ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​បង្កើត​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​អង្គរ​ (​គ.អ.ទ.ស​) ដើម្បី​អនុវត្ត​ការងារ​សម្របសម្រួល និង​ត្រួតពិនិត្យ​ការអភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ដោយ​ត្រូវអនុវត្ត​ទៅតាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​ ២០២១-២០៣៥ ដែល​ដាក់ចេញ​កាលពី​ខែតុលា ឆ្នាំ ​២០២១ កន្លងមក​។

គ.អ.ទ.ស​ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​កាលពី​ថ្ងៃទី ​៣០ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ដឹកនាំ សម្របសម្រួល និង​ត្រួតពិនិត្យ​ការអភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប និង​ត្រូវ​អនុវត្ត​តាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ឱ្យមាន​ប្រសិទ្ធភាព​សំដៅ​បង្កើន​ភាពប្រកួតប្រជែង និង​ធានា​និរន្តរភាព​។

គ.អ.ទ.ស មាន លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន អមដោយ​អនុប្រធាន​ចំនួន​ ៣ ​រូប រួមមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​មាន​សមាជិក​មកពី​ក្រសួង​ស្ថាប័ន​ដទៃទៀត​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៥ ខែមករា ថា ថ្វី​ដ្បិត​នៅក្នុង​អនុក្រឹត្យ​បានបញ្ជាក់​ពី​សមាស​ភាព​ដែល​ត្រូវ​ចូលរួម​ក្នុង​ការងារ​នេះ​មែន ប៉ុន្តែ​សមាសភាព​ជាក់ស្តែង​នៅ​មិនទាន់​បានបញ្ជាក់​ច្បាស់លាស់​ទេ យើង​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ក្រសួង​នីមួយៗ​សិន ទើប​មាន​ការបើក​កិច្ចប្រជុំ​បែងចែក​ការងារ​តាម​ក្រោយ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​មាន​សមាសភាព​ជាក់ស្តែង ប្រធាន គ.អ.ទ.ស នឹង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​បែងចែក​ការងារ ដោយ​អនុវត្តតាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ដែលមាន​ស្រាប់ រួមទាំង​ការងារ​មួយចំនួនទៀត ដែល​អនុក្រឹត្យ​បានចែង​ពី​តួនាទី និង​ភារកិច្ច គ.អ.ទ.ស​»​។

អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​និយាយថា អាជ្ញាធរ​ជាតិ​អប្សរា ជា​អង្គភាព​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​តំបន់​បេតិកភណ្ឌ​អង្គរ ដែលជា​តំបន់​ទេសចរណ៍​អាទិភាព​មួយ​ក្នុងចំណោម​តំបន់​ទេសចរណ៍​អាទិភាព​ទាំង ៦ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ គ.អ.ទ.ស​។

លោក​បន្ថែមថា ក្រៅពី​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​ផែនការ​អភិវឌ្ឍ​ទេសចរ​ណ៍​មួយ​ផ្សេងទៀត ដែល​ស្របតាម​ផែនការ​នេះ ដើម្បី​ជាការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ​ការអនុវត្ត​ការងារ​នេះ​មានការ​ផ្តល់យោបល់ បច្ចេកទេស​មួយចំនួន​ពី ICC-Angkor ដើម្បី​ធានា​គុណតម្លៃ​នៃ​រមណីយដ្ឋាន​អង្គរ​។

លោក​បញ្ជាក់ថា​៖ «​ថ្វីដ្បិតតែ​មាន​ផែនការមេ និង​ផែនការ​សកម្មភាព ដែល គ.អ.ទ.ស បានដាក់​ចេញមក​ក៏ដោយ ប៉ុន្តែ​ការអនុវត្ត​ត្រូវតែ​ពិនិត្យមើល​លើ​ស្ថានភាព និង​លទ្ធភាព​ជាក់ស្តែង​ផងដែរ ព្រោះ​ស្ថានភាព​កូវីដ ​១៩ នៅ​កើតមាន​នៅឡើយ​»​។

គោលដៅ​ទេសចរណ៍​អាទិភាព ៦ ដែល​នឹង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ គ.អ.ទ.ស រួមមាន តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​, តំបន់​ទេសចរណ៍​ជុំវិញ​តំបន់​ការពារ​ប្រាសាទបន្ទាយស្រី​, តំបន់​បេតិកភណ្ឌ​អង្គរ​, តំបន់​ក្រុង​សៀមរាប​, តំបន់​បឹង​ទន្លេសាប និង តំបន់​ទេសចរណ៍​សៀមរាប​ថ្មី​។

ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច មានជំនឿថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ នឹង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ជាពិសេស​នៅ​ខេត្តសៀមរាប សំដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​ចីរភាព ព្រមទាំង​ជួយ​ទ្រទ្រង់​ដល់​ការងើប​ឡើងវិញ​សេដ្ឋកិច្ច​។

កន្លងមក​ក្រសួងទេសចរណ៍ ធ្លាប់​លើកឡើងថា តាមរយៈ​ផែនការ​មេនេះ ខេត្តសៀមរាប​រំពឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​បាន ១០,៩ ​លាន​នាក់​នៅ​ឆ្នាំ​ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ ២០២៥​។ តាមរយៈ​នេះ រដ្ឋាភិបាល​ក៏មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​៕ LA