ភ្នំពេញៈ លោក ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជា (SERC) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីមានការរីករាលដាលជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២១ ក៏ផ្សារហ៊ុនកម្ពុជា (CSX) បានឃើញពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) របស់សហគ្រាសធុនតូច និងមធ្យម ដែលមិនធ្លាប់មាន ដោយបានចុះបញ្ជីលើទីផ្សារកំណើន។ ហើយបើគិតត្រឹមឆ្នាំ ២០២១ មានក្រុមហ៊ុនចុះបញ្ជីនៅលើទីផ្សារកំណើនចំនួន ១៥ ដែលក្នុងនោះក្រុមហ៊ុនចំនួន ៨ បានចុះបញ្ជីមូលបត្រកម្មសិទ្ធិ ចំណែកក្រុមហ៊ុនផ្សេងទៀតចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម ដោយប្រមូលមូលនិធិបានពីទីផ្សារនេះចំនួនប្រហែល ២៧៧,៧៩ លានដុល្លារអាមេរិក។
លោកឱ្យដឹងថា មូលធននីយកម្មទីផ្សារសរុបត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ មានចំនួន ១,៧៤ ពាន់លានដុល្លារ។ បរិមាណជួញដូរប្រចាំថ្ងៃមធ្យមកាលពីឆ្នាំ ២០២១ (គិតត្រឹមខែវិច្ឆិកា) មានចំនួន ១០៣ ៩១៧ ភាគហ៊ុន កើន ១១៩,៨៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ជាមួយតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យម ២០២ ៦៣៥ ដុល្លារដែលខ្ពស់ជាងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ប្រហែល ៥៨ ភាគរយ។
លោកបានថ្លែងថា៖ «ទោះបីមានការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ ក៏ SERC កាលពីឆ្នាំ ២០២១ បានមើលឃើញថា ទីផ្សារភាគហ៊ុនកម្ពុជា ទទួលបាន IPO លើកដំបូងដែលមិនធ្លាប់មានរបស់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីក្នុងទីផ្សារកំណើន។ ទីផ្សារនេះក៏បានសម្រួលដល់ការចេញមូលបត្របំណុលរបស់ Telcotech ដែលត្រូវបានធានាដោយមូលនិធិការធានាឥណទាន និងមធ្យោបាយវិនិយោគ (CGIF) ផងដែរ»។
លោក សុជាតិ បានបន្ថែមទៀតថាកាលពីឆ្នាំ ២០២១ SERC បានផ្តល់អាជ្ញាប័ណ្ណ/ការអនុម័ត/ការទទួលស្គាល់ដល់ក្រុមហ៊ុនក្នុងទីផ្សារមួយចំនួនដូចជា ក្រុមហ៊ុនធានាទិញមូលបត្រ ១, ក្រុមហ៊ុនសមភាគីកណ្ដាល ១, ក្រុមហ៊ុនជើងសានិស្សន្ទ ៤, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ៥, និងក្រុមហ៊ុនធានាទុកទ្រព្យ ២។ គិតត្រឹមឆ្នាំ ២០២១ SERC បានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនមូលបត្រ ១២, ក្រុមហ៊ុនផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ៣, ក្រុមហ៊ុនផ្តល់ប្រឹក្សាវិនិយោគ ១, ក្រុមហ៊ុន ២៨ កំពុងធ្វើអាជីវកម្មនៅ CIS, ក្រុមហ៊ុន ៣៦ ធ្វើអាជីវកម្មក្នុងឧបករណ៍និស្សន្ទ, និងបានផ្តល់ការយល់ព្រម/ការទទួលស្គាល់ដល់ភ្នាក់ងារចំនួន ៣៦។ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២១ SERC បានផ្តល់ការយល់ព្រមដល់អត្តសញ្ញាណវិនិយោគិនចំនួន ៣០ ១៥៣។
លោកថ្លែងថា៖ «ក្នុងនាមនិយតករនៃទីផ្សារមូលធន យើងតែងដាក់ការការពារវិនិយោគិនជាអាទិភាពចម្បង។ SERC បានផ្តល់ការបណ្តុះបណ្តាលជាច្រើនដល់សាធារណជនដើម្បីបង្កើនការយល់ដឹងពីទីផ្សារមូលបត្រ»។
លោកស្រី គីម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៥ ខែមករាថា ឆ្នាំ ២០២១ គឺជាឆ្នាំដ៏លំបាកមួយទៀតដែលទីផ្សារមួយនេះបានយកឈ្នះ។ ទីផ្សារនេះ បានឃើញការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពជួញដូរច្រើនជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការជួញដូរជាមធ្យមប្រចាំថ្ងៃបានកើនដល់ជិត ២៧០ ពាន់ដុល្លារអាមេរិកកើនឡើង ១២៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។
ទន្ទឹមនឹងនោះលោកស្រីបានបញ្ជាក់ថា វានឹងមានការខកចិត្តខ្លះពីក្រុមវិនិយោគិន ពិសេសក្រុមវិនិយោគិនដែលវិនិយោគលើភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលតម្លៃភាគហ៊ុនធ្លាក់ចុះប្រហែល ៣៨ ភាគរយ ដែលជំរុញឱ្យសន្ទស្សន៍ CSX ធ្លាក់ចុះ ២៧ ភាគរយដោយសារសម្ពាធដ៏ខ្លាំងរបស់វា។
លោកស្រីលើកឡើងថា៖ «ទោះជាយ៉ាងណា ខ្ញុំចង់និយាយថា នេះជាស្ថានភាពពិសេសមួយ ហើយអាចជាការធ្លាក់ចុះបណ្តោះអាសន្ន ព្រោះវាបណ្តាលមកពីភាពមិនស៊ីចង្វាក់គ្នាជាបណ្តោះអាសន្នរវាងតម្រូវការ និងការផ្គត់ផ្គង់លើសនៃភាគហ៊ុន ហើយវាមិនទាក់ទងនឹងតម្លៃជាមូលដ្ឋានរបស់ក្រុមហ៊ុននោះទេ»។ លោកស្រីបន្ថែមថា៖ «បើយើងសង្កេតឱ្យបានដិតដល់គឺហេតុផលនៅពីក្រោយការបង្ខំលក់ និងការទិញ និងការកើនឡើងគួរឱ្យកត់សម្គាល់នៃសកម្មភាពជួញដូរកាលពីឆ្នាំ ២០២១។ ខ្ញុំជឿថា បញ្ហាបណ្តោះអាសន្នបែបនេះនឹងត្រូវកែលម្អក្នុងឆ្នាំ ២០២២ ហើយក្រុមវិនិយោគិនដែលបានទិញក្នុងតម្លៃទាបកាលពីឆ្នាំមុន នឹងអាចប្រមូលផលក្នុងឆ្នាំនេះជាមិនខាន»។
លោក ស៊ូ សុជាតិ ក៏បានបញ្ជាក់ដែរថា ឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំដ៏គួរឱ្យរំភើប និងជាឆ្នាំប្រកបដោយផ្លែផ្កាមួយផ្សេងទៀតសម្រាប់ SERC ក្នុងនាមជានិយតករទីផ្សារមូលធននៅកម្ពុជា និងក្នុងនាមជាប្រធានវេទិកាទីផ្សារមូលធនអាស៊ាន។ SERC នឹងដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្ររយៈពេល ១០ ឆ្នាំផងដែរ៕ LA