ភ្នំពេញៈ កម្ពុជា​ទទួលបាន​ចំណូល​ ៦៦,១៣ ​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​សត្វ ​(​សត្វ​រស់​, សាច់ និង ស្បែក​) ​កាលពី​ឆ្នាំ​ ២០២១ កើនឡើង ៤០,១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ ៤៧,១៨ ​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​។

ទិន្នន័យ​ឱ្យដឹងទៀតថា ប្រភេទ​សត្វ​រស់​បាន​នាំចេញ​រួមមាន គោរស់ មានតម្លៃ​ជិត ៤​ លាន​ដុល្លារ​ថយចុះ​ជាង ៥០​ ភាគរយ​, ជ្រូក​ពូជ​ (​មេ និង​បា​) មាន​ទឹកប្រាក់​ជិត ៤៧ ​ម៉ឺន​ដុល្លារ កើន​ជិត ២៦០ ​ភាគរយ​, ស្វា​រស់ មាន​ប្រា​ក់ជាង ២០ ​លាន​ដុល្លារ ចុះ​ជាង ២ ​ភាគរយ​។

បន្ថែម​ពីលើ​នេះ ការនាំចេញ​ស្បែក​គោ​ស្ងួត មាន​តម្លៃ​ជាង ៣​ លាន​ដុល្លារ កើន ១០០ ​ភាគរយ ខណៈ​ស្បែក​គោ​សើម​មានតម្លៃ​ជិត ៤ ​ម៉ឺន​ដុល្លារ ថយចុះ ៩៣ ​ភាគរយ​។ ដោយឡែក​ការនាំចេញ​ស្បែក​ជ្រូក​ស្ងួត មានតម្លៃ​ជាង ៣០ ​ម៉ឺន​ដុល្លារ កើន​ ១០០​ ភាគរយ​, ទឹកដោះគោ តម្លៃ​ជិត ៥០ ​ម៉ឺន​ដុល្លារ កើន ១០០ ​ភាគរយ​, ចំណី​ឆ្កែ ជាង ៣៧ ​លាន​ដុល្លារ កើន​ជាង ១០០ ​ភាគរយ ខណៈ​រោមសត្វ​ទា មានតម្លៃ​ជាង ១៨ ​ម៉ឺន​ដុល្លារ កើន​ជាង ៣៣៦ ​ភាគរយ​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម បានឱ្យ​ភ្នំពេញ​-​ប៉ុស្តិ៍​ដឹង​ក្នុង​ថ្ងៃទី​ ៥ ខែមករា ថា កំណើន​នៃ​ការនាំចេញ​សត្វ ជា​សញ្ញាណ​ល្អ​បញ្ជាក់ថា កម្ពុជា​មានលទ្ធភាព​ផ្គត់ផ្គង់​សាច់សត្វ​ក្នុងប្រទេស​គ្រប់គ្រាន់ ពិសេស​នៅ​អំឡុងពេល​កូវីដ​ ១៩ នេះ​។ លោក​បន្ថែមថា មុនពេល​មាន​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ កម្ពុជា​អាច​ផ្គត់ផ្គង់​សាច់ជ្រូក​ក្នុង​ទីផ្សារ​បាន​ប្រមាណ ៨៧​ ភាគរយ ប៉ុន្តែ​នៅ​អំឡុងពេល​មាន​វិបត្តិ​កូវីដ​ ១៩ ការផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ក្នុងស្រុក​បាន​កើន​ដល់ ១០០ ​ភាគរយ​។

យ៉ាងណា​ក៏ដោយ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅតែ​ជា​ក្តីកង្វល់​សម្រាប់​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក បើទោះបី​ក្រសួងកសិកម្ម​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​ក៏ដោយ​។ លោក ផាន់ណារ៉ា និយាយថា ប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​កាចសាហាវ គ្មាន​វ៉ាក់សាំង និង​គ្មាន​ថ្នាំ​ព្យាបាល ដោយ​សព្វថ្ងៃនេះ​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា នៅតែមាន​ការរីក​រាលដាល​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​កម្ពុជា​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​សាច់ជ្រូក​ក្នុងស្រុក​បាន ដូចនេះ​យើង​បាន​ផ្អាក​ការនាំចូល​ជាង ២ ​ខែ​មកហើយ ព្រោះ​បើ​មាន​គ្រប់គ្រាន់​ហើយ​នាំចូល​ទៀត វា​នឹង​ធ្វើឱ្យ​ចាល់​លើ​ទីផ្សារ ដែល​នឹង​នាំឱ្យ​ប៉ះពាល់​ដល់​ការចិញ្ចឹម​ក្នុងស្រុក​»​។

បើតាម​លោក ផាន់ណារ៉ា បច្ចុប្បន្ន​កម្ពុជា​អាច​គ្រប់គ្រង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ស្ទើរតែ​ ១០០ ​ភាគរយ​ហើយ​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បាន​ប្រាប់ថា ការផ្គត់ផ្គង់​សាច់ជ្រូក គោ និង​មាន់​ក្នុងស្រុក​នៅពេលនេះ​មិន​ត្រឹមតែ​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ថែមទាំង​លើស​ដែលនាំឱ្យ​ជ្រូក និង​មាន់​ចុះថ្លៃ​។

លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​តម្លៃ​គោ​ក្នុងស្រុក​ឡើងថ្លៃ​តិចតួច ប៉ុន្តែ​ជ្រូក និង​មាន់ នៅមាន​តម្លៃថោក ដោយសារ​ការចិញ្ចឹម​លើស​តម្រូវការ​ទីផ្សារ ហើយ​បញ្ហា​នេះ​សមាគម​ធ្លាប់បាន​ប្រជុំ​ពិភាក្សាគ្នា​ជាច្រើន​រួចមកហើយ​ក្នុងការ​ប្រមូល​អ្នក​ចិញ្ចឹមសត្វ​ទាំងអស់​ចូលក្នុង​សមាគម ដើម្បី​សមាគម​អាច​ផ្តល់ព័ត៌មាន​ទីផ្សារ និង​របៀប​ចិញ្ចឹម​ឱ្យបាន​ច្បាស់​ចៀសវាង​កើតមាន​បញ្ហា​ដូច​សព្វថ្ងៃ​»​។

ដោយឡែក​ចំពោះ​ការនាំចេញ​គោរស់ ដែល​បាន​ថយចុះ​ជាង ៥០ ​ភាគរយ លោក ស្រ៊ុន ពៅ អះអាងថា ដោយសារ​បញ្ហា​ជំងឺ​ដុំ​ពក​លើ​សត្វ​គោ​ផង និង​តម្លៃ​សត្វ​គោ​ក្នុងស្រុក​មានការ​ឡើងថ្លៃ​ផង ស្របពេល ពលរដ្ឋ​ងាក​មក​ទទួលទាន​សាច់គោ​ច្រើនជាង​ជ្រូក និង​មាន់​៕ LA