ភ្នំពេញៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​កូរ៉េ​ (CKFTA)​ នឹងត្រូវ​ចូល​ជា​ធរមាន​នៅក្នុង​រយៈពេល ៦០ ​ថ្ងៃ ក្រោយ​ការជូនដំណឹង​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​ភាគី​កូរ៉េ ក្នុងការ​បំពេញបែបបទ​ផ្ទៃក្នុង​ចប់​សព្វគ្រប់​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា និង​អ្នកសេដ្ឋកិច្ច បាន​អះអាងថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​កូរ៉េ នឹង​បន្ត​កើនឡើង​ក្រោយ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​កូរ៉េ​ (CKFTA)​ បានសម្រេច​ជា​ស្ថាពរ​ក្នុងពេល​ឆាប់ៗ ខណៈ​ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ សម្រេចបាន ៦៣៨ ​លាន​ដុល្លារ កើន ១០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៥៧៨​ លាន​ដុល្លារ​។

ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ​៤៨ នៅ​ខេត្តកោះកុង ដែលជា​ឥណទាន​សម្បទាន របស់​រដ្ឋាភិបាល​កូរ៉េ លោក Park Heung-Kyeong ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា ទំនាក់ទំនង​រវាង​កូរ៉េ និង​កម្ពុជា​បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​បាន​កសាង​ទំនាក់ទំនង​ការទូត​ឡើងវិញ​ក្នុង​ឆ្នាំ ​១៩៩៧ ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ សម្រេចបាន​រហូតដល់ ១,០៣ ​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០១៩ កើន ១៩​ ដង​ធៀប​នឹង​ឆ្នាំ​ ១៩៩៧ ដែលមាន​ត្រឹមតែ ៥៤ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

លោក​បន្តថា​៖ «​ទឹកប្រាក់​វិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០០៤ ដល់​ឆ្នាំ​ ២០១៩ មាន ៤,៤​ ពាន់​លាន​ដុល្លារ ជាប់​ចំណាត់ថ្នាក់​ទី​ ២ បន្ទាប់ពី​ចិន ហើយ​កាលពី​ខែតុលា ឆ្នាំ​ ២០២១ កូរ៉េ និង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ ជា​ស្ថាពរ ដោយ​រំពឹងថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នឹង​កើនឡើង​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ខាងមុខ​»​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅក្នុង​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣ ជាមួយនឹង​គណៈកម្មការ​ទី​ ៩ នៃ​ព្រឹទ្ធសភា កាលពីថ្ងៃ​ទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២១ បាន​និយាយថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​កូរ៉េ នឹង​ក្លាយជា​កម្លាំងចលករ​ដ៏សំខាន់​ក្នុងការ​ជំរុញ​រំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ភាគី​ទាំង​ ២ ​ដែល​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ផ្នែក​សេដ្ឋកិច្ច ការអភិវឌ្ឍ សុខុមាលភាព​ប្រជាជន និង​ការផ្សារភ្ជាប់​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​ពាណិជ្ជកម្ម​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត និង​ច្បាប់​នានា សំដៅ​កែលម្អ​នូវ​បរិយាកាស​ធុរកិច្ច ក៏ដូចជា​ការធ្វើ​ពិពិធកម្ម​ទីផ្សារ ជំរុញ​ការនាំចេញ​តាមរយៈ​ការទាញ​យក​ប្រយោជន៍​ឱ្យអស់​លទ្ធភាព​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​ជា​សមាជិក ព្រមទាំង​ការចរចា​ទីផ្សារ​បន្ថែម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ផងដែរ​»​។

គណៈកម្មការ​ទី​ ៩ នៃ​ព្រឹទ្ធសភា​បាន​ឯកភាព និង​គាំទ្រ​ទាំងស្រុង​ទៅលើ​ទម្រង់ និង​ខ្លឹមសារ​នៃ​សេចក្តីព្រាង​ច្បាប់​ទាំង​ ៣ ​ខាងលើ ដោយ​ពុំ​មាន​ការកែសម្រួល​បន្ថែម​ទេ ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នាពេលខាងមុខ​ដើម្បី​ពិនិត្យ និង​អនុម័ត​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ក្រោយ​កិច្ចព្រមព្រៀង CKFTA អនុវត្ត​ជា​ផ្លូវការ ខណៈ​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ជាច្រើន បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​នៅ​គ្រា​ដែល​ច្បាប់​វិនិយោគ​មាន​ភាពអនុគ្រោះ​ច្រើន​ដល់​វិនិយោគិន​ទាំងនោះ​។

លោក​បន្ថែមថា ការវិនិយោគ​នៅ​កម្ពុជា មិន​ខុសពី​ការវិនិយោគ​នៅ​តំបន់​អាស៊ាន​ទេ ដោយ​តំបន់​មួយ​នេះ​មាន​ប្រជាជន ៦៧៨,៥ ​លាន​នាក់​ដែល​នេះ​ជា​ចំណុច​ដ៏សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​កូរ៉េ ក៏ដូចជា​វិនិយោគិន​ពី​ប្រទេស​ផ្សេង​ដែល​នាំ​ចេញទៅ​កូរ៉េ អាចនឹងទទួល​បានការ​អនុគ្រោះ​ពន្ធ​ច្រើន ក្រោយ​ការអនុវត្ត​កិច្ចព្រមព្រៀង CKFTA​។ យ៉ាងណា​លោក​ថា នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ប្រឈម​ចំពោះមុខ​មាន ៥ ​ចំណុច រួមមាន​ទី​១ បញ្ហា​ដី​កសិកម្ម និង​ធារាសាស្ត្រ ទី​ ២ បញ្ហា​ការតភ្ជាប់​ផ្លូវ​កសិកម្ម និង​តំបន់ឧស្សាហកម្ម ទី​ ៣ បញ្ហា​តម្លៃ​អគ្គិសនី ថ្លៃ​ជាង​ប្រទេសជិតខាង ទី​ ៤ ការ​អនុវត្ត​ច្បាប់​នៅមានកម្រិត​ដែល​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ពុំទាន់​មាន​ប្រសិទ្ធភាព​នាំ​ធ្វើឱ្យ​វិនិយោគិន​មិន​ហ៊ាន​ដាក់ទុន និង​ទី​ ៥ ការទប់ស្កាត់​ទំនិញ​នាំចូល​ដោយ​ខុសច្បាប់​មិនមាន​ប្រសិទ្ធភាព​នៅឡើយ​»​។

លោក គី សេរីវឌ្ឍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា​បាន​និយាយថា ការអនុវត្ត​កិច្ចព្រមព្រៀង CKFTA គឺជា​ការបើក​ច្រក​មួយទៀត​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា បន្ទាប់​ពី​ទីផ្សារ​អឺរ៉ុប អាមេរិក និង​ចិន​។

លោក​បន្ថែមថា​៖ «​កិច្ចព្រមព្រៀង CKFTA នេះ មាន​ពិពិធកម្ម​ខុសពី​កិច្ចព្រមព្រៀង CCFTA ជាមួយ​ចិន​ដោយសារ​តែ​ចិន​ភាគច្រើន​ផ្តល់ឱ្យ​កម្ពុជា​តែ​វិស័យ​កសិកម្ម ប៉ុន្តែ CKFTA ផ្តល់ឱ្យ​ស្ទើរ​គ្រប់​វិស័យ​ទាំង​ផលិតផល​អេឡិចត្រូនិក គ្រឿង​ផ្គុំ​អេឡិចត្រូនិក​រថយន្ត និង​សម្លៀកបំពាក់​ផងដែរ​»៕ LA