ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង បានអះអាងថា សេដ្ឋកិច្ចនៃប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) នឹងក្លាយទៅជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកលបន្ទាប់ពីកូវីដ ១៩ បញ្ចប់ទៅ។

នៅក្នុងសុន្ទរកថាបើកវេទិកាថ្នាក់ដឹកនាំធុរកិច្ចនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលរៀបចំដោយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិនៃប្រទេសចិន, រដ្ឋបាលតំបន់ស្វយ័ត Guangxi Zhuang, ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងសភាពាណិជ្ជកម្មកម្ពុជា តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២២ លោក គិត ម៉េង បានលើកឡើងថា RCEP ដែលទើបចូលជាធរមាន កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាកាលានុវត្តភាពដ៏ធំធេងខាងពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់។

លោកថ្លែងថា៖«សេដ្ឋកិច្ចនៃប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយទៅជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកល និងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ ១៩ ប្រកបដោយចីរភាព និងបរិយាបន្ន»។

កិច្ចព្រមព្រៀង RCEP គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន(១០ប្រទេស) ក្នុងការបង្កើតដៃគូជាមួយប្រទេសចំនួន ៥នៅក្រៅតំបន់ដែលរួមមាន ប្រទេសចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងសប្តាហ៍នេះថា ចាប់ពីឆ្នាំ ២០២២ នេះតទៅប្រទេសកម្ពុជានឹងអាចនាំចេញកសិផល ក៏ដូចជាទំនិញមួយចំនួនទៀតទៅទីផ្សារចំនួន ១៤ ប្រទេសក្នុងអត្រាពន្ធកាន់តែទាប។

ការសិក្សាមួយបានឱ្យដឹងថា ការចូលជាធរមាននៃ RCEP នឹងធ្វើឱ្យកម្ពុជាមានកំណើនប្រចាំឆ្នាំសម្រាប់ការនាំចេញចំនួន ៧,៣ ភាគរយ វិនិយោគ ២៣,៤ ភាគរយ និងផលិតផលក្នុងស្រុកសរុបប្រមាណ ២ ភាគរយ លើផលិតផលក្នុងស្រុកសរុបដែលមាននាពេលបច្ចុប្បន្ន៕