ភ្នំពេញៈ កម្ពុជា​កំពុង​ស្វែងរក​វិធី​ដោះស្រាយ​នានា​ពាក់ព័ន្ធ​នឹង​មធ្យោបាយ និង​វិធី​នាំចេញ​ផ្សេងៗ​ដើម្បី​ចៀសវាង​ហានិភ័យ និង​បញ្ហា​នានា​ដែល​បណ្តា​លពី​ការកកស្ទះ​តាមរយៈ​ការបញ្ជូន​ទំនិញ​ឆ្លងកាត់​វៀតណាម​ទៅ​ប្រទេស​ចិន តាម​ច្រកព្រំដែន​គោក​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ៣ ខែមករា​ឆ្នាំ​ ២០២២ ឱ្យដឹងថា ក្រសួង​ពាណិជ្ជកម្ម រួមជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ពិនិត្យ និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​ការវិវឌ្ឍ​នៃ​សភាពការណ៍​នេះ ហើយនឹង​ជម្រាបជូន​អំពី​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ទៀត​។

បើតាម​ក្រសួងពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន​ដោយ​ប្រឈម​នឹង​ស្ថានភាព​ស្រួចស្រាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ «​អូមីក្រុង​»​ ដែលមាន​ហានិភ័យ​ខ្ពស់ បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​បានចាប់ផ្តើម​ដាក់​ចេញ​វិធានការ​រឹតបន្តឹង​ផ្នែក​សុខាភិបាល និង​រឹតត្បិត​ការធ្វើដំណើរ​ចេញ-ចូល និង​ឆ្លងកាត់​សំដៅ​បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​ជាយថាហេតុ​។

ក្រសួង​បន្តថា សកម្មភាព​នាំចូល និង​នាំចេញ​ទំនិញ​នៅ​ច្រកព្រំដែន​វៀតណាម និង​ចិន​បាន​ជួបប្រទះ​ការកកស្ទះ​យ៉ាងខ្លាំង ជាពិសេស​នៅ​ច្រកទ្វារព្រំដែន​ខេត្ត Lang Son និង​ខេត្ត Qu-ang Ninh ខណៈ​មូលហេតុ​ចម្បង​គឺ​មកពី​ការរឹតបន្តឹង​វិធានការ​បង្ការ​ការរីករាលដាល​កូវីដ ​១៩ របស់​ចិន​នៅក្រោម​គោលនយោបាយ​ «Zero Covid»​។

បើតាម​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​ ២១ ធ្នូ ឆ្នាំ​ ២០២១ ក្នុង​ខេត្ត​ទាំង​ ២​ខាងលើ​មាន​រថយន្ត​ប្រមាណ​ជាង ៦ ០០០ ​គ្រឿង​កំពុង​រង់ចាំ​ការនាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​។ តាម​ការវាយតម្លៃ​ជារួម​ឃើញថា បរិមាណ​ទំនិញ​ដែល​អាច​នាំចេញ​បាន​តាម​ច្រកព្រំដែន​សំខាន់ៗ​មួយចំនួន​ជាមួយ​ប្រទេស​ចិន​មាន​ចំនួន​ត្រឹម ២៥-៣០ ​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​លក្ខខណ្ឌ​នាំចេញ​ធម្មតា​។ លើសពីនេះ ច្រកទ្វារព្រំដែន​មួយចំនួនទៀត​នៅតែ​ផ្អាក​ដំណើរការ​គយ​ជា​បណ្តោះអាសន្ន​រហូតដល់​មាន​សេចក្តី​ជូនដំណឹង​ថ្មី​។

លោក ប៉ែន សុ​វិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែមករា​ថា ក្រសួង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បន្ទាប់ពី​ទទួលបាន​លិខិត​មកពី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ដែល​បានបញ្ជាក់​ពី​ទំនិញ​កកស្ទះ​នៅ​មាត់ច្រក​ទា្វរ​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​។ លោក​បន្តថា រហូតមកដល់​ពេលនេះ កម្ពុជា​មិនទាន់​ទទួលរង​នូវ​ផលប៉ះពាល់​ពី​បញ្ហា​នេះ​ទេ ដោយសារតែ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចិន និង​នាំចូល​តាមរយៈ​ផ្លូវទឹក​មួយចំនួនធំ​។ ទោះជា​យ៉ាងណា ក៏មាន​ការនាំចេញ​តាមរយៈ​ផ្លូវគោក​ដែរ ប៉ុន្តែ​ផលប៉ះពាល់​កម្រិតណា​នោះ​ក្រសួង​ក៏​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ធុរជន​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹង​ការកកស្ទះ​នេះ​។

លោក​បាន​និយាយថា​៖ «​នៅពេល​ទទួល​សេចក្តី​ជូនដំណឹង​បែបនេះ​ពី​ភាគី​វៀតណាម ដែល​សរសេរ​ទៅកាន់​ស្ថានទូត​កម្ពុជា​នៅ​វៀតណាម និង​សរសេរ​មក​ក្រសួងពាណិជ្ជកម្ម យើង​ចាំបាច់​ត្រូវតែ​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​សាធារណជន​ទាំង​ធុរជន ទាំង​សមាគម​ដឹកជញ្ជូន ទាំង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​កាត់ដេរ​ជាដើម​ដែល​ធ្លាប់បាន​នាំ​សម្ភារ​បរិក្ខារ សំណង់ និង​វត្ថុធាតុដើម​កាត់ដេរ​នាំចូល​ពី​ប្រទេស​ចិន គឺ​ឱ្យ​បង្វែរ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវអាកាស​វិញ​»​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា លោក​ទទួលបាន​ព័ត៌មាន​ខាងលើ​ពី​ដៃគូ​នៅ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម កាលពី ២ ​សប្តាហ៍​មុន ដោយមាន​រថ​យន្ត​ច្រើន​គ្រឿង​កំពុង​កកស្ទះ​នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ដែល​ការកកស្ទះ​នេះ​ ដោយសារ​ប្រទេស​ចិន​ដាក់​វិធានការ និង​គោលនយោបាយ «Zero Covid»​។

លោក​បន្តថា វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩ បានធ្វើឱ្យ​ទំនិញ​ប្រភេទ​កសិកម្ម​ជាច្រើន ជាពិសេស​បន្លែ និង​ផ្លែឈើ​ត្រូវបាន​ខូចខាត​យ៉ាងច្រើន​នៅក្នុង​អំឡុងពេល​កកស្ទះ​រថយន្ត​រាប់ពាន់​គ្រឿង​។ ទោះជា​យ៉ាងណា ការកកស្ទះ​នេះ​ស្ថិតនៅ​ប្រទេស​វៀតណាម​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​កម្ពុជា​មិន​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ទេ បន្ទាប់ពី​អ្នក​ដឹកជញ្ជូន និង​សមាគម​ទទួលបាន​ព័ត៌មាន​មុន​។

លោក​ថ្លែងថា​៖«​បើ​មានការ​កកស្ទះ​អ៊ីចឹង វា​មានការ​ខូចខាត និង​ខាត​បង់ហើយ ប៉ុន្តែ​សម្រាប់​កម្ពុជា​យើង​មិនមាន​ការខាតបង់​អ្វី​ច្រើន ដោយសារតែ​ការកកស្ទះ​នៅ​ព្រំដែន​វៀតណាម និង​ចិន​»​។

បើតាម​លោក ចន្ធី បន្ទាប់ពី​កម្ពុជា​ទទួលបាន​ព័ត៌មាន​ការកកស្ទះ​នេះ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន មានការ​វេចខ្ចប់​តាម​ស្តង់ដា និង​មានការ​ប្រយ័ត្ន​ប្រយែង​បំផុត​។ ចំណែក​ទំនិញ​របស់​ប្រទេស​វៀតណាម ដែល​កកស្ទះ​ប្រហែល​ជាការ​វេចខ្ចប់​ខ្វះ​ស្តង់ដា និង​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​៕ LA