តម្លៃ​ប្រេងឆៅ​បាន​កើនឡើង​ខ្ពស់ជាង ១% នៅ​ថ្ងៃ​ជួញដូរ​ដំបូង​នៃ​ឆ្នាំ​ថ្មី មុនពេល​កិច្ចប្រជុំ​របស់​អង្គការ OPEC និង​សម្ព័ន្ធ​របស់ខ្លួន (OPEC+) ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​អំពី​គោលនយោបាយ​ផលិតកម្ម​ប្រេង​។

គួរបញ្ជាក់​ផងដែរ​ថា គេហទំព័រ Reuters កាលពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​ថា៖ «​អង្គការ OPEC បាន​កាត់បន្ថយ​ទិន្នន័យ​ប៉ាន់ស្មាន​របស់ខ្លួន​នៃ​ការផ្គត់ផ្គង់​បន្ថែម​នៅក្នុង​ទីផ្សារ​ប្រេង​ពិភពលោក ក្នុង​ត្រីមាស​នេះ ១​ ថ្ងៃ មុនពេល​អង្គការ OPEC+ ពិចារណា​លើ​ការជំរុញ​ទិន្នផល​ផ្សេងទៀត​។ ពួកគេ​មើលឃើញថា ទិន្នន័យ​បន្ថែមចំនួន ១,៤​ លាន (b/d) ក្នុង​រយៈពេល ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ បង្ហាញ​ពី​ការធ្លាក់ចុះ ២៥% ពី​ការប៉ាន់ស្មាន​របស់ខ្លួន​កាលពី ១ ​ខែ​មុន​»​។

​ងវិញទៀត គេហទំព័រ Bloomberg បាន​រាយការណ៍​ថា ៖ «​ទិន្នផល​របស់​លីប៊ី​កំពុង​ត្រូវបាន​រាំងស្ទះ ហើយ​រំពឹងថា ទិន្នផល​របស់ខ្លួន​នឹង​ធ្លាក់ចុះ ២០០ ​ពាន់ (b/d) ទៀត ក្នុង​សប្តាហ៍​ក្រោយ ខណៈដែល​កម្មករ​ព្យាយាម​ជួសជុល​បំពង់​ប្រេង​ដែល​ខូច​។ ក្រុមហ៊ុន​ប្រេង​ជាតិ​របស់​រដ្ឋ​លីប៊ី​បានបញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា បំពង់​បង្ហូរ​ប្រេង​ដ៏​សំខាន់​ដែល​ត​ភ្ជាប់​ទៅកាន់​ស្ថានីយ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស (Es Sider) នឹងត្រូវ​បិទ​សម្រាប់​ការថែទាំ ដោយបាន​បញ្ជាក់ថា​នឹង​អាច​ដំណើរការ​ម្តងទៀត​ក្នុង ១​ សប្តាហ៍​»​។

សម្រាប់​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​ប្រេង​ស្ថិតក្នុង Bullish Swing ទី​ ២ នៃ​ខែធ្នូ ក្នុងតម្លៃ ៧៧​ ដុល្លារ​។ ក្នុង​រយៈពេល ១ ​ម៉ោង ប្រេង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៧៥ ដុល្លារ ជិត​តម្លៃប្រែប្រួល​ជា​មធ្យម​ក្នុង​រយៈ​ ៥០​ ថ្ងៃ ខណៈដែល​តម្លៃប្រែប្រួល​ជា​មធ្យម​រយៈពេល ២០០​ ថ្ងៃ គឺ ៧៤,៥ ​ដុល្លារ​។ ដូច្នេះ ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​​ជួញដូរ​ក្នុង​ចន្លោះ​ពី ៧៥ ទៅ ៨០ ​ដុល្លារ ឬ​អាច​ចាំ​ចូល​ផ្សារ នៅ​តម្លៃ ៧៤ ​ដុល្លារ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៧២ ​ដុល្លារ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​ទី​ ១ នៅ​តម្លៃ ៧៧​ដុល្លារ និង​ទី​ ២ នៅ​តម្លៃ ៨០​ ដុល្លារ​៕