ភ្នំពេញៈ ការនាំចេញពោតក្រហមក្នុងឆ្នាំ ២០២១ មានបរិមាណជិត ៧០ ម៉ឺនតោន ថយចុះជិត ៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានជាង ៧៣ ម៉ឺនតោន។ ប៉ុន្តែបើគិតជាទំហំទឹកប្រាក់នាំចេញវិញ គឺមានចំនួនជិត ៥៣ លានដុល្លារ កើនឡើងជាង ៨ ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ព្រំ វ៉ឹក អនុប្រធានការិយាល័យស្ថិតិនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បាននិយាយថា ក្នុងឆ្នាំ ២០២១ នៅខេត្តបាត់ដំបងមានផ្ទៃដីដាំដុះពោតក្រហមប្រមាណ ៥៣ ៣៥២ ហិកតា ដោយប្រមូលផលបាន ៤៩ ៩៦៤ ហិកតា ដែលស្មើនឹងបរិមាណផល ២៨៥ ៤១៤ តោន បើធៀបនឹងឆ្នាំ ២០២០ ថយចុះប្រហែល ២៥ ភាគរយ។
លោកបន្តថា ការដាំដុះ និងប្រមូលផលពោតក្រហមឆ្នាំនេះមានការថយចុះ ដោយសារតែកសិករ ងាកទៅដាំដំឡូងមីភាគច្រើន។ ការផ្លាស់ប្តូរប្រភេទដំណាំនេះ គឺជាទម្លាប់ដែលកសិករតែងតែអនុវត្តជាយូរមកហើយ ដើម្បីជួយឱ្យដីធូរ មានជីជាតិល្អ និងស្របតាមតម្រូវការទីផ្សារ។
លោកបញ្ជាក់ថា៖ «ថ្វីដ្បិតទិន្នផលបានតិច ប៉ុន្តែតម្លៃពោតបានថ្លៃក្នុងឆ្នាំនេះ ដោយមានតម្លៃពី ៦០០-៦៥០ រៀលក្នុង ១ គីឡូក្រាម ខណៈឆ្នាំ ២០២០ មានតម្លៃជាមធ្យម ៥០០ រៀលគិតទាំងស្នូល ដោយឈ្មួញនឹងយកស្នូលពោតទៅកែច្នៃសម្រាប់ដាំដុះផ្សិត»។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការដាំដុះពោតក្រហមមានច្រើននៅស្រុកម៉ាឡៃ ដោយក្នុងឆ្នាំ ២០២១ កន្លងទៅ បរិមាណពោតក្រហមដែលប្រមូលផលបានមានចំនួនជាង ៥ ម៉ឺនតោននៅលើផ្ទៃដីជាង ១ ម៉ឺនហិកតា។ ទិន្នផលប្រមូលបានក្នុងឆ្នាំ ២០២១ ប្រហាក់ប្រហែលនឹងឆ្នាំ ២០២០។
លោកបន្ថែមថា ទីផ្សារសំខាន់របស់ពោតក្រហមខេត្តបន្ទាយមានជ័យ គឺប្រទេសថៃ ហើយមួយចំនួនត្រូវបានឈ្មួញក្នុងស្រុកទិញយកទៅកែច្នៃធ្វើជាចំណីសត្វ។ ពោតក្រហម ជាដំណាំលំដាប់ទី ៣ ដែលមានការដាំដុះច្រើនក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីស្រូវ និងដំឡូងមី។
លោកបញ្ជាក់ថា៖ «ថ្វីដ្បិតមានវិបត្តិកូវីដ ១៩ ប៉ុន្តែការនាំចេញដំណាំទៅលក់នៅតំបន់ព្រំដែន ជាពិសេសពោតក្រហម គឺមិនមានការរាំងស្ទះទេ ដោយរាល់ផលិតផលកសិកម្ម អាជ្ញាធរប្រទេសទាំង ២ មិនមានការរឹតបន្តឹងឡើយ»។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លោក ស៊ឹម ថាវរៈ និយាយថា កសិករបានដាំដុះដំណាំពោតក្រហមប្រមាណជាង ៥ ០០០ ហិកតា នៅទូទាំងខេត្តកំពង់ចាម ដោយភាគច្រើនដាំនៅតាមតំបន់ក្បែរទន្លេ។ លោកបានបន្ថែមថា៖ «តម្លៃពោតក្រហម ជាមធ្យមចន្លោះ ៩០០-១ ០០០ រៀលក្នុង ១ គីឡូក្រាម សម្រាប់ពោតគ្រាប់សុទ្ធគ្មានស្នូល ដែលតម្លៃនេះជាតម្លៃសមរម្យ ប៉ុន្តែសម្រាប់តម្លៃធាតុចូលកសិកម្ម ដូចជា ជី និងថ្នាំសម្លាប់សត្វល្អិត គឺមានតម្លៃខ្ពស់ ដែលធ្វើឱ្យកសិករចំណេញតិច»។
កាលពីពាក់កណ្តាលឆ្នាំ ២០២១ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានចេញលិខិតអំពាវនាវឱ្យអ្នកនាំចេញនាំចូលពោតក្រហមត្រូវគោរពតាមលក្ខខណ្ឌតម្រូវថ្មីរបស់ប្រទេសថៃ ដោយត្រូវមានលិខិតអនុញ្ញាតនាំចូល (Import permit) ពីនាយកដ្ឋានកសិកម្មថៃជាមុន។ ការដឹកជញ្ជូនគ្រាប់ពោត ត្រូវប្រើប្រាស់មធ្យោបាយដឹកជញ្ជូនពីកម្ពុជា ទៅកាន់ប្រទេសថៃតាមផ្លូវគោក ឬផ្លូវសមុទ្រ, គ្រាប់ពោតត្រូវតែធានាថា ស្អាតល្អ និងគ្មានសមាសភាពចង្រៃរស់គ្មានរោគសញ្ញា និងភ្នាក់ងារចម្លង ការវេចខ្ចប់គ្រាប់ពោតត្រូវតែស្អាត និងជាការវេចខ្ចប់ថ្មីហើយគ្រាប់ពោតត្រូវធ្វើធូបនកម្ម (Fumigation ) មុននឹងនាំចេញដោយប្រើប្រាស់ថ្នាំ Methyl Bromide។ ម្យ៉ាងទៀតគ្រាប់ពោតត្រូវដឹកតាមកុងតឺន័រ ឬរថយន្តដឹកទំនិញតូច។ ក្នុងករណីដឹកជញ្ជូនតាមរថយន្តដឹកទំនិញតូចៗត្រូវបិទជិត។ បើរថយន្តដឹកទំនិញតូចៗបើកចំហ ត្រូវគ្របទាំងស្រុងដោយសំពត់តង់សម្រាប់សន្តិសុខភូតគាមអនាម័យ៕ LA
វីដេអូ៖