ភ្នំពេញៈ កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ ៩៧៧ ​លាន​ដុ​ល្លារ​ទៅលើ​ការ​នាំចូល​រថយន្ត​គ្រប់​ប្រភេទ នា​រយៈពេល ១០ ​ខែ​ដើមឆ្នាំ​ ២០២១ កើនឡើង ៨ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២១ ការ​នាំចូល​រថយន្ត​មាន​ទឹកប្រាក់​សរុប ៩៧៧,៤ ​លាន​ដុល្លារ កើនឡើង ៨​ ភាគរយ​ពី​ចំនួន ៩០១ ​លាន​ដុល្លារ​នា​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២០​។ ចំនួន​នេះ​ស្មើ​ប្រមាណ​ជាង ៤ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​ប្រទេស​កម្ពុជា​នាំចូល​ទំនិញ​សរុប ២៣ ០៦០ ​លាន​ដុល្លារ​នា​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី ​៤ ខែមករា​ថា កំណើន​នៃ​ការនាំចូល​រថយន្ត​បញ្ជាក់ថា ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​បាន​បង្ខំ​ឱ្យមាន​ការបិទ​សកម្មភាព​អាជីវកម្ម និង​រោងចក្រ​/​សហគ្រាស​មួយចំនួន​ (​រយៈពេល​ខ្លី​) ក៏​មិនបាន​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រាក់ចំណូល​របស់​ប្រជាជន​ភាគច្រើន​នោះទេ​។ លោក​បាន​បន្តថា កំណើន​ការនាំចូល​រថយន្ត​ក្នុងអំឡុងពេល​ខាងលើ​ក៏បាន​មកពី​កត្តា​មួយចំនួន​ដូចជា ការបញ្ចុះ​តម្លៃ​ពន្ធ​នាំចូល​រថយន្ត កំណើន​នៃ​ការនាំចូល​រថយន្ត​ថ្មី​ពី​រោងចក្រ​ក្នុង​តំបន់​អាស៊ាន ព្រម​ទាំង​លក្ខខណ្ឌ​បង់ប្រាក់​ទិញ​រថយន្ត​ (​បង់​រំលស់​) ​កាន់តែ​ងាយស្រួល​។

លោក​ប្រាប់ថា​៖ «​តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ ប្រកបដោយ​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល ចំនួន​ប្រជាជន​ទទួល​វ៉ាក់សាំង​គ្រប់​ដូស និង​ការបើក​សេដ្ឋកិច្ច​ឡើងវិញ ខ្ញុំ​មានជំនឿថា ការ​នាំចូល​រថយន្ត​នឹង​បន្ត​មាន​កំណើន​បន្ថែមទៀត​ក្នុង​ឆ្នាំ ​២០២២ នេះ​»​។

ទោះយ៉ាងណា ដោយសារ​នៅ​កម្ពុជា​ចាប់ផ្តើម​មានការ​វិនិយោគ​លើ​រោងចក្រ​ដំឡើងរថយន្ត​នោះ លោក វណ្ណៈ បញ្ជាក់ថា កំណើន​នៃ​ការនាំ​ចូល​អាច​នឹងមិន​អាចមាន​អត្រា​ខ្ពស់​ទៀត​ទេ​។

RMA (Cambodia) Plc ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ បានប្រកាសថា ក្រុមហ៊ុន​នឹង​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​យីហោ Ford បន្ទាប់ពី​ក្រុមហ៊ុន​ទទួលបាន​ការយល់ព្រម​ពី​ក្រុមហ៊ុនមេ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​សង់រោង​ចក្រ​ដែលមាន​ទីតាំងនៅ​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ តាម​ផែនការ រោងចក្រ​នេះ​នឹង​ដំឡើង​យីហោ​រថយន្ត ២ ប្រភេទ​របស់ Ford គឺ Ford Ranger និង Ford Everest ជាង ១០ ០០០ គ្រឿងក្នុង​ ១ ​ឆ្នាំ​។

បន្ថែម​លើ​នេះ​ក្រុមហ៊ុន HGB Motors Assembly ក្នុង​ខែកញ្ញា​ដដែល ក៏​ទទួលបាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លើ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត ភីភី (Poi Pet PP SEZ) ដែលមាន​ទុនវិនិយោគ ៧ ​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា កំណើន​សេដ្ឋកិច្ច និង​ការវិនិយោគ​ថ្មីៗ​គឺជា​ហេតុផល​ចម្បង​នាំឱ្យមាន​កំណើន​ការ​នាំចូល​រថយន្ត ទាំង​រថយន្ត​ប្រើប្រាស់​លក្ខណៈ​គ្រួសារ និង​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​។ លោក​បាន​បន្ថែមថា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​ចាប់ផ្តើម​ពី​ដើមឆ្នាំ​ ២០២២ នេះ ក៏​នឹង​ធ្វើឱ្យ​តម្រូវការ​រថយន្ត​សម្រាប់​អ្នកវិនិយោគ និង​ដឹកជញ្ជូន​ទំនិញ កើនឡើង​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​តម្រូវការ​រថយន្ត​នឹងមាន​អត្រា​កាន់តែ​ខ្ពស់ ប៉ុន្តែ​បើ​និយាយថា កំណើន​នៃ​ការនាំ​ចូល​នឹង​កើន​ខ្ពស់ ឬ​យ៉ាងណា​នោះ គឺ​មិនទាន់​អាច​វាយតម្លៃ​បានទេ ព្រោះ​ក្នុងពេល​ឆាប់ៗ​នេះ កម្ពុជា​នឹងមាន​រោងចក្រ​ដំឡើង​រថយន្ត​ក្នុងស្រុក​»​។ លោក​បន្តថា​៖ «​ការនាំចេញ​រថយន្ត​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ នឹង​អាច​លេចឡើង​ក្នុងពេល​ឆាប់ៗ​ផងដែរ​»​។

របាយការណ៍​ក្រសួងពាណិជ្ជកម្ម បង្ហាញថា កម្ពុជា​បាន​ចំណាយ​ប្រាក់ ១ ០៩៩,៥៦ ​លាន​ដុល្លារ ទៅលើ​ការ​នាំចូល​រថយន្ត​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២០ ដែល​ចំនួន​នេះ​ធ្លាក់ចុះ​ពី ១ ៧៣៤,៣១ ​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៩ ឬ​ស្មើនឹង ៣៦,៦ ​ភាគរយ​។

ដើម្បី​លើកទឹកចិត្ត​អ្នកប្រើប្រាស់​រថយន្ត ក៏ដូចជា​បង្កើន​ចំណូល​ជាតិ រដ្ឋាភិបាល​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​ ២០២១ បានសម្រេច​កាត់បន្ថយ​អត្រាពន្ធគយ​នាំចូល​រថយន្ត​ចន្លោះ​ពី ១០ ដល់ ២០ ​ភាគរយ​។

យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្នាំ​ ២០២១ សម្រេចបាន​ប្រមាណ ៩៣ ​លាន​ដុល្លារ កើន​ជិត ៨​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០៕ LA