ភ្នំពេញៈ កំពង់ផែ​ទេសចរណ៍​កោះទន្សាយ​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អំឡុង​សប្តាហ៍​ទី​ ៣ ខែមករា​នេះ បន្ទាប់ពី​បញ្ចប់​ការសាងសង់​កាលពីពេល​ថ្មីៗ​នេះ ដើម្បី​បម្រើ និង​ទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​ពី​ប្រទេស​ជិតខាង​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែមករា ថា កំពង់ផែ​កោះទន្សាយ បានបញ្ចប់​ការសាងសង់ ១០០ ​ភាគរយ​ហើយ ដោយ​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២​។ កំពង់ផែ​នេះ នឹង​ជួយ​ពង្រីក​សក្តានុពល​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ខេត្ត​កែប តាមផ្លូវ​ទឹកជា​មួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​បន្ថែមថា តាម​ព័ត៌មាន​បឋម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​។

លោក​បាន​ថ្លែងថា​៖ «​ជាទូទៅ​កំពង់ផែ​នីមួយៗ​គេ​សាងសង់​ឡើង​មាន​គោលដៅ​ខុសៗ​គ្នា​ដោយ​រួមមាន​កំពង់ផែ​នេសាទ កំពង់ផែ​ដឹកជញ្ជូន​ទំនិញ និង​កំពង់ផែ​ទេសចរណ៍​។ សម្រាប់​កំពង់ផែ​កោះទន្សាយ​នេះ គឺជា​កំពង់ផែ​ទេសចរណ៍​ដែល​អាច​បម្រើឱ្យ​វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​បម្រើឱ្យ​ទេសចរណ៍​អន្តរជាតិ​ផងដែរ​»​។

ពាក់ព័ន្ធ​នឹង​គម្រោង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នាពេលខាងមុខ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ជា​ផ្លូវការ​នៅឡើយ​ទេ​។

លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​និយាយថា កំពង់ផែ​ទេសចរណ៍​កោះទន្សាយ​នឹង​រួមចំណែក​ដ៏សំខាន់​ក្នុងការ​លើកមុខ​មាត់​ខេត្ត​កែប ហើយ​វា​ក៏​ជួយ​បង្កើន​ភាពទាក់ទាញ​ភ្ញៀវទេសចរ​តាមផ្លូវ​ទឹក​កាន់តែច្រើន​ឱ្យទៅ​កម្សាន្ត​នៅតាម​កោះ​នានា​ក្នុង​ខេត្ត​។ ម្យ៉ាងទៀត​កំពង់ផែ​នេះ​ក៏​នឹង​រួមចំណែក​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​។

លោក​បន្តថា​៖ «​គោលបំណង​របស់​យើង គឺ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​តាមផ្លូវ​ទឹក​ពី​ខេត្ត​កែប​ទៅ​កោះត្រល់ និង​ទៅ​ប្រទេស​ថៃ​។ ទៅ​ថ្ងៃ​អនាគត​កំពង់ផែ​នេះ​នឹង​អាច​ទទួល​ទូក​ទេសចរណ៍​ផ្ទុក​ភ្ញៀវ​នៅក្រោម ១០០ ​នាក់ ហើយ​បើកទូក​ផ្ទុក ភ្ញៀវ ៣០០-៤០០ ​នាក់​អាច​ចត​ឆ្ងាយ​ជាង​នេះ​បន្តិច​»​។

បើតាម លោក ចិន្តា ទៅ​ថ្ងៃ​អនាគត កំពង់ផែ​នេះ​នឹង​ក្លាយជា​កំពង់ផែ​អន្តរជាតិ​ដែល​ប្រមូលផ្តុំ​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ដូចជា ស្ថាប័ន​អន្តោប្រវេសន៍ និង​គយ​ជាដើម ដែល​នឹង​ជួយ​ឱ្យ​ខេត្ត​កែប​ទទួលបាន​ចំណូល​កាន់តែច្រើន​ពី​វិស័យ​ទេសចរណ៍ និង​ទំនិញ ពិសេស​នឹង​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​កាន់តែ​ច្រើន​ថែមទៀត​។

កំពង់ផែ​កោះទន្សាយ ត្រូវបាន​សាងសង់​លើ​ទីតាំង​កំពង់ផែ​កោះទន្សាយ​ចាស់ ស្ថិតក្នុង​សង្កាត់​កែប ក្រុងកែប ដោយ​ចាប់ផ្តើម​សាងសង់​ក្នុង​ខែធ្នូ ឆ្នាំ​ ២០១៩ និង​បញ្ចប់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ ដោយ​ចំណាយ​ថវិកា​ប្រមាណ ៥ ​ពាន់​លាន​រៀល​។ កំពងផែ​នេះ​សង់​ចេញពី​ដីគោក​ទៅក្នុង​ទឹក​ជម្រៅ ៣០៦ ​ម៉ែត្រ ទទឹង ៦៨​ ម៉ែត្រ និង​ផ្ទៃក្រឡា​ជិត ៥ ​ពាន់​ម៉ែត្រការ៉េ​៕ LA