ហាង​អាហារ ឬ​ភោជនីយដ្ឋាន​នានា​។

អ្នកស្រី​បន្ថែមថា ការលក់ដូរ​ទើបតែ​ប្រសើរឡើង​បន្តិច​វិញ នៅពេល​រដ្ឋាភិបាល​អនុញ្ញាតឱ្យ​មាន​ការ​ដើរលេង​កម្សាន្ត​ឡើងវិញ ប៉ុន្តែ​នៅ​មិន​ដូច​មុន ព្រោះ​មាន​អាជីវករ​លក់ដូរ​ច្រើន​។

អ្នកស្រី​រំពឹងថា​៖ «​បើ​បង្កង​តាកែវ​អាច​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ពិតមែន ការលក់ដូរ​នឹង​ប្រសើរ ព្រោះ​អតិថិជន​នឹងមាន​ទំនុកចិត្ត​ជាង​មុន​ពី​គុណភាព​បង្កង​ខេត្តតាកែវ​»​។

បើតាម​អាជីវករ​ទាំង ​២​ នេះ បច្ចុប្បន្ន​តម្លៃ​បង្កង​ធម្មជាតិ​ខេត្តតាកែវ​មាន​ ៣​ ប្រភេទ ដោយ​បង្កង​លេខ ​១ មួយ​គីឡូក្រាម​តម្លៃ​ជិត​ ៥០​ ដុល្លារ លេខ ២​ តម្លៃ​ជាង ៣០ ​ដុល្លារ និង​លេខ ៣ ​តម្លៃ​ជាង ២០ ​ដុល្លារ ខណៈ​បង្កង​ចិញ្ចឹម​ (​បង្កង​នាំចូល​ពី​វៀតណាម​) មានតម្លៃ​ចន្លោះ​ពី ២០ ​ទៅ​ ២៥ ​ដុល្លារ​៕ LA