ភ្នំពេញៈ មន្ត្រី​ស្ថាន​បេសកកម្ម​អចិន្ត្រៃឮ​យ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាននិងកំពុង​ចរចា​លើ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ការឧបត្ថម្ភធន​ជលផល​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​យកមកអនុវត្ត និង​ជំរុញ​កំណើន​ជលផល​នៅ​កម្ពុជា​សម្រាប់ធ្វើ​ការនាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។

ថ្លែង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ស្តីពី​សមិទ្ធផល​ការងារ​ឆ្នាំ​ ២០២១ លោក ឡុង កែមវិចិត្រ អគ្គរាជទូត​ប្រចាំ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គ​ការពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​ទៅនឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស ឱ្យដឹងថា កិច្ចព្រមព្រៀង​ការឧបត្ថម្ភធន​ជលផល​គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​ផ្តល់​អាណត្តិ​ក្រោម​គោលដៅ​ទី ​១៤.៦ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

លោក​ពន្យល់ថា ការចរចា​នេះ​ធ្វើយ៉ាងណា​ឱ្យទទួល​បាន​ការឧបត្ថម្ភ​ធន ដើម្បី​កាត់បន្ថយ និង​ហាមឃាត់​ការធ្វើ​នេសាទ​ខុសច្បាប់ មិន​រាយការណ៍ និង​មិនមាន​ការគ្រប់គ្រង ការនេសាទ​ពូជ​ត្រី​ងាយ​រងគ្រោះ និង​ការនេសាទ​លើស​កំណត់ និង​លើសពី​សមត្ថភាព​។

លោក​បាន​បន្តថា ការចរចា​នេះ​ចាប់ផ្តើម​តាំងពី​ឆ្នាំ ​២០០១ ដោយ​មកដល់ពេលនេះ​មាន​រយៈពេល​ជាង ២០ ​ឆ្នាំ​ហើយ​។ ការចរចា​លើ​ប្រធានបទ​នេះ គឺជា​ចំណុច​គន្លឹះ​សម្រាប់​សម្រេចបាន​នូវ​លទ្ធផល​ជោគជ័យ​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ទី​ ១២ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ត្រូវបាន​លើក​ពេល​ពី​ខែធ្នូ ឆ្នាំ​ ២០២១ និង​គ្រោង​រៀបចំ​ជាថ្មី​នៅ​ឆ្នាំ ​២០២២ សម្រាប់​ផលប្រយោជន៍​ប្រទេស​កម្ពុជា​។

យ៉ាងនេះ​ក្តី លោក​បន្ថែមថា បញ្ហា​ប្រឈម គឺ​កង្វះខាត​អាណត្តិ​ចរចា​សម្រាប់​ការចរចា​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ការឧបត្ថម្ភធន​ជលផល និង​ការចរចា​កសិកម្ម គឺ​ត្រូវ​រៀបចំ​ជា​ជំហរ​ជាក់លាក់ និង​ទាញយក​ប្រយោជន៍​ឱ្យបាន​ពេញលេញ​ពី​កិច្ចព្រមព្រៀង​ទាំងនេះ​។

បើតាម​លោក ឡុង កែមវិចិត្រ ដើម្បី​សម្រួល​ដល់​ការងារ​នេះ​ស្ថាន​បេសកកម្ម​កម្ពុជា​បានធ្វើ​បទបង្ហាញ​ជូន​ដល់​មន្ត្រី​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដើម្បី​ជ្រាប​ពី​ស្ថានភាព​នៃ​ការចរចា និង​ចំណុច​សំខាន់ៗ​សម្រាប់​បន្ត​សម្របសម្រួល​ជាមួយ​ក្រសួង​កសិកម្ម និង​ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​ការចរចា​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ស្នើ​មន្ត្រី​ពាក់ព័ន្ធ​បន្ត​កិច្ចសហការ​ល្អ​ជាមួយ​នឹង​ស្ថាន​បេសកកម្ម​ដោយ​ប្រធានបទ​ចរចា​នៅ WTO និង​អង្គការ​ដទៃទៀត គឺមាន​ភាពសម្បូរបែប រាប់បញ្ចូល​ទាំង​ប្រធានបទ​ស្តីពី​សហគ្រាស​ធុន​តូច និង​មធ្យម បរិស្ថាន កសិកម្ម វិនិយោគ និង​ប្រធានបទ​ដទៃទៀត ដែល​ទាមទារ​ឱ្យ​មាន​ការសម្របសម្រួល​ផ្ទៃក្នុង និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ទាញ​ផលប្រយោជន៍​ពេញលេញ​ពី​ការចរចា​ទាំងនោះ​សម្រាប់​ប្រទេសជាតិ​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក ពុំ សុថា ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង​ឧបត្ថម្ភធន​លើ​វិស័យ​ជលផល​នេះ សំដៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​ជួយ​លើក​ទឹកចិត្ត​ឱ្យ​ប្រជាជន​ខ្មែរ​នាំចេញ​ត្រី​ទៅ​ក្រៅប្រទេស​ ដែល​ជា​សមាជិក​រ​បស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឱ្យបាន​ច្រើន​។

អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ រំពឹងថា បើ​មានការ​អនុញ្ញាតឱ្យ​ចិញ្ចឹម​ត្រី​បែបនេះ នឹងធ្វើ​ឱ្យ​វារីវប្បកម្ម និង​ការចិញ្ចឹម​ត្រី​នៅក្នុង​កម្ពុជា​មានការ​លូតលាស់​។

លោក​ថ្លែងថា​៖ «​បើសិន​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន និង​សម្រេច​ដោយ​អង្គការ WTO ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ឧបត្ថម្ភ​ធន យើងខ្ញុំ​ជឿថា ការផលិត​ត្រី​សម្រាប់​នាំចេញ ការថែរក្សា​ពូជ​នឹង​រីកលូតលាស់ រីកចម្រើន​ជំរុញឱ្យមាន​ការកាត់​បន្ថយ​ភាពក្រីក្រ​ផងដែរ​»​។

ទោះយ៉ាងណា​លោក​ថា អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ការឧបត្ថម្ភធន​ជលផល នេះ គឺជា​ឧកញ៉ា​ដែលមាន​បច្ចេកទេស​ចិញ្ចឹម ខណៈ​ប្រជាកសិករ​មិនទាន់មាន​បច្ចេកទេស​ក្នុង​ការចិញ្ចឹម​។ ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវតែមាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ដល់​ប្រជាកសិករ ដើម្បី​ជំរុញ​កំណើន​ការនាំ​ត្រី​ទៅកាន់​ទីផ្សារ​ពិភពលោក​ឱ្យបាន​កាន់តែច្រើន​៕ LA