ភ្នំពេញៈ គម្រោង​ចរចា​រវាង​កម្ពុជា​ជាមួយ​អាជ្ញាធរ​ចិន​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ចុងខែ​មករា​នេះ​ស្តីពី​ការពិភាក្សា​លើ​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព​ត្រីប្រា មុននឹង​អាច​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន អាច​នឹងត្រូវ​ពន្យារ​ពេលទៅដល់​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដោយសារ​ចំពេល​ប្រទេស​ចិន​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​។

អនុប្រធាន​រដ្ឋបាល​ជលផល លោក អ៊ឹង ទ្រី បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៦ ខែមករា​ថា រដ្ឋបាល​ជលផល​កំពុង​រៀបចំ​ឯកសារ​ដោយ​គ្រោង​នឹង​បើក​កិច្ចប្រជុំ​គឺជា​មួយ​ភាគី​ចិន​នៅ​ចុងខែ​មករា​នេះ ប៉ុន្តែ​ដោយសារតែ​នៅ​ចុងខែ​មករា រហូតដល់​ដើមខែ​កុម្ភៈ ប្រទេស​ចិន គេ​ត្រូវ​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ដូចនេះ​ការពិភាក្សា អាច​នឹងត្រូវ​លើក​ពេល​រហូតដល់​ជិត​ចូលឆ្នាំ​ខ្មែរ​។​

​លោក​បន្ថែមថា ក្រសួង​កសិកម្ម​បាន​ស្នើសុំ​ភាគី​ចិន​ ដើម្បី​ប្រជុំពិភាក្សា​ក្នុង​ខែមករា​នេះ ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ទេ ដូចនេះ​ការពិភាក្សា​ត្រូវ​ពន្យារពេល​។ យ៉ាងណាក៏ដោយ​លោក​បាន​ប្រាប់ថា ទោះបី​មាន​ការពន្យារពេល​ក៏​កម្ពុជា​នៅតែ​សង្ឃឹមថា នឹង​អាច​នាំចេញ​ត្រីប្រា​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​យើង​នាំ​ផលិតផល​ចេញទៅ​ប្រទេស​គេ ជាពិសេស​ចិន យើង​ត្រូវមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព​គ្រប់យ៉ាង រាប់​តាំងពី​កសិដ្ឋាន​ចិញ្ចឹម រហូតដល់​ការវេចខ្ចប់ ដូច្នេះ​ទាល់តែ​មាន​ការពិនិត្យ​បានច្បាស់លាស់​ថា​មាន​សុវត្ថិភាព​ ១០០​ ភាគរយ​ទើប​គេ​អនុញ្ញាតឱ្យ​យើង​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​គេ​បាន​»​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា បាន​និយាយថា បើសិន​ត្រី​ប្រា​កម្ពុជា​អាច​នាំ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ឆាប់ៗ​ពិតមែន​វា​ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា ជាពិសេស​អ្នក​ចិញ្ចឹម​ត្រីប្រា ព្រោះ​បច្ចុប្បន្ន​ពួកគេ​កំពុង​ត្អូញត្អែរ​យ៉ាងច្រើន​ពី​បញ្ហា​តម្លៃ​ត្រី​ថោក ដែល​ស្ទើរតែ​មិន​រួច​ថ្លៃដើម​ផលិត​។

លោក​បាន​បន្ថែមថា ការនាំ​ត្រី​ប្រា​ទៅ​ប្រទេស​ចិន ទំនងជា​នៅមាន​ឧបសគ្គ​ជាច្រើន​ទៀត ដោយសារ​បច្ចុប្បន្ន ថ្វីដ្បិតតែ​មាន​ដំណឹង​អំពី​ការនាំ​ចេញទៅ​ប្រទេស​ចិន​មែន ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា កសិករ​អាច​លក់បាន​ក្នុងតម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការចរចា​របស់​ភាគី​ទាំង​ ២ ​សិន​។

យ៉ាងណា​ក៏ដោយ​លោក​បាន​បញ្ជាក់ថា​៖ «​ព័ត៌មាន​នៃ​ការ​អនុញ្ញាត​ឱ្យ​នាំ​ត្រីប្រា​ទៅ​ទីផ្សារ​ចិន​នេះ អាច​ជាការ​ពញ្ញាក់​ស្មារ​តី​មួយ​ដល់​វារីវប្បករ​នៅ​កម្ពុជា​ឱ្យ​យកចិត្ត​ទុកដាក់​លើ​ការផលិត​ត្រី​ឱ្យមាន​គុណភាព​ល្អ ដូចនេះ វា​ជា​របត់​ថ្មី​មួយ​ទៀតថា តើ​គួរ​ចិញ្ចឹម​ត្រី​របៀប​ណា​ឱ្យ​ត្រូវ​តាម​ស្តង់ដា​ ដើម្បី​ឈានដល់​ការនាំ​ចេញ ខណៈ​បច្ចុប្បន្ន​ខាង​ជលផល​បាននិង​កំពុង​ប្រឹងប្រែង ការចរចា​ជាមួយ​ចិន​ហើយ​»​។

បើតាម​ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​រូបនេះ បច្ចុប្បន្ន​ត្រីប្រា​នៅក្នុង​ស្រុក​នៅតែមាន​តម្លៃ​ទាប​នៅឡើយ ដោយ​មួយ​គីឡូក្រាម​មានតម្លៃ​ជាង ៤ ០០០ ​រៀល​ប៉ុណ្ណោះ ខណៈ​តម្លៃ​នេះ​មិនអាច​រួច​ថ្លៃដើម​ទេ​។

យោងតាម​របាយការណ៍​រដ្ឋបាល​ជលផល ក្នុង​ឆ្នាំ​ ២០២១ ការនាំចេញ​ជលផល​សម្រេច​បាន​ប្រមាណ​ជាង ៤ ០០០ ​តោន កើន​ជាង ១ ០០០ ​តោន​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​តម្លៃ​ទឹកប្រាក់ ៤ ០៩៩ ៥៣០ ​ដុល្លារ​។ ក្នុងនោះ​ផលនេសាទ​ទឹកសាប​មាន​ការថយចុះ​ជាង ៧ ​ភាគរយ​, ផល​បាន​ពី​វារីវប្បកម្ម​ថយចុះ ១៣ ​ភាគរយ ខណៈ​ផលនេសាទ​សមុទ្រ​កើនឡើង ២ ​ភាគរយ​។ ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា​រួមមាន វៀតណាម ថៃ សិង្ហបុរី ហុងកុង ដែលជា​ប្រភេទ​ត្រី​ចម្រុះ​៕ LA

វីដេអូ៖